Connect with us

កូវីដ-១៩

ថ្មី! វិសាល សុខ បង្ហាញថ្លៃព្យាបាលខុសគ្នាក្នុងមួយថ្ងៃរវាងអ្នកជំងឺកូវីដ-១៩ ខ្មែរ និងបរទេស

បានផុស

នៅ

ភ្នំពេញ៖ មន្ទីរពហុព្យាបាល និងសម្ភព វិសាល សុខ បានបង្ហាញអំពីតម្លៃសម្រាកព្យាបាលជំងឺកូវីដ-១៩ រវាងអ្នកជំងឺជនជាតិខ្មែរ និងជនជាតិបរទេស ដែលអ្នកជំងឺបរទេសត្រូវចំណាយលើសអ្នកជំងឺខ្មែរចំនួន១០០ដុល្លារគ្រប់ប្រភេទបន្ទប់ដែលអ្នកជំងឺជ្រើសរើស និងត្រូវការព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិក មន្ទីរពហុព្យាបាល និងសម្ភព វិសាល សុខ បានប្រាប់ “កម្ពុជាថ្មី” នៅរសៀលនេះ ថាខ្លួនមិនអាចបញ្ជាក់អំពីចំនួនអ្នកជំងឺកូវីដ-១៩ ចូលព្យាបាល និងតម្លៃសរុបក្នុងការព្យាបាលជំងឺកូវីដ-១៩ បានទេ តម្លៃគឺអាស្រ័យលើស្ថានភាព និងកម្រិតជំងឺរបស់អ្នកជំងឺម្នាក់ៗ។

ជាមួយគ្នានេះ បុគ្គលិកខាងលើ បានផ្ដល់តារាងតម្លៃបន្ទប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដល់ “កម្ពុជាថ្មី” ដោយបញ្ជាក់ថា នេះជាតម្លៃក្នុងមួយយប់ រួមទាំងថ្លៃសេវាបន្ថែមមួយចំនួនផ្សេងទៀត។  

– តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់គ្រែ២ និងគ្រែ៣ តម្លៃ២៥០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ៣៥០ដុល្លារ។

– តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់តូច តម្លៃ៤០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ៥០០ដុល្លារ។

– តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់ធំ តម្លៃ៥០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ៦០០ដុល្លារ។

– តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ VIP តម្លៃ៧០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ៨០០ដុល្លារ។

– តម្លៃសំរាកព្យាបាលសំរាប់បន្ទប់ SUPER VIP តម្លៃ១,០០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ១,១០០ដុល្លារ។

– បន្ទប់សង្គ្រោះបន្ទាន់ តម្លៃ១,២០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ១,៣០០ដុល្លារ។

មន្ទីរពហុព្យាបាល និង សម្ភព វិសាលសុខ បានបញ្ជាក់ថា តម្លៃខាងលើ រួមទាំងថ្លៃបន្ទប់ ថ្លៃម្ហូបអាហារ ថ្លៃថ្នាំ ថ្លៃគ្រូពេទ្យពិនិត្យព្យាបាល ថ្លៃសេវាគិលានុប្បដ្ឋាក ថ្លៃថត X-Ray ម្តង បើថតពីរដងគិតថែមម្ដង៦០ដុល្លារ អុកស៊ីសែនត្រូវបង់ប្រាក់បន្ថែមម្ដង ១៥ដុល្លារ និងត្រូវបង់បន្ថែម ចំពោះថ្នាំមានតម្លៃចាប់ពី ៥ដុល្លារ ឡើងទៅ តែមុននឹងប្រើគ្រូពេទ្យបានប្រាប់អ្នកជំងឺជាមុន តែថ្នាំដែលប្រើជាប្រចាំមានតម្លៃក្រោម៥ដុល្លារ មិនបង់ប្រាប់បន្ថែមឡើយ។

ធ្វើតេស្តមួយអាទិត្យដំបូងមិនគិតលុយទេ អាទិត្យទី២ ធ្វើតេស្តម្តង ១៣០ដុល្លារ ហើយ ៤៨ម៉ោង ធ្វើតេស្តម្តង ៤៨ម៉ោងធ្វើតេស្តម្តង រហូតដល់អ្នកជំងឺរកឃើញអវិជ្ជមាន (Negative) ទើបបានចេញវិញ្ញាបនបត្រឱ្យអ្នកជំងឺទៅផ្ទះ ហើយធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត។

គ្រប់អ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលកូវីដ-១៩ អាចមានរយៈពេលយ៉ាងតិចបំផុត ១០ថ្ងៃ យ៉ាងយូរបំផុត២០ថ្ងៃ ទៅតាមសភាពអ្នកជំងឺធ្ងន់ ឬស្រាល។

សូមជម្រាបថា តម្លៃបន្ទប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នេះ ត្រូវបានត្រូវបានបុគ្គលិក មន្ទីរពហុព្យាបាល និងសម្ភព វិសាល សុខ ផ្ដល់ដល់ “កម្ពុជាថ្មី” ខណៈ “កម្ពុជាថ្មី” កំពុងរង់ចាំការផ្ដល់ចម្លើយពីមន្ទីរពេទ្យឯកជនចំនួនពីរទៀត គឺមន្ទីរពេទ្យសង់ត្រាល់ និងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ។

គួររំលឹកថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាត ឱ្យសេវាសុខាភិបាលឯកជនចំនួន៣ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ សេវាសុខាភិបាលឯកជន ចំនួន៣ទីតាំងមានដូចជា មន្ទីរពេទ្យសង់ត្រាល់ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពហុព្យាបាលវិសាលសុខ។ សេវាសុខាភិបាលឯកជន ចំនួន៣កន្លែងនេះ ក៏បានទទួលសិទ្ធិធ្វើតេស្ករកអង់ទីហ្សែនកូវីដ-១៩ ផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម