ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង ៩៥ លានដុល្លារពីការនាំចេញផ្លែចេកក្នុងរយៈពេល៨ខែដើមឆ្នាំ
ការអូសបន្លាយពេលនៃបញ្ហាប្រែប្រួលអាកាសធាតុកាលពីប៉ុន្មានខែដើមឆ្នាំបានធ្វើឱ្យប៉ះពាល់ទៅដល់ទិន្នផលកសិកម្ម រួមទាំងដំណាំចេក ដែលធ្វើឱ្យការនាំចេញផ្លែចេករបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសបន្តធ្លាក់ចុះជិត។ ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ដែលសម្រេចទឹកប្រាក់ចំនួន ៩៥,៥៤លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ដែលមានទឹកប្រាក់ចំនួន ១២២,៤០លានដុល្លារ ដោយធ្លាក់ចុះជិត២២ភាគរយ។

លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខាលឈ័រ បានឱ្យដឹងកន្លងមកថា ការធ្លាក់ចុះនៃបរិមាណនាំចេញចេកក្នុងប៉ុន្មានខែដើមឆ្នាំ២០២៤នេះ មិនមែនដោយសារតែតម្រូវការទីផ្សារទេ តែបញ្ហានេះកើតឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ។
លោកថា ការនាំចេញចេកធ្លាក់ចុះនេះគឺមិនត្រឹមតែក្រុមហ៊ុនរបស់លោកប៉ុណ្ណោះទេ ក្រុមហ៊ុនដទៃទៀតបាននាំចេញចេកទៅកាន់ប្រទេសចិនក៏ថយចុះ ដែលបញ្ហានេះកើតឡើងដោយសារតែទិន្នផលដែលប្រមូលក្នុងប៉ុន្មានខែដើមឆ្នាំនេះមានការថយចុះ។
លោកបាននិយាយដូច្នេះថា៖«តម្រូវការទីផ្សារនៅតែមាន ហើយតម្លៃវិញក៏មិនមានបញ្ហាដែរ តែទិន្នផលវិញថយចុះដោយសារតែកត្តាអាកាសធាតុ និងបញ្ហាបច្ចេកទេស ជាពិសេសចម្ការធំៗ រងឥទ្ធិពលច្រើនពីបញ្ហានេះ។ »។
លោក ហ៊ុន ឡាក់ បានបន្ថែមថា នៅពេលដែលមានការប្រែប្រួលអាកាសធាតុ ជាពិសេសការរងផលប៉ះពាល់ពីបាតុភូតអែលនីណូ (គ្រោះរាំងស្ងួតអូសបន្លាយ) ដែលនាំឱ្យដីសំណើម ដោយសារខ្វះទឹក កើតសត្វល្អិតចង្រៃច្រើនធ្វើឱ្យការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតមិនសូវមានប្រសិទ្ធភាព។

លោកបានបន្តថា ចេកអំបូងលឿង ដែលកម្ពុជា បាននិងកំពុងនាំចេញ ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ ជាពូជចេកម្យ៉ាង ដែលមានលក្ខណពិសេសជាងចេកដទៃទៀត ដោយចេកប្រភេទនេះ មានរសជាតិឆ្ងាញ់ជាងចេកដទៃទៀត ហើយមិនអាចទុកទុំនៅលើដើមបានទេ តម្រូវឱ្យបេះពេលនៅខៀវចាស់ និងអាចដឹកជញ្ជូនបានឆ្ងាយ ព្រោះអាចទុកបានរហូតដល់ជិត២ខែឯណោះ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកញ្ញា អ៊ឹម រចនា ក៏ធ្លាប់បានលើកឡើងដែរថា ចេកស្រស់របស់កម្ពុជាប្រមាណជាង៩០ភាគរយ រួមទាំងដំណាំសក្តានុពលរបស់កម្ពុជាមួយចំនួន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដំណាំកសិកម្មដទៃទៀត ចិននិងកម្ពុជា បន្តពិភាក្សាក្នុងនាំចេញបន្ថែម។

កញ្ញាបានបញ្ជាក់ថា ៖ «ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជាយើង មិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករ ដំឡូងមី ស្វាយ ជាដើមទៀតផង។ ការនាំចេញផ្លែចេក និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា»។
កាលពីឆ្នាំ២០២៣ ចេកស្រស់ប្រមាណជា ២៩ ម៉ឺនតោន ត្រូវបាននាំចេញទៅក្រៅប្រទេសដោយមានការធ្លាក់ចុះប្រមាណជាង ២១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងកសិកម្មថា កម្ពុជាមានផ្ទៃដីដាំដុះចេក ប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា នៅក្នុងឆ្នាំ២០២២ និងអាចមានការកើនឡើងតិចតួច ក្នុងឆ្នាំ២០២៣ កន្លងមកនេះ ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម កំពង់ស្ពឺជាដើម៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


