ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូ៖ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលកើនឡើង ជុំវិញពន្ធ
លទ្ធផលស្ទង់មតិរបស់ទីភ្នាក់ងាសារព័ត៌មានរ៉យទ័រ បានបង្ហាញថា អ្នកសេដ្ឋវិទូភាគច្រើនយល់ថា ហានិភ័យគឺខ្ពស់ ដែលសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្វើឱ្យទំនុកចិត្តអាជីវកម្មធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការស្ទង់មតិរបស់រ៉យទ័រ ធ្វើឡើងលើក្រុមសេដ្ឋវិទូជាង ៣០០ នាក់មកពី ៥០ ប្រទេស ចន្លោះពីថ្ងៃទី ១-២៨ មេសា។ ហើយកាលពី៣ខែមុន ក្រុមនេះបានរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុងកំណើនរឹងមាំ និងមានស្ថិរភាព។
នៅពេលសួរអំពីហានិភ័យនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ៦០ ភាគរយនៃសេដ្ឋវិទូ (សេដ្ឋវិទូ ១០១/១៦៧ នាក់) បាននិយាយថា វាមានកម្រិតខ្ពស់ ឬខ្ពស់ណាស់។ ៦៦ នាក់ និយាយថា វាមានហានិភ័យទាប និង ៤ នាក់ និយាយថា វាទាបខ្លាំងណាស់។ សេដ្ឋវិទូមើលឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន វាពិបាកក្នុងការមានសុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ច។
គោលនយោបាយពន្ធរបស់ ត្រាំ បានផ្លាស់ប្ដូរខ្សែច្រវ៉ាក់ពាណិជ្ជកម្មសកល ដោយដាក់ពន្ធស្ទើរគ្រប់មុខទំនិញនាំចូលទាំងអស់ ដែលបង្កការប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ បាត់បង់តម្លៃទីផ្សារភាគហ៊ុនរាប់ពាន់លានដុល្លា និងធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់អ្នកវិនិយោគលើទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក។
លោក ត្រាំ បានដាក់ពន្ធគយបដិការចន្លោះពី ១០-៥០ ភាគរយ លើប្រទេសផ្សេងៗក្នុងអត្រារៀងៗខ្លួន ជុំវិញពិភពលោក នៅដើមខែមេសា មុនពេលផ្អាកវាជាបណ្ដោះអាសន្នសិន រហូតដល់ខែកក្កដា។ ចំពោះចិន លោកបានដាក់ពន្ធជាបន្តបន្ទាប់រហូតដល់ ១៤៥ ភាគរយ ហើយចិនឆ្លើយតបវិញ ដោយដាក់ពន្ធ ១២៥ ភាគរយ លើទំនិញអាមេរិក។
លោក James Rossiter ប្រធានយុទ្ធសាស្រ្តម៉ាក្រូសកលនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ TD Securities បាននិយាយថា៖ «វាពិបាករួចទៅហើយសម្រាប់ឱ្យក្រុមហ៊ុនគិតគូរពីខែកក្កដា ពីព្រោះពួកគេមិនដឹងថាតើពន្ធគយបដិការនឹងទៅជាយ៉ាងណានោះទេ»។ លោកបន្តថា កុំថាឡើយការធ្វើផែនការសម្រាប់ឆ្នាំក្រោយ ផែនការ ៥ ឆ្នាំទៅមុខទៀត គឺកាន់តែពិបាក។

កន្លងមក ដោយសារតែភាពមិនច្បាស់លាស់ទាំងអស់នេះ និងពន្ធខ្ពស់ខ្លាំង អាជីវកម្មសកលជាច្រើនបានកាត់បន្ថយ ឬដកការព្យាករស្ដីពីប្រាក់ចំណូលរបស់ពួកគេ។
បើតាមលទ្ធផលនៃការស្ទង់មតិ គ្មានសេដ្ឋវិទូណាមួយជឿថា វិធានការពន្ធគយមានភាពវិជ្ជមានលើទំនុកចិត្តអាជីវកម្មនោះទេ ដោយ ៩២ ភាគរយ នៃពួកគេលើកឡើងពីភាពអវិជ្ជមាន និង ៨ ភាគរយ លើកឡើងពីតុល្យភាព ដែលភាគច្រើនមកពីឥណ្ឌា និងបណ្ដាប្រទេសមានទីផ្សារកំពុងរីកចម្រើនផ្សេងទៀត។
សេដ្ឋវិទូ ៣/៤ បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៥ របស់ខ្លួន ជាមធ្យមមកត្រឹម ២,៧ ភាគរយ ធៀបនឹងការព្យាករ ៣ ភាគរយ នៅខែមករា។ ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាកររបស់ខ្លួនដូចគ្នាមកនៅត្រឹម ២,៨ ភាគរយ៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


