អត្ថាធិប្បាយ
បណ្ឌិត គិន ភា៖ «គ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិត្រូវសត្រូវឈ្លានពាន និងប្រមាថនោះទេ»
គ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិត្រូវសត្រូវឈ្លានពាននិងប្រមាថនោះទេ។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំចង់សរសេរ ប៉ុន្តែ ខ្ញុំគិតថា រឿងរ៉ាវទាំងនោះ វាបានដក់ជាប់កប់យ៉ាងជ្រៅទៅក្នុងក្រអៅបេះដូង និងមនោសញ្ចេតនារបស់ប្រជាជនខ្មែរគ្រប់រូបរួចស្រេចទៅហើយ។

ខ្ញុំសូមបង្ហោះរូបថតប៉ុន្មានសន្លឹកនេះឡើងវិញ ដែលខ្ញុំយកចេញពីបណ្ដាញសង្គមដែលបងប្អូនយើងបានបង្ហោះរួចហើយ។ តាមរយៈរូបថតប៉ុន្មានសន្លឹកនេះ ខ្ញុំ និងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នការនយោបាយទាំងក្នុង និងក្រៅប្រទេស សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងជំពាក់គុណដ៏សែនធ្ងន់ចំពោះបងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងពលីជីវិតដើម្បីការពារទឹកដី និងប្រាសាទបុរាណដែលជាមរតកដូនតាខ្មែរយើង។ ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នការនយោបាយចងចាំជានិច្ចចំពោះវីរភាពនៃការលះបង់ និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។

តាមរយៈការតស៊ូប្រយុទ្ធនឹងសត្រូវឈ្លានពានរយៈពេល៥ថ្ងៃកន្លងមកនេះ យើងបានមើលឃើញយ៉ាងប្រត្យក្សនូវមហាសាមគ្គីជាតិ និងឯកភាពជាតិនៃមហាគ្រួសារខ្មែរទាំងនៅសមរភូមិមុខ និងសមរភូមិក្រោយ និងទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលមិនធ្លាប់មានរាប់សតវត្សរ៍ឬទសវត្សរ៍មកហើយ។ ម្នាក់ៗសុទ្ធតែមានការឈឺឆ្អាលចំពោះប្រទេសជាតិ និងការឈឺចាប់ចំពោះសត្រូវឈ្លានពាន ហើយបានប្រែក្លាយការឈឺឆ្អាល និងការឈឺចាប់ទាំងនោះទៅជាសកម្មភាពជាក់ស្ដែងតាមរយៈការគាំទ្រជាស្មារតី សម្ភារៈ ថវិកា និងបញ្ញាញាណទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។ ចំណែកបងប្អូនខ្មែរនៅឯនាយសមុទ្រ បានចេញតវ៉ាប្រឆាំងអំពើឈ្លានពានរបស់សត្រូវស្ទើរពាសពេញពិភពលោកក្នុងស្មារតីខ្មែរតែមួយ។

ឈរលើស្មារតីនៃមហាសាមគ្គីជាតិ និងឯកភាពជាតិដែលយើងមាននាពេលនេះ យើងត្រូវប្រែក្លាយមេរៀន, សោកនាដកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសត្រូវឈ្លានពាន ទៅជាការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការពង្រឹងស្មារតីសាមគ្គីជាតិ និងឯកភាពជាតិយូរអង្វែងនិងមានលក្ខណៈជាប្រព័ន្ធ និងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពជាតិយើងលើគ្រប់វិស័យទៅថ្ងៃអនាគត។
ចំពោះមុខវិញ្ញាណក្ខន្ធនៃវីរកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតដើម្បីការពារទឹកដីដូនតា, យើងត្រូវរួបរួមគ្នាជាធ្លុងមួយជាមួយវីរកងទ័ពយើងនិងរាជរដ្ឋាភិបាលយើង ដើម្បីបន្តរក្សាការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីយើងពីការឈ្លានពានរបស់សត្រូវគ្រប់ប្រភេទ។ យើងមិនអាចឱ្យវីរកងទ័ពយើងស្លាប់ទៅទទេៗដោយគ្មានផលត្រឡប់នោះទេ៕


ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


