Connect with us

សេដ្ឋកិច្ច

វិស័យកសិកម្ម​ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាបាននូវសន្តិសុខស្បៀងរបស់កម្ពុជាក្នុងគ្រានៃ​ការថមថយសេដ្ឋកិច្ចសកល

បានផុស

នៅ

ភ្នំពេញ៖ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានថ្លែងថា ភាពរឹងមាំនៃវិស័យកសិកម្មរបស់កម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុ្ងងការធានាបាននូវសន្តិសុខស្បៀង, បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ, និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ជា វុទ្ធី ធ្វើឡើងក្នុងកាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលលោកបានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងនៃតុវិនិយោគកសិ-ចំណីអាហារ (AFID) ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ​

លោកបានថ្លែងថា៖«​ភាពរឹងមាំនៃវិស័យកសិកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង, បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ, និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី​»។

លោកសង្ឃឹមថាក្រុមការងារបន្ដសហការគ្នាឱ្យបានជិតស្និទ្ធដើម្បីអនុវត្តភារកិច្ចដែលបានប្រគល់ជូនសំដៅរុញច្រានតុវិនិយោគកសិ-ចំណីអាហារឱ្យកាន់តែមានភាពសកម្មជាងមុន និងចូលរួមចំណែកដល់ការជួយពង្រឹង និងពង្រីកមូលដ្ឋានរបស់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់។

​AFID ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC II) ក្នុងគោលបំណងជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាពដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ, បង្កើតការងារមានតម្លៃបន្ថែមកាន់តែខ្ពស់, និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបជិត ៨.៥លានតោន ស្មើនឹងតម្លៃជិត ៤.៥ពាន់លានដុល្លារ ថយចុះ១.៩០%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម