ព័ត៌មានជាតិ
ក្រសួងការងារគ្រោងចំណាយថវិកា៤៩៣លានដុល្លារសម្រាប់អភិវឌ្ឍន៍គ្រឹះវិស័យTVETនៅកម្ពុជា
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រោងចំណាយទឹកប្រាក់សរុប៤៩៣លានដុល្លារ សម្រាប់ផែនការមេអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)នៅកម្ពុជា។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាគម្រោងថវិកាទាំងនេះ គឺសម្រាប់អនុវត្តផែនការមេ ដែលមានរយៈពេល៥ឆ្នាំ (ឆ្នាំ២០២១-២០២៥ ) ។
លោក អ៊ិត សំហេង បានបញ្ជាក់ថា « ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុម័តនូវផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេល៥ឆ្នាំ (២០២១-២០២៥) ត្រូវបានរៀបចំឡើងដោយមានចំនួន៧ជំពូក យុទ្ធសាស្ត្រចំនួន៤ និងសកម្មភាពតាមយុទ្ធសាស្ត្រនីមួយៗ សរុបចំនួន២១»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា យុទ្ធសាស្ត្រចំនួន៤រួមមាន ទី១.ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់គ្រឹះស្ថាន។ ទី២.ការបំពាក់ឧបករណ៍បរិក្ខារ និងសម្ភារបណ្តុះបណ្តាល។ ទី៣. ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រង មន្ត្រីរាជការ និងគ្រូបច្ចេកទេស ទី៤. ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ផែនការរយៈពេល៥ឆ្នាំនេះ នឹងចំណាយថវិកាសរុបចំនួន៤៩៣,១០ លានដុលា្លរអាមេរិក ដោយចំណាយលើការសាងសង់អគារសិក្សាចំនួន៦២អគារ ដែលមានបន្ទប់ សិក្សាចំនួន១.១១៦បន្ទប់ ថវិកាចំនួន១០២,៣លានដុល្លារអាមេរិក។ សាងសង់អគារអន្តេវាសិកដ្ឋាន ចំនួន២៨អគារ ថវិកាសរុបចំនួន៥៤,៦លានដុល្លារអាមេរិក។ សាងសង់រោងជាងចំនួន២៤៨កន្លែង ថវិកាចំនួន ៤៩,៦លានដុល្លារអាមេរិក។ ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាលចំនួន
៩៨កញ្ចប់ ថវិកាសរុបចំនួន១៨៦លានដុល្លារអាមេរិក។ ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រងមន្ត្រីរាជការ និងគ្រូបច្ចេកទេស ថវិកាចំនួន២,២៥លានដុល្លារអាមេរិក។ ការបណ្តុះបណ្តាលសិស្សនិស្សិត ចំនួន៣៩២,៥០០នាក់ ថវិកាសរុបចំនួន៩៣,១លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រីបានថ្លែងកោតសសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋាន TVET រួមទាំងដៃគូរពាក់ព័ន្ធ ដែលបានរួមចំណែករៀបចំផែនការមេនេះ។
គួរបញ្ជាក់ថា ការរៀបចំផែនកាមេអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះគឺធ្វើឡើងដើម្បីឆ្លើយតបនឹងបញ្ហាខ្វះខាតដែលក្រសួងការងារកំពុងជួបប្រទះ។
លោករដ្ឋមន្ត្រីសង្ឃឹមថា «ផែនការមេនេះនឹងប្រែក្លាយមុខមាត់នៃគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈសាធារណៈក្រោមឱវាទក្រសួងឱ្យកាន់តែមានភាពទាក់ទាញក្នុងចំណោមយុវជនក៏ដូចជាសាធារណជន ក្នុងការចាប់យកជំនាញ ដើម្បីទទួលបានការងារសមរម្យ និងផលិតភាពខ្ពស់ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា»។
គួរបញ្ជាក់ថា បច្ចុប្បន្ន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមានចំនួន១០៨កន្លែងក្នុងនោះមាន៣៨កន្លែង ជាគ្រឹះស្ថានសាធារណៈ ៤៥កន្លែងជាគ្រឹះស្ថានឯកជន និង២៥កន្លែងទៀត ជាអង្គការ ឬសមាគម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល