ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជិត៥២៨លានដុល្លារពីការនាំចេញសំបកកង់រថយន្តក្នុងរយៈពេល៨ខែ
កម្ពុជារកចំណូលបានជិត ៥២៨ លានដុល្លារពីការនាំចេញសំបកកង់រថយន្តក្នុងរយៈពេល៨ខែមកកើនឡើងជាង១៧៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់តែជាង១៩៣លានដុល្លារប៉ុណ្ណោះ ស្របពេលដែលមន្រ្តីនិងអ្នកជំនាញអះអាងថាកំណើននេះឆ្លុះបញ្ចាំងពីការធ្វើពិពិធកម្មនៃផលិតនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ចាប់ពីខែមករាដល់ដំណាច់ខែសីហានៃឆ្នាំ២០២៤នេះ ការនាំចេញសំបកកង់រថយន្តកម្ពុជា គឺមានតម្លៃជិត ៥២៨លានដុល្លារកើនឡើងពីជាង១៩៣ លានរយៈពេលដូចគ្នានកាលពីឆ្នាំ២០២៣ ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យស្រួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ការនាំចេញសំបកកង់រថយន្តគឺជាផលិតផលថ្មីមួយរបស់កម្ពុជា ដែលការណ៍នេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងពង្រីការនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
លោកបានថ្លែងថា៖«ការបើកទីផ្សារថ្មីសម្រាប់ផលិតផលសំបកកង់រថយន្ត គឺជាការបោះជំហានមួយរបស់យើងក្នុងការពង្រីកការនាំចេញ ខណៈដែរឧស្សាហកម្មផលិតសំបកកង់រថយន្តគឺជាឧស្សាហកម្មថ្មីមួយរបស់ប្រទេសកម្ពុជាយើង»។

លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានប្រាប់កន្លងមកថា នាយកក្រុមហ៊ុននាំចេញកៅស៊ូ Sopheak Nika Investment Agro-Industrial Plants Co., Ltd ជាមួយការចាប់ផ្ដើមដំណើរការឡើងវិញនៃរោងចក្រផលិតសម្បកកង់រថយន្តនៅខេត្តព្រះសីហនុ ខេត្តក្រចេះ និងស្វាយរៀង នឹងជួយស្រូបយកជ័រកៅស៊ូក្នុងស្រុកនាពេលអនាគត។
លោក ម៉ែន សុភក្ដិ បានឱ្យដឹងថា វត្តមានរោងចក្រផលិតសម្បកកង់ដែលមានស្រាប់នៅកម្ពុជានឹងជួយដល់ឧស្សាហកម្មកៅស៊ូនៅកម្ពុជា។
លោកបន្ថែមថា នៅពេលដែលជ័រកៅស៊ូក្នុងស្រុកអាចផ្គត់ផ្គង់បាន វានឹងជួយរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយពេលវេលាដឹកជញ្ជូន និងថ្លៃដើមការដឹកជញ្ជូនទៅលក់នៅក្រៅប្រទេសផងដែរ។

កាលពីខែសីហា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តចំនួន ២ ដែលមានទុនវិនិយោគប្រមាណជាង ៦៨៦ លានដុល្លារអាមេរិក ដែលជាឧស្សាហកម្មថ្មីដែលកំពុងតែទទួលការវិនិយោគជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គម្រោងវិនិយោគរោងចក្រផលិតសំបកកង់រថយន្តទាំងពីរ ទី១ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ក្នុងខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៤៣០ លានដុល្លារ និងអាចបង្កើតការងារបាន ២.០០០ កន្លែង និងទី ២ គម្រោងវិនិយោគបង្កើតរោងចក្រ សំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត មានទុនវិនិយោគ ២៥៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០ កន្លែង។
បច្ចុប្បន្ននេះ នៅកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន ៣ ដូចជា ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Cart Tire Co Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត នៃខេត្តស្វាយរៀង និងក្រុមហ៊ុនផលិតសំបកកង់ធំទីបីគឺ Qingdao Doublestar Group មានទីតាំងនៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Ltd៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


