Connect with us

សេដ្ឋកិច្ច

តម្លៃមាសបានហក់ឡើងវិញមួយតម្លឹងជាង ៤ ពាន់ដុល្លារ

បានផុស

នៅ

តម្លៃហាងឆេងមាសបានស្ទុះឡើងវិញបន្តិចម្ដងៗ ដល់ជាង ៤ ពាន់ដុល្លារក្នុងមួយតម្លឹង បន្ទាប់ពី​ធ្លាក់​ចុះ​ដល់ជាង ៣៨០០ ក្នុងមួយតម្លឹង កាលពីដើមខែឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បានឱ្យដឹងថា មានកត្តាមួយចំនួនបានធ្វើឱ្យហាងឆេងមាសស្ទុះឡើងវិញ គឺពាក់ព័ន្ធនឹងវិនិយោគិនធំៗ ព្រមទាំងធនាគារឯកជនមួយចំនួន ខណៈសន្ទុះនៃការបញ្ជាទិញបានកើនឡើងទ្វេដង ដូច្នេះតម្លៃមាសនឹងកើនឡើងបន្ថែមទៀត។

លោក ឡុង សំណាង យល់ថា៖ «បន្ទាប់ពីគេមើលឃើញព័ត៌មានមួយដែលសហរដ្ឋអាមេរិក និងប្រទេសចិនបានចរចាគ្នាក្នុងការទម្លាក់ពន្ធបានយ៉ាងល្អប្រសើរ អញ្ចឹងគេមើលឃើញថា សហរដ្ឋអាមេរិកនឹងទម្លាក់ពន្ធដើម្បីបន្ធូរបន្ថយអត្រាអតិផរណារបស់ខ្លួនឯកដែលកើតនៅអាមេរិក ដែលថ្លៃទំនិញកើនឡើងទ្វេដង ដែលជាកត្តាមួយធ្វើឱ្យធនាគារកណ្ដាលមិនអាចដំឡើងអត្រាការប្រាក់​​បានទេ ខណៈគោលដៅរបស់លោក ត្រាំ គាត់ចង់ទម្លាក់អត្រាការប្រាក់ បើចង់ទម្លាក់អត្រាការប្រាក់លុះត្រាតែអតិផរណាហ្នឹងថមថយ ឬនៅក្នុងកម្រិត ២% តាមផែនការធនាគារកណ្ដាល ដូច្នេះ មានតែបន្ធូរបន្ថយពន្ធសិន ដើម្បីឱ្យថ្លៃទំនិញនៅអាមេរិកស្ថិតក្នុងគោលដៅរបស់ធនាគារកណ្ដាលទើបទម្លាក់អត្រាការប្រាក់បាន»។

បើតាមលោក ឡុង សំណាង ត្រង់ចំណុចនេះ វិនិយោគិនជាច្រើន គេមើលឃើញថា ធនាគារអាមេរិកនឹងកាត់អត្រាការប្រាក់ពី ៤.៥០ មក ៤.២៥  ហើយរុញច្រានឱ្យមាសកើនឡើង ដោយសារប្រាក់ដុល្លារធ្លាក់ចុះ។

គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ២២ ខែឧសភា មាសជួញដូរក្នុងតម្លៃ ៤០២០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៤ ដុល្លារ ក្នុងមួយជី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម