Connect with us

សេដ្ឋកិច្ច

ការនាំចេញអង្ករកម្ពុជានៅតែងើបឡើង ទោះខ្វះទូកុងតឺន័រ និងការដឹកជញ្ជូនទៅទីផ្សារអឺរ៉ុបថ្លៃ

បានផុស

នៅ

ភ្នំពេញ៖ បើទោះបីជាស្ថានភាពនៃកង្វះទូកុងតឺន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារតម្រូវបានជំរុញឱ្យការនាំចេញអង្ករកម្ពុជាចាប់ផ្តើមដំណើរការ ជាពិសេសការបំពេញការនាំចេញលើកិច្ចសន្យា ដែលខកខាន ឬពន្យារពេលកន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការនាំចេញអង្ករក្នុងខែទី១ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមងើបឡើងបន្តិច ដោយសារសហព័ន្ធបានខិតខំដឹកជញ្ជូនអង្ករទៅកាន់ទីផ្សារជាច្រើក្នុងតំបន់អឺរ៉ុប ជាពិសេសការបំពេញការនាំចេញលើកិច្ចសន្យាដែលខកខាន ឬពន្យារពេលកន្លង​មក បើទោះបីថាស្ថានភាពនៃកង្វះទូកុងតឺន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អឺរ៉ុបនៅតែបន្តឡើងថ្លៃ ក៏ការនាំចេញអង្ករក្នុងខែកក្កដា ឆ្នាំ២០២១ នេះមានការងើបឡើងបន្តិច។ ជាក់ស្តែង កម្ពុជាបានការនាំចេញអង្ករបានចំនួន ២៩,៤១៥ តោន គិតជាទឹកប្រាក់ចំនួន ២១.១៨ លានដុល្លារ មានការកើនឡើងចំនួន ៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដាឆ្នាំ២០១៩។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន ៤៥ ភាគរយ អង្ករក្រអូបធម្មតា (សែនក្រអូប) ៣៥​ភាគរយ អង្ករ សរបាយទន់ ១៧​ភាគរយ ហើយអង្ករចំហុយបានចំនួន ៣ ភាគរយ។ អង្ករនាំចេញទាំងនោះចំនួន ៣៦.២១ ភាគរយ ទៅកាន់សហគមន៍អឺរ៉ុប ៣៦.១៣ ភាគរយ នាំទៅកាន់ប្រទេសចិន ៧.៨៨ភាគរយ ទៅកាន់ទីផ្សារសហគមន៍អាស៊ាន និង ១៩.៧៩ភាគរយ ទៅកាន់ទីផ្សារជ្សេងៗចំនួន២២គោលដៅ ដូចជា ហ្កាប៊ុង អូស្រ្តាលី អង់គ្លេស ញូហ្សេលេន…ជាដើម។

ការនាំចេញអង្កររបស់កម្ពុជានៅតែប្រឈមនឹងឧបសគ្គធំៗ ដែលទាមទារឱ្យមាននូវយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការឆ្លើយតបដើម្បីបង្កើតឱ្យមានការប្រកួតប្រជែង និងធានានូវនិរន្តរភាពក្នុងវិស័យនេះជាពិសេសនៅក្នុងបរិបទប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលកូវីដ-១៩។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ឧកញ៉ា សុង សារ៉ន បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ CRF កាលពីពេលថ្មីនោះថា នៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃ កូវីដ-១៩ បាន និងកំពុងរារាំងសមត្ថភាពនាំចេញអង្កររបស់កម្ពុជាដែលជំរុញឱ្យសមាជិក CRF ចាប់យកការអភិវឌ្ឍវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយជាងមុន ហើយជាពិសេសសហព័ន្ធនឹងបន្តពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីរកដំណោះស្រាយសម្រាប់សមាជិកនាំចេញដែលប្រឈមមុខនឹងបញ្ហាដែលកំពុងកើតមានដូចជាបញ្ហាថ្លៃដឹកជញ្ជូនតាមសមុទ្រនៅតែបន្តឡើងថ្លៃ កង្វះទូកុងតឺន័រ តម្លៃទីផ្សារអង្ករ (អង្ករក្រអូប) អន្តរជាតិបន្តធ្លាក់ចុះតម្លៃ ធាតុចូលឡើងថ្លៃ កង្វះទុនសម្រាប់ទិញស្រូវ ជាពិសេសរោងម៉ាស៊ីនដែលសល់ស្តុកចាស់។

សហព័ន្ធស្រូវអង្ករបានឱ្យដឹងទៀតថា សម្រាប់ការនំចេញស្រូវ ជាពិសេសស្រូវប្រាំងដែលបាន និងកំពុងប្រមូលផលក្នុងខែកក្កដានេះបានចំនួន ៣២៥,៤២៨ តោន គិតជាទឹកប្រាក់ចំនួនប្រមាណជាង ៧៨ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញស្រូវក្នុងខែកក្កដា ឆ្នាំ២០២១ នេះមានការកើនឡើងគួរឱ្យកត់សម្គាល់ទោះបី ជាមានការរាំងស្ទះខ្លះ ដោយសារវិធានការសុវត្តិភាពប្រឆាំងកូវីដ-១៩ នៅតាមព្រំដែនជាមួយប្រទេសវៀតណាម ត្រូវរឹតបណ្តឹងក៏ដោយ ប្រទេសកម្ពុជាបាន និងកំពុងប្រមូលផលស្រូវប្រាំងលើកជុំទី២  ចន្លោះខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ លើផ្ទៃដី ៥៦៣,៣៩៤ ហិចតា ហើយរំពឹងនឹងទទួលបានទិន្នផលប្រមាណ ២.៨២ លានតោន។

ជារួមការនាំចេញអង្ករសរុបក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១ នេះបានចំនួន ៣០៩,៨៦៥ តោន គិតជាទឹកប្រាក់ចំនួន ២២៣.៨៥ លានដុល្លារអាមេរិក ហើយការនាំចេញស្រូវបានចំនួនជាង ២,០០៨,២៤១ តោនគិតជាទឹកប្រាក់បានចំនួនជាង ៥០៣.០៩ លានដុល្លារសហរដ្ឋអាមេរិក។ ចំណូលដុលសម្រាប់វិស័យស្រូវអង្ករ កម្ពុជាបានពីការនាំចេញមានចំនួន ៧២៦.៩៤ លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម