Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ជំរុញ​ EU ឱ្យដាក់ពន្ធ ១០០% លើចិន​ ឥណ្ឌា ដើម្បីបង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានជំរុញឱ្យមន្ត្រីសហភាពអឺរ៉ុប (EU) ដាក់ពន្ធលើចិន ​និងឥណ្ឌា រហូតដល់ ១០០ ភាគរយ ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្រ្តបង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។​ នេះបើតាមការឱ្យដឹងពីប្រភពមន្រ្តី​អាមេរិក និងការទូត EU។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់សារព័ត៌មាន​រ៉យទ័រ បាន​ផ្សាយថា លោក ត្រាំ បាន​ស្នើបែបនេះតាមរយៈកិច្ចប្រជុំតាមអនឡាញជាមួយ​​​ប្រេសិត​ទទួល​បន្ទុកការដាក់ទណ្ឌកម្ម​របស់​​ EU លោក​ David O’Sullivan និង​មន្ត្រី​ EU ផ្សេងៗ​ទៀត។ ឥឡូវនេះ គណៈប្រតិភូ EU ​កំពុងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការសម្របសម្រួលទណ្ឌកម្ម។

​ប្រភព​ការទូត EU បាននិយាយថា សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការដំឡើងពន្ធស្រដៀងគ្នា ប្រសិនបើ EU នឹងធ្វើតាមសំណើរបស់​ខ្លួន​។ ប្រភព​និយាយយ៉ាងដូច្នេះថា៖ «មែនទែនទៅ ពួកគេ(អាមេរិក​) និយាយថា ពួកយើងនឹង​ធ្វើវា ប៉ុន្តែអ្នកត្រូវតែចូលរួមធ្វើជាមួយយើងដែរ»។

គេមើលឃើញថា ការជំរុញរបស់ ត្រាំ ប្រសិន​បើ​ធ្វើតាមនោះ នោះនឹង​​ទៅរកការផ្លាស់ប្ដូរយុទ្ធសាស្ត្រសម្រាប់ EU ដែលមាន​ចេតនាផ្ដាច់រុស្ស៊ីឱ្យនៅឯកោជាមួយនឹងទណ្ឌកម្ម ជាជាងការដាក់ពន្ធ។ កន្លងមក លោក ត្រាំ បាន​​គំរាមកំហែងជាញឹកញាប់ថានឹងដាក់ពន្ធលើ​ឥណ្ឌា និងចិន ​ចំពោះការទិញប្រេងរុស្ស៊ី។ លោកបានដំឡើងពន្ធលើឥណ្ឌា រហូតដល់ ៥០ ភាគរយ រួចហើយ ខណៈសង្រ្គាមពាណិជ្ជកម្មជាមួយចិនបានធ្លាក់ចូលជ្រោះនៃភាពស្មុគស្មាញដោយសារតែពន្ធគយបដិការ​។

ចិន និងឥណ្ឌា គឺជាអតិថិជន​ប្រេងរុស្ស៊ីដ៏សំខាន់។ បែបនេះ ប្រទេសទាំង២ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសេដ្ឋកិច្ចរបស់រុស្ស៊ីឱ្យស្ថិតស្ថេរ ​ចំពេលបន្តសង្រ្គាម​ឈ្លានពានអ៊ុយក្រែន ដែលផ្ទុះឡើងទ្រង់ទ្រាយធំ​នៅខែកុម្ភៈ ឆ្នាំ ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម