Connect with us

ព័ត៌មានជាតិ

ខេត្តព្រះវិហារផលិតស្រូវសរីរាង្គស្ទើរ ១០០ភាគរយ សម្រាប់នាំចេញ

បានផុស

នៅ

ប្រជាកសិករក្នុងខេត្តព្រះវិហារ បានផលិតវត្ថុធាតុដើមស្រូវសរីរាង្គស្ទើរតែ ១០០% សម្រាប់ធ្វើការនាំចេញទៅទីផ្សារ​ក្រៅប្រទេស ដែលនេះ គឺជាការជួយដល់សេដ្ឋកិច្ចជាតិ និងជាមោទកភាពមួយ ដែលការងារទាំងនេះ​កើតឡើងចេញ​ពីយន្តការកិច្ចសន្យាកសិកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យ​កសិកម្មតាម​រយៈ ការលើកកម្ពស់ផលិតភាព និងពិពិធកម្មកសិកម្ម។ នេះបើតាមការលើកឡើងរបស់លោក ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ឧកញ៉ា ចាន់ សុឃាំង សហព័ន្ធស្រូវអង្ករតែងតែយកចិត្តទុកដាក់លើការធ្វើកិច្ចសន្យាកសិកម្ម ដោយយោង​តាមអនុសាសន៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួយជ្រោមជ្រែង និងស្វែងរក​ដំណោះ​ស្រាយនូវរាល់បញ្ហាផ្សេងៗ ដែលកើតមានឡើងដល់វិស័យកសិកម្ម។ ជាមួយគ្នានេះលោកតែងតែជួយជំរុញ និងគាំ​ទ្រឱ្យអ្នកទិញ និងអ្នកផលិតមាននូវកិច្ចសន្យាកសិកម្មនេះ។

ឧកញ៉ា ចាន់ សុឃាំង បានបង្ហាញអំពីការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ដែលជាក់ស្តែង ឆ្នាំ២០២២ កន្លងទៅ ប្រទេសកម្ពុជាបាននាំចេញអង្ករប្រមាណជាង ៦៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនជាង ៤១៤ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្ករសរីរាង្គចំនួនជិត ១១ ០០០ តោន ដែលប៉ាន់ប្រមាណជាទឹកប្រាក់មានចំនួនជិត ១៤លានដុល្លារសហរដ្ឋអាមេរិក និងការនាំចេញស្រូវប្រមាណជាជាង ៣ លានតោន ដែលគិតជាទឹកប្រាក់មានចំនួនជា ៨៤១ លានដុល្លារសហរដ្ឋអាមេរិក។

ដើម្បីជំរុញកំណើននៃការផលិតសម្រាប់ផ្គត់ផ្គង់ការនាំចេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមាជិក​សហព័ន្ធ​ស្រូវអង្ករកម្ពុជាចំនួន ២ ក្រុមហ៊ុន គឺក្រុមហ៊ុន អេមរ៉ុ រ៉ាយស៍ និងសាជីវកម្មកសិកម្មកម្ពុជា បានចុះកិច្ចសន្យាចំនួន ៣១ កិច្ចសន្យាជាមួយសហគមន៍ចំនួន  ៣១ ក្នុងការផ្គត់ផ្គង់ស្រូវសរីរាង្គចំនួន  ១៨ ៧៦០ តោន ដំឡូងមីសរីរាង្គចំនួន ២៥ ០០០ តោន និងសណ្តែកដីសរីរាង្គចំនួន ១០ តោន គិតជាទឹកប្រាក់សរុបមានចំនួនប្រមាណជា ១១លាន​ដុល្លារ​សហរដ្ឋអាមេរិក។ កិច្ចសន្យាកសិកម្មនេះរៀបចំឡើងក្នុងគោលបំណងថែរក្សាស្ថេរភាពទីផ្សារកសិកផលជូនកសិករ ជាពិសេសផ្នែកកសិកម្មសរីរាង្គនៅក្នុងខេត្តព្រះវិហារ ដែលឆ្នាំ២០២៣ ជាឆ្នាំទី៩ ហើយ ដែលក្រុមហ៊ុន អេមរ៉ុ រ៉ាយស៍ និង សាជីវកម្មកសិកម្មកម្ពុជា បានធ្វើឡើងជាមួយសហគមន៍នៅក្នុងខេត្តព្រះវិហារ។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេមរ៉ុ រ៉ាយស៍ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែជួយដល់វិស័យស្រូវអង្ករកម្ពុជា ជាពិសេសជួយពង្រីក​ហេដ្ឋារចនាសម្ព័ន្ធរោងម៉ាស៊ីនកិនស្រូវ តាមរយៈការជួយទម្លាក់ឥណទានដល់ការកសាងឃ្លាំង ឡសម្ងួត និងម៉ាស៊ីនកិនស្រូវ នាំឱ្យក្រុមហ៊ុនមានលទ្ធភាពទទួលធ្វើកិច្ចសន្យាកសិកម្ម ទិញពីបងប្អូនប្រជាសហគមន៍។

លោក គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានកោតសរសើរដល់ក្រុមហ៊ុនទាំងពីរ​ដែលបានធ្វើជា​ដៃគូយ៉ាង​ស្មោះស្មគ្រជាមួយសហគមន៍ក្នុងខេត្តព្រះវិហារដែលមានរយៈពេលជិត១ ទសវត្ស មកហើយ។ លោកអភិបាល​ខេត្ត ក៏បានស្នើឱ្យក្រុមហ៊ុនទាំងពីរ ពង្រីកការទិញបន្ថែមទៀតពីសហគមន៍ ស្របពេលដែលមានក្រុមហ៊ុនផ្សេងទៀត ជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាបាន និងកំពុងធ្វើកិច្ចសន្យាកសិកម្ម រួមមាន ក្រុមហ៊ុន  SIGNATURE OF AISA, GOLDEN RICE, IBIZ RICE, MONITA TRADING៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម