ជីវិតកម្សាន្ដ
Psy រៀបរាប់ពីជីវិតក្រោយពេលបទ Gangnam Style ១០ឆ្នាំ
រយៈពេល១០ឆ្នាំ បន្ទាប់ពីបទចម្រៀង Gangnam Style ទទួលបានជោគជ័យបំផុតទូទាំងពិភពលោក តារាចម្រៀងកូរ៉េខាងត្បូង Psy កំពុងរស់នៅក្នុងជីវិតដ៏ល្អ ជាមួយនឹងមោទកភាពចំពោះពានរង្វាន់ដ៏ងស្ចារ្យ និងរួចផុតពីសម្ពាធនៃជោគជ័យម្តងហើយម្តងទៀត។
ដាក់បញ្ចូលក្នុងគណនី YouTube កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ បទចម្រៀងរបស់លោកចាប់ផ្តើមល្បីល្បាញទូទាំងពិភពលោកជាមួយនឹងសញ្ញាពាណិជ្ជកម្មផ្ទាល់ខ្លួនតាមរយៈក្បាច់រាំជិះសេះ និងបំផុសគំនិតរាប់ពាន់។

វាជាវីដេអូដំបូងគេនៅក្នុង YouTube ដែលមានអ្នកចូលទស្សនាដល់១ប៊ីលានដង ហើយវាក្លាយជាបទចម្រៀងរបស់ Psy មុនគេបង្អស់ក្នុងពិភពសិល្បៈកម្សាន្ត K-pop ដែលទទួលបានការគាំទ្រច្រើនបំផុតទូទាំងពិភពលោក។
នៅពេលបទចម្រៀងល្បីល្បាញឈានដល់កម្រិតកំពូល លោកត្រូវបានគេឃើញគ្រប់ទីកន្លែងនៅលើឆាកតន្ត្រីជាមួយតារាចម្រៀងពិភពលោកដូចជា សម្តែងនៅឆាកជាមួយ Madonna នៅខាងមុខប្រាសាទ Eiffel Tower និងបានសម្តែងទាំងមុនពេល និងក្រោយពេលប្រធានាធិបតី អាមេរិក Barack Obama។
ប៉ុន្តែភាពជោគជ័យនៃបទចម្រៀង Gangnam Style បានក្លាយជាដាវមុខពីរដែលបានធ្វើឲ្យមាន សម្ពាធដ៏ធំសម្រាប់បញ្ចេញនូវអ្វីដែលជោគជ័យបន្ថែមទៀត។ នៅពេលនោះ Psy ចាត់ទុកថា រយៈពេលដ៏លំបាកខ្លាំងបំផុតនៃជីវិតរបស់លោក។
តារាចម្រៀងរ៉េប Psy បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងបទសម្ភាសនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនរបស់លោកនៅទីក្រុង Gangnam ថា ៖«អ្វីៗក្លាយជាធ្ងន់ធ្ងរ និងកាន់តែលំបាក ពីព្រោះ….រាល់ពេលខ្ញុំត្រូវមានបទចម្រៀងខ្លាំងបែបនេះ។ ខ្ញុំពឹងផ្អែកខ្លាំងលើបទចម្រៀង… ប៉ុន្តែអ្នកដឹងទេ នោះគឺ១០ឆ្នាំកន្លងទៅហើយ ដូច្នេះឥឡូវនេះ ខ្ញុំពិតជាមានសេរីភាពណាស់»។
បទ Gangnam Style បានផ្លាស់ប្តូរមិនត្រឹមតែអាជីពរបស់ Psy ប៉ុណ្ណោះទេ ប៉ុន្តែឧស្សាហកម្មតន្ត្រីក៏ប្រែប្រួល ដែលបង្ហាញឲ្យឃើញនូវតារាសិល្បៈម្នាក់មិនត្រឹមសម្តែងជាភាសាលេចធ្លោប៉ុណ្ណោះទេ ថែមទាំងទទួលបានអ្នកទស្សនាអន្តរជាតិតាមរយៈអ៉ីនធឺណេតទៀតផង។
វាក៏ជំរុញឲ្យមានការផ្លាស់ប្តូរពីរបៀបតារាសិល្បៈតន្ត្រីត្រូវបានចងក្រងនៅកម្មវិធី Billboard ដែលមានអ្នកមើលតាម YouTube ច្រើនបំផុត។ Psy និយាយថា ៖«តន្ត្រី K-pop ពិតជាទាក់ទាញខ្លាំងនៅលើ YouTube, ពួកគេទទួលបានអ្នកចូលមើលច្រើនណាស់។ ប្រសិនបើ Billboard មិនផ្លាស់ប្តូរទេ វានឹងមិនស្រួលនោះទេ»។
កេរ្តិ៍ឈ្មោះរបស់ Psy ត្រូវបានទទួលស្គាល់ក្នុងចំណោមតារា K-pop ល្បីៗបំផុត។ សមាជិករបស់ក្រុមតារាចម្រៀង BTS គឺបុរសសង្ហា Suga បាននិយាយថា ៖«លោក (Psy) ជាបុគ្គលម្នាក់ដែលខ្ញុំតែងតែអរគុណ។ តាមរយៈបទ Gangnam Style លោកបានត្រួសត្រាផ្លូវសម្រាប់តន្ត្រី K-pop ចូលទៅក្នុងទីផ្សារអាមេរិក។ យើងខ្ញុំអាចដើរតាមគន្លងរបស់លោកកាន់តែងាយស្រួល»។
Psy ដែលមានឈ្មោះពិត Park Jae-sang ជាតារាចម្រៀងល្បីម្នាក់ហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងមុនពេលបទចម្រៀង Gangnam Style។ លោកបានលើកឡើងពីព្រះមហាក្សត្រិយានីជាអ្នកជំរុញទឹកចិត្តដំបូងរបស់លោក ពោលគឺពេលលោករៀននៅវិទ្យាល័យ។ ពេលនោះ លោកបានទស្សនាវីដេអូមួយរបស់ក្រុមតារាចម្រៀងដ៏ល្បីល្បាញរបស់អង់គ្លេសក្នុងការប្រគំតន្ត្រីនៅកីឡដ្ឋាន Wembley ឆ្នាំ១៩៨៦។
«ខ្ញុំបានគិតថា ខ្ញុំចង់សម្តែងដូចគាត់ (Freddie Mercury)»។ Psy បាននិយាយ និងបន្តថា «នៅពេលនោះ ខ្ញុំអត់ចេះតន្ត្រីច្រើនទេ សូម្បីតែច្រៀងក៏អត់ពិរោះដែរ… ខ្ញុំចេះតែរាំដើម្បីសប្បាយៗ»។
នៅពេលចូលសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកចុងទសវត្សរ៍ឆ្នាំ១៩៩០ លោកបានលាតត្រដាងអ្វីជាច្រើនដែលត្រូវបានចាត់ទុកជាយុគសម័យមាសនៃតន្ត្រីហ៊ីបហប ក្នុងនោះមានតារារ៉េប Tupac Shakur និង The Notorious BIG ជាដើម។
Psy បាននិយាយថា ៖«ខ្ញុំបានឮតន្ត្រីហ៊ីបហបរាល់ថ្ងៃតាមវិទ្យុ។ ខ្ញុំបានគិតថា អូ! ប្រសិនបើខ្ញុំមិនអាចច្រៀងបានពិរោះ អីចឹងខ្ញុំអាចរ៉េប។ បន្ទាប់មក ខ្ញុំបានសម្តែង»។
ការបង្ហាញខ្លួនដំបូងនៅឆ្នាំ២០០១ លោកមានកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័សតាមរយៈការលេចមុខសម្តែងលើឆាកជាច្រើន និងឈ្នះពានរង្វាន់ជាច្រើនទៀតផង។

ភាពចម្រូងចម្រាសខុសពីធម្មតាសម្រាប់តារាចម្រៀងប៉ុបកូរ៉េរូបនេះបានកើតមាន។ បទចម្រៀង និងវីដេអូចម្រៀងមុនៗជាច្រើនត្រូវបានផ្តល់ចំណាត់ថ្នាក់សម្រាប់មនុស្សធំពេញវ័យ ដោយសារជាអ្វីដែលត្រូវបានត្រួតពិនិត្យរបស់រដ្ឋចាត់ទុកមិនល្អ។
ចាប់តាំងពីផ្ទុះបទ Gangnam Style នោះមក Psy បានចេញអាល់ប៊ុមចំនួន៣។ អាល់ប៊ុមចុងក្រោយបំផុតគឺ Psy 9th ចេញក្នុងខែមេសាដោយ P NATION ដែលជាសញ្ញាពាណិជ្ជកម្ម និងភ្នាក់ងារដែលលោកបានបង្កើតក្នុងឆ្នាំ២០១៩។
Psy បានទទួចថា ៖«Gangnam Style នៅតែជាប្រភពដ៏ធំបំផុតនៃមោទកភាព។ បទនេះជាជោគជ័យដ៏អស្ចារ្យ និងធំធេងបំផុតក្នុងជីវិតរបស់ខ្ញុំ។ រាល់ពេលខ្ញុំសម្តែងលើឆាក វាគឺជាអាវុធដ៏ខ្លាំងបំផុត។ ខ្ញុំជាអ្នកសិល្បៈដែលសំណាងម្នាក់។ សព្វថ្ងៃនេះ ខ្ញុំសប្បាយចិត្តបំផុត»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


