ព័ត៌មានអន្ដរជាតិ
តើសេដ្ឋកិច្ចប្រទេសណាខ្លះរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីសង្រ្គាមប្រឆាំងអ៊ីរ៉ង់?
ការអូសបន្លាយនៃសង្រ្គាមរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបង្កហានិភ័យនៃវិបត្តិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម្រាប់ការផ្គត់ផ្គង់ថាមពលអន្តរជាតិ ហើយយូរ ឬឆាប់ វានឹងប៉ះពាល់គ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប៉ុន្តែអ្វីដែលសំខាន់នោះគេថា សេដ្ឋកិច្ចរបស់បណ្ដាប្រទេស ឬប្លុកមួយចំនួនជុំវិញពិភពលោក បានឃើញពីផលប៉ះពាល់ជាក់ស្ដែងជាបណ្ដើរៗរួចទៅហើយ ដោយប្រទេសមួយចំនួនអាចប៉ះពាល់ខ្លាំង ឬពិបាកនឹងដោះស្រាយ ចំពេលដែលការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរបស់មជ្ឈិមបូព៌ា ដែលភាគច្រើនដឹកកាត់តាមច្រកហ័រមូហ្ស បានធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យតម្លៃថាមពលសកលហក់ឡើងត្រដែត។
រ៉យទ័របានផ្សាយថា បណ្ដាប្លុក/ប្រទេសទាំងនេះ អាចរងផលពិបាកសេដ្ឋកិច្ចខ្លាំងជាងគេពីជម្លោះនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន៖
១. ប្រទេសអ្នកមានទាំង ៧ (G7)៖
ការប្រឈមមុខនឹងវិបត្តិថាមពលភ្លាមៗ គឺបញ្ហាដែលអឺរ៉ុបទើបជួបរួចកាលពីប៉ុន្មានឆ្នាំមុន ក្រោយរុស្ស៊ីបើកការឈ្លានពានប្រឆាំងអ៊ុយក្រែន ដែលធ្វើឱ្យតំបន់ពឹងផ្អែកខ្លាំងនឹងការនាំចូលថាមពលពីរុស្ស៊ីមួយនេះ ត្រូវប្រឈមមុខនឹងការហក់ឡើងនៃអតិផរណាដល់២ខ្ទង់។

ជាថ្មីម្ដងទៀត ជម្លោះនៅមជ្ឈិមបូព៌ាកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់សមាជិក G7 នៅអឺរ៉ុបប្រឈមនឹងវិបត្តិដូចប៉ុន្មានឆ្នាំមុន។
សេដ្ឋកិច្ចអាល្លឺម៉ង់ ដែលពឹងផ្អែកខ្លាំងលើឧស្សាហកម្ម ប្រឈមនឹងការខាតបង់ច្រើនជាងមុនពីកំណើនតម្លៃថាមពល ហើយក្នុងនាមជាប្រទេសនាំចេញ អាល្លឺម៉ង់ក៏ត្រូវប៉ះពាល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចសកល។
ស្រដៀងនឹងអាល្លឺម៉ង់ដែរ អ៊ីតាលីមានវិស័យផលិតកម្មដ៏ធំ ដែលត្រូវការថាមពលដើម្បីដំណើរការ ហើយមែនទែនទៅ ប្រទេសនេះពឹងផ្អែកខ្លាំងលើការប្រើប្រាស់ប្រេង និងឧស្ម័នជាថាមពល ធៀបនឹងប្រទេសផ្សេងៗទៀតនៅអឺរ៉ុប។
ដោយឡែកចក្រភពអង់គ្លេសវិញ ការផលិតអគ្គិសនីរបស់ប្រទេសនេះត្រូវពឹងផ្អែកលើថាមពលដែលដំណើរការដោយឧស្ម័ន ច្រើនជាងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀតនៅអឺរ៉ុប។ ជាទូទៅ តម្លៃឧស្ម័នស្ទើរតែអាចកំណត់តម្លៃអគ្គិសនីទាំងមូល ជាហេតុធ្វើឱ្យចក្រភពអង់គ្លេសងាយរងគ្រោះទៅនឹងការហក់ឡើងនៃតម្លៃឧស្ម័នដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ការកំណត់តម្លៃថាមពល អាចកាត់បន្ថយហានិភ័យអតិផរណាភ្លាមៗ ប៉ុន្តែវាអាចនាំឱ្យមានអត្រាការប្រាក់ខ្ពស់ ដែលប៉ះពាល់ដល់ការវិនិយោគ និងការចំណាយផ្សេងៗ ខណៈប្រទេសនេះប្រឈមនឹងកំណើនអត្រាគ្មានការងាររួចហើយ។ ភាពតឹងតែងនៃថវិកា និងសម្ពាធពីទីផ្សារហិរញ្ញវត្ថុ អាចកម្រិតពីរបៀបដែលរដ្ឋាភិបាលអង់គ្លេសអាចបញ្ចេញគោលនយោបាយគាំទ្រអាជីវកម្ម ឬគ្រួសាររបស់ពលរដ្ឋ។
មិនខុសពីសមាជិក G7 នៅអឺរ៉ុបទេ ជប៉ុន ដែលជាសមាជិកនៅអាស៊ីវិញក៏ដូចគ្នា។ ប្រទេសនេះ នាំចូលប្រេង ៩០% របស់ខ្លួនពីមជ្ឈិមបូព៌ា ហើយជិត ៩០% ក្នុងនោះ ត្រូវដឹកជញ្ជូនកាត់តាមច្រកហ័រមូហ្ស។ ជាមួយនឹងកម្សោយនៃប្រាក់យ៉េន និងការពឹងផ្អែកខ្លាំងលើវត្ថុធាតុដើមនាំចូល ជម្លោះមជ្ឈិមបូព៌ាអាចជំរុញសម្ពាធអតិផរណាដែលមានស្រាប់ ឱ្យកាន់តែខ្ពស់បន្ថែមទៀត។
២. ប្រទេសមានទីផ្សារកំពុងរីកចម្រើន
តំបន់ឈូងសមុទ្រពែរ្ស ដែលផ្ដុំដោយប្រទេសមានទីផ្សារកំពុងរីកចម្រើនខ្លួនឯង គឺជៀសមិនរួចពីផលប៉ះពាល់នៃសេដ្ឋកិច្ចដោយផ្ទាល់ពីជម្លោះនៅមជ្ឈិមបូព៌ានោះទេ។ ចំពេលដែលជម្លោះបង្កការរាំងស្ទះផ្សេងៗ រួមទាំងការនាំចេញប្រេង និងឧស្ម័ន ក៏ដូចជាផលខូចខាតពីការវាយប្រហាររបស់អ៊ីរ៉ង់ សេដ្ឋកិច្ចរបស់បណ្ដាប្រទេសឈូងសមុទ្រពែរ្ស ត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ដោយផ្ទុយគ្នាទៅនឹងការព្យាករមុនសង្រ្គាមផ្ទុះឡើងថាសេដ្ឋកិច្ចរបស់តំបន់នឹងទទួលបានកំណើនដ៏រឹងមាំ។

អាស៊ីអាគ្នេយ៍ ដែលជាតំបន់ប្រមូលផ្ដុំដោយប្រទេសមានទីផ្សារកំពុងរីកចម្រើនធំៗដូចជាវៀតណាម ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និងហ្វីលីពីន ជាដើមនោះ ក៏ត្រូវប្រឈមមុខនឹងការហក់ឡើងនៃតម្លៃថាមពល ក៏ដូចជាហានិភ័យនៃកង្វះការផ្គត់ផ្កង់ ដោយសារតែតំបន់នេះពឹងផ្អែកខ្លាំងពេកលើថាមពលពីមជ្ឈិមបូព៌ា។ បណ្ដាប្រទេសមួយចំនួនក្នុងតំបន់ចាប់ផ្ដើមរឹតត្បឹតការនាំចេញប្រេង ខណៈម៉ាឡេស៊ី និងសិង្ហបុរីកាត់បន្ថយផលិតកម្មចម្រាញ់ប្រេងដោយសារតែខ្វះខាត។ កង្វល់នៃកង្វះការផ្គត់ផ្គង់ ធ្វើឱ្យរង្គុះរង្គើទូទាំងតំបន់ ដោយប្រទេសមួយចំនួនបានកាត់បន្ថយចំនួនថ្ងៃធ្វើការនៅនឹងកន្លែង ទម្លាក់ពន្ធនាំចូលប្រេង និងងាកទៅរកប្រភពផ្គត់ផ្កង់លើសពីទីផ្សារប្រពៃណី។ ជម្លោះនៅមជ្ឈិមបូព៌ា កំពុងបង្កក្ដីបារម្ភផ្នែកផលិតកម្ម និងការនាំចេញរបស់តំបន់ ដែលជាស្នូលនៃកំណើនសេដ្ឋកិច្ច។
ដោយឡែក ឥណ្ឌា ដែលជាប្រទេសមានទីផ្សារកំពុងរីកចម្រើនដ៏ធំមួយទៀត ក៏ប្រឈមមុខនឹងកំណើនតម្លៃថាមពលផងដែរ ដោយសារប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោកមួយនេះ ដោយសារតែការពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័ន ដែលមួយចំណែកធំក្នុងនាំនោះ ត្រូវបានដឹកចេញពីមជ្ឈិមបូព៌ាកាត់តាមច្រកហ័រមូហ្ស។ កំណើនសេដ្ឋកិច្ចឥណ្ឌាកំពុងដើរយឺត ហើយប្រាក់រ៊ូពីឥណ្ឌាក៏ខ្សោយ ចំពេលដែលតម្លៃឧស្ម័នខ្ពស់បង្ខំឱ្យភោជនីយដ្ឋានក្នុងស្រុកជាច្រើនដកមុខម្ហូប ឬភេសជ្ជៈក្ដៅមួយចំនួនចេញពីបញ្ជីមុខទំនិញរបស់ពួកគេ។
៣. ផ្សេងៗ៖
ប្រទេសមួយចំនួនងាយរងគ្រោះពីផលប៉ះពាល់នៃជម្លោះ ព្រោះទើបតែងើបពីវិបត្តិសេដ្ឋកិច្ចថ្មីៗនេះ៖
- ស្រីលង្កា កំពុងកំណត់ការប្រើប្រាស់ថាមពលជាមួយនឹងការដាក់ថ្ងៃពុធ ជាថ្ងៃឈប់សម្រាកសាធារណៈ ការបិទសាលារៀន និងកំណត់បរិមាណនៃការទិញប្រេងឥន្ធនៈរបស់ពលរដ្ឋ។
- ប៉ាគីស្ថាន បានដំឡើងថ្លៃប្រេងឥន្ធនៈ បិទសាលារៀន និងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងយានយន្តរបស់រដ្ឋាភិបាល។
- អេហ្ស៊ីប ប្រឈមមុខនឹងថ្លៃប្រេងឥន្ធនៈ និងអាហារកើនឡើង ការធ្លាក់ចុះនៃចំណូលពីទេសចរណ៍ និងប្រឡាយស៊ុយអេ និងកម្សោយរូបិយប័ណ្ណ ដែលធ្វើឱ្យប្រទេសនេះប្រឈមនឹងកង្វះលទ្ធភាពសងបំណុល៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


