Connect with us

កូវីដ-១៩

ទេសរដ្ឋមន្រ្តី លី ធុជ នាំយកគ្រឿងឧបភោគ បរិភោគរបស់ពលរដ្ឋខ្មែររស់នៅប្រទេស​អូស្ត្រាលីជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

បានផុស

នៅ

ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរនៅប្រទេស អូស្ត្រាលី តាមរយៈ លោកទេសរដ្ឋមន្រ្តី លី ធុជ បានប្រគល់នូវគ្រឿង ឧបភោគ បរិភោគជូនលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចូលរួមចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយ សារកូវីដ-១៩ និងកំពុងរស់នៅតាមតំបន់បិទខ្ទប់ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឿងឧបភោគបរិភោគនេះ ឧបត្ថម្ភ ដោយ សមាគមន៍ Australasian Business Association Inc (ABA) ដែលមានលោក Jason Sara ជាប្រធាន លោក Tee Tan អនុប្រធាន រួមជាមួយបងប្អូនជាអនុប្រធាន សមាជិកក្រុមការងារសមាគមន៍ ABA និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងម៉ែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី រួមមាន៖ ត្រីខកំប៉ុង ៥០ កេស, អង្ករ ៨ តោន, ទឹកត្រី ៤០០យូរ និងទឹកស៊ីអ៊ីវ ៤០០យូរ ព្រមទាំងមានការចូលរួមពីលោកស្រី ប៊ុត រតនា នាយិកា មូលនិធិ មីជាតិចំនួន ១០០ កេស។

លោក ជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បាន កៀរគរ បងប្អូនខ្មែរនៅបក្រៅប្រទេស រួមជាមួយនឹងកម្លាំងកាយចិត្ត កម្លាំង ចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការស្វែងរកស្បៀង​ ​ដែលជាជំនួយសង្គ្រោះបឋម ដើម្បីមកជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងរងផលប៉ះពាល់ ដោយសារ វិបត្តិ កូវីដ១៩ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនាពេលនេះ។

អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុក ដាក់ក្នុងចូលរួមចំណែកពីសំណាក់ ឯកឧត្តម លោកស្រី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមេត្តាធម៌ និងការសន្តោស ប្រណីរបស់ លោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចូលរួមជួយដល់បងប្អូនជនរួមជាតិតាំងពីសម័យសង្រ្គាម រហូត ដល់ទទួលបានសុខសន្តិភាពក៏ដូចជាបច្ចុប្បន្ននេះបានជួយសង្រ្គោះនិងសម្រាលទុក្ខការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតដោយសារការរីករាលជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវបំផុតរបស់សម្ដេច អគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះសមាគមន៍ ABA និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអូស្រ្តាលី ក៏ដូចជា សប្បុរសជន ដទៃ ទៀត ដែល បានចូលរួមឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩នេះ។

លោកបានបន្តទៀតថា ការឧបត្ថម្ភស្បៀងនេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្វះខាតក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាបែបនេះ ហើយក៏ជាការបង្ហាញអំពីទឹកចិត្តដ៏សប្បុរស និងសណ្តានចិត្តចូលរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុង និងក្រៅប្រទេសដេីម្បីរួមសាមគ្គីគ្នា ជួយជ្រោមជ្រែងទៅដល់ការឆ្លើយតបទៅនឹងវិធានការការ ទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ផងដែរ។

សូមបញ្ជាក់ថា សមាគមន៍ Australasian Business Association Inc (ABA) និងប្រជាជនខ្មែររស់នៅទីក្រុងម៉ែលប៊ន បានរៀបចំកម្មវិធីសប្បុរសធម៌ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាជនខ្មែរដែលរងគ្រោះដោយជំងឺកូវីត-១៩ និងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម