សេដ្ឋកិច្ច
រយៈពេល៧ខែ កម្ពុជាទទួលបានការវិនិយោគពីជប៉ុន ៣,១៤០ លានដុល្លារ
ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគសរុបចំនួន ២១១ គម្រោង ក្រោមទុនវិនិយោគសរុប ៣,១៤០លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកទី ២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី៣០ ខែសីហានេះ។
សេចក្តីប្រកាសព័ត៌មានបានបង្ហាញថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥ គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ២,៨០០ លានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៦គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០ លានដុល្លារអាមេរិក។
កិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូនេះ ដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅទីស្ដីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាមានចំនួនប្រមាណ ១៣០រូប។
ក្នុងឱកាសកិច្ចប្រជុំលើកទី២២នេះ ភាគីទាំងពីរបានបន្តពិភាក្សាលើរបៀបវារៈអាទិភាពមួយចំនួនរួមមាន ១. ប្រាក់ឈ្នួលគោលអប្បបរមា និងការទូទាត់ប្រាក់បំណាច់អតី តភាពការងារ ២. កាតព្វកិច្ចពន្ធដារ ៣. ឡូជីស្ទិក ៤. ការផ្គត់ផ្គង់ និងតម្លៃអគ្គិសនី ៥. ការនាំចូលរថយន្ត ៦. គម្រោងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធាន មនុស្ស និង៧. ការរៀបចំសិក្ខាសាលាស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធទិន្នន័យ ស្ដីពី សន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់។
លោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភ័ណ្ឌ ដែលបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការចង្អុលបង្ហាញនៃ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានេះដែរលោក សុខ ចិន្តាសោភា បានសម្ដែងនូវក្ដីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្ដើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង។
លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានសាទរ និងវាយតម្លៃខ្ពស់ ចំពោះចំណាត់ការយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ដែលកម្ពុជា គឺជាប្រទេសទី២ ក្នុងអាស៊ាន ដែលមានអត្រាប្រជាជនបានចាក់វ៉ាក់សាំងខ្ពស់ជាងគេ ហើយជាលទ្ធផលបានធ្វើឱ្យសភាពការណ៍នៃការរីករាលដាលស្ថិតក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។
ជាងនេះទៅទៀតលោកបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ ចំពោះបញ្ហាប្រឈម និងសំណូមពរ របស់វិនិយោគិនជប៉ុន ដែលប្រការនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំ និងផ្ដល់ភាពកក់ក្ដៅ ដល់វិនិយោគិនគ្រប់រូប៕
អត្ថបទ៖ ណារី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ