Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យលក់រាយថៃជួបការលំបាក ​ពេល​បិទព្រំដែន តម្លៃកសិផលទាប និងទឹកជំនន់

បានផុស

នៅ

សមាគមពាណិជ្ជកម្មលក់ដុំ និងរាយថៃ បាន​សម្ដែងការព្រួយបារម្ភថា វិស័យលក់រាយរបស់ថៃកំពុងប្រឈមមុខនឹង​ការលំបាក​ដោយសារតែបញ្ហាពាក់ព័ន្ធនឹង​ភាពតានតឹងព្រំដែនជាមួយ​កម្ពុជា តម្លៃទំនិញកសិកម្មទាប និងទឹកជំនន់ ខណៈវិបត្តិនយោបាយក្នុងស្រុក​ កាន់តែបង្កភាព​ស្មុគស្មាញ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីប្រឹក្សាកិត្តិយសនៃសមាគម លោក Somchai Pornrattanacharoen បាននិយាយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ​បាន​បរាជ័យក្នុងការដោះស្រាយបញ្ហាជាមូលដ្ឋាន ជាពិសេសកង្វះការប្រកួតប្រជែងក្នុងចំណោមសហគ្រាសខ្នាតតូច។ លោក Somchai បាន​លើកឡើងថា វាជាបញ្ហារចនាសម្ព័ន្ធចាក់ឫសយ៉ាងជ្រៅ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យលក់រាយ​។

ខណៈ​ក្រុមហ៊ុនពហុវិស័យធំ ៗ ទទួលបានអត្ថប្រយោជន៍ពីបណ្តាញមូលធនច្រើន អាជីវកម្មខ្នាតតូចឯណោះវិញ នៅតែបន្ត​ការលំបាក។ លោក Somchai បានជំរុញឱ្យរដ្ឋាភិបាលគាំទ្រសហគ្រាសខ្នាតតូចទាំង​នោះ ដោយការបន្ធូរបន្ថយ​ការ​រឹតបន្តឹងច្បាប់ផ្សេងៗ ផ្តល់ការលើកទឹកចិត្តផ្នែក​ពន្ធ និងបង្កើតយន្តការ ដើម្បីបង្កើនការប្រកួតប្រជែង​ថ្នាក់ជាតិ។

ប៉ុន្តែបញ្ហា​មួយដ៏ចោទនាពេលបច្ចុប្បន្ននោះ គឺការបិទព្រំដែន​ជាមួយ​កម្ពុជា ចាប់តាំងពីខែមិថុនា ដែល​ធ្វើឱ្យ​ពាណិជ្ជកម្ម​តាមព្រំដែនធ្លាក់ចុះស្ទើរទាំងស្រុង ខណៈពលរដ្ឋកម្ពុជាដែលធ្វើដំណើរទៅប្រទេសថៃ ក៏រួមចំណែកការវិស័យលក់រាយ​។

លើសពីនេះ ភាពតានតឹងព្រំដែន ក៏​បាន​ជះឥទ្ធិពល​ដល់​ទីផ្សារ​ការងារ​ផង​ដែរ​។ លោក Somchai បានគូសបញ្ជាក់ថា ពលករចំណាកស្រុកកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីលក់រាយ និងលក់ដុំ​ថៃ បាន​ធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំ។ លោកបន្តថា ​កម្មករកម្ពុជារក​ចំណូលក្នុងស្រុកថៃ ហើយចំណាយប្រាក់នៅក្នុងស្រុកថៃផ្ទាល់ ហើយការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចលក់រាយ​។

​ក្រៅពីនោះ ថៃនៅតែបន្តទទួលរងនូវការធ្លាក់ចុះនៃតម្លៃកសិផល ដែលកំពុងតែកាត់បន្ថយអំណាចទិញរបស់សហគមន៍ជនបទ។ ជាឧទាហរណ៍ ពេលនេះ ផ្លែ​មាន​មានតម្លៃត្រឹមតែ ៥បាត/គីឡូក្រាម ប៉ុណ្ណោះ ខណៈ​គ្រាប់ពោត​វិញ បានធ្លាក់ចុះមកត្រឹម ៥ បាត​/គីឡូក្រាម ដូចគ្នា។

ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារទឹកជំនន់រីករាលដាលក្នុងខេត្ត​ជាច្រើន​របស់ថៃ ជាពិសេសបណ្ដាខេត្តភាគខាងជើង​ និងភាគកណ្ដាលនៃប្រទេសថៃ។ ជាមួយគ្នានោះ លោក Somchai ក៏​បាន​ចង្អុល​បង្ហាញ​ពី​កង្វះ​ការ​ធ្វើ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​រយៈពេល​វែង​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ជា​កត្តា​សំខាន់​ចំពោះ​កំណើន​សេដ្ឋកិច្ច​​​ថៃ។

អ្នកជំនាញដដែលបាន​និយាយថា ការរៀបចំផែនការមិនល្អអាចកាត់បន្ថយចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិ​សម្រាប់ប្រទេសថៃ។ កម្សោយនៃភ្ញៀវបរទេស មាន​ន័យថា ការចំណាយរបស់ទេសចរតិចជាងមុន ដែល​ធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ក្នុងស្រុក និងការលក់រាយបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម