សេដ្ឋកិច្ច
និយ័តករបរធនបាលកិច្ចផ្តល់អាជ្ញាបណ្ណជាផ្លូវការដល់ធនាគារប្រៃសណីយ៍
ភ្នំពេញ៖ធនាគារប្រៃសណីយ៍កម្ពុជាបានក្លាយជាធនាគារពាណិជ្ជទី១៧ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)ក្នុងការផ្តល់សេវារក្សាសុវត្ថិភាពឬសេវារក្សាទុក(Escrow Service) ក្នុងវិស័យបរធុនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្មនៅកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងពីនិយ័តករបរធនបាលកិច្ច បានជូនដំណឹងដល់បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ថា ធនាគារប្រៃសណីយ៍កម្ពុជាទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ចជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាពឬសេវារក្សាទុក(Escrow Service) ក្នុងវិស័យបរធុនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

«បរធនបាលទាយកឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវារក្សាទុកសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម អាចទំនាក់ទំនងទៅកាន់ធនាគារប្រៃសណីយ៍កម្ពុជា»។ នេះបើយោងតាមសេចក្តីជូនដំណឹងនេះ។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា ដោយមើលឃើញអំពីកំណើននៃតម្រូវការរបស់អតិថិជនលើសេវាបរធនបាលកិច្ចនេះ ទើបធនាគាររបស់លោកបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនេះ។

លោកបានថ្លែងថា៖«កាលពីមុនយើងមិនចង់ស្នើសុំអាជ្ញាបណ្ណនេះទេ ប៉ុន្តែបច្ចុប្បន្ននេះយើងទទួលបានការសួរនាំច្រើនអំពីសេវាកម្មនេះ ដោយសារតែអតិថិជនមានទំនុកចិត្តរវាងគ្នានិងគ្នានៅពេលដែលគេទិញអចលនទ្រព្យដូច្នេះធនាគារដែលមានអាជ្ញាបណ្ណនេះដើរតួជាអ្នកធានា»។
លោកសុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ធ្លាប់បានលើកឡើងក្នុងសិក្ខាសាលាមួយកន្លងមកថា វិស័យនេះ បាននិងកំពុងចូលរួមអភិវឌ្ឍដំណើរការសេដ្ឋកិច្ចកម្ពុជា លើបីចំណុចសំខាន់ៗ ទី១ បង្កើត និងបង្កើន ក៏ដូចជាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ ពិសេសវិនិយោគិនបរទេស, ទី២ យន្តការរបស់បរធនបាលកិច្ច ជាយន្តការតាមដានត្រួតពិនិត្យអនុលោមភាពតាមច្បាប់ ក៏ដូចជាបញ្ចៀសហានិភ័យប្រតិបត្តិការលំហូរមូលធនពីវិស័យពាក់ព័ន្ធនានា, និងទី៣ យន្តការនេះ មានភាពទន់ភ្លន់ បទបែន និងមានប្រសិទ្ធភាពអនុវត្ត ដែលអាចអនុញ្ញាតឱ្យវិនិយោគិនបរទេសមានការជ្រើសរើសប្រកបដោយទំនុកចិត្ត។
លោក សុខ ដារ៉ា មានសុទិដ្ឋិនិយមថា វិស័យបរធនបាលកិច្ច មានអត្រាកំណើនខ្ពស់ និងបានកើនឡើងក្នុងរយៈពេលដ៏ខ្លី។ លោក លើកឡើងថា កត្តាដែលជួយឱ្យវិស័យបរធនបាលកិច្ចរីកចម្រើនលឿនក្នុងរយៈពេលដ៏ខ្លី រួមមាន កត្តាស្ថានភាពកម្ពុជាទាំងមូល មានសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងទំនុកចិត្តពីបរទេស ។

សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បរធនបាលកិច្ចនេះ ជាវិស័យមួយដែលជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញនូវមូលនិធិសង្គមនានា និងលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


