Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា វា​ជា«ថ្ងៃថ្មីនិង​ស្រស់ស្អាត»​សម្រាប់​ហ្គាហ្សា ខណៈ​ជំនួយចាប់ផ្ដើម​ហូរចូល

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានប្រកាសថា ជំនួយមនុស្សធម៌​ទ្រង់ទ្រាយធំ​បានចាប់ផ្តើមចូលទៅក្នុង​តំបន់​ហ្គាហ្សា​ស្ទ្រីប បន្ទាប់ពី​មាន​​កិច្ចព្រមព្រៀងបទឈប់បាញ់​ និង​ការដោះដូរអ្នកទោស​រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយពណ៌នា​ព្រឹត្តិការណ៍​នេះ​ថាជា «ថ្ងៃថ្មី និងស្រស់ស្អាត» សម្រាប់តំបន់ដែលហែកហួរដោយសង្រ្គាម។

ប្រជុំកំពូលសន្តិភាព Sharm El-Sheikh នៅប្រទេសអេហ្ស៊ីប ថ្ងៃទី១៣​ខែតុលាឆ្នាំ២០២៥ (រូបថត៖ aa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុង​កិច្ចប្រជុំកំពូលនៃមេដឹកនាំពិភពលោក​នៅទីក្រុងរមណីយដ្ឋាន Sharm el-Sheikh នៃប្រទេសអេហ្ស៊ីប​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣​ខែ​តុលា​ លោក ត្រាំ បាននិយាយថា រថយន្តដឹកទំនិញរាប់រយគ្រឿង​មាន​អាហារ បរិក្ខារពេទ្យ និងការផ្គត់ផ្គង់ផ្សេងទៀត ឥឡូវនេះកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ដែលជាការកត់សម្គាល់ប្រតិបត្តិការសង្គ្រោះដ៏សំខាន់ជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះក្នុងខែតុលា​ឆ្នាំ​២០២៣។

លោក ត្រាំ បាន​លើកឡើង​ថា «ជំនួយមនុស្សធម៌ឥឡូវនេះកំពុងហូរចូល រួមទាំងរថយន្តដឹកទំនិញរាប់រយគ្រឿង អាហារ បរិក្ខារពេទ្យ និងការផ្គត់ផ្គង់ផ្សេងៗទៀត ដែលភាគច្រើនត្រូវបានចំណាយដោយ​មនុស្សនៅក្នុងបន្ទប់នេះ។ ជនស៊ីវិលកំពុងត្រឡប់ទៅផ្ទះរបស់ពួកគេ។ ចំណាប់ខ្មាំងកំពុងជួបជុំគ្នា។ ថ្ងៃថ្មី និងស្រស់ស្អាតកំពុងរះ​ឡើង ហើយឥឡូវនេះការកសាងឡើងវិញបានចាប់ផ្តើម​»។

លោក ត្រាំ បានសម្តែងនូវ«ការដឹងគុណយ៉ាងធំធេង»ដល់​ប្រទេសអារ៉ាប់ និងមូស្លីម ដែលបានជួយសម្រួលបទឈប់បាញ់ និងការដោះដូរអ្នកទោស ដែលឃើញអ៊ីស្រាអែលដោះលែង​អ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ពីពន្ធនាគារយោធា Ofer ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន​២០​នាក់ដែលនៅរស់រានមានជីវិត​ពីក្រុមហាម៉ាស។

លោក ត្រាំ បានសង្កត់ធ្ងន់ថា ការកសាងឡើងវិញរបស់​ហ្គាហ្សា នឹងទាមទារ​​ការ​លុប​បំបាត់​​យោធា និងការបង្កើត«កងកម្លាំងប៉ូលិសស៊ីវិលស្មោះត្រង់»ថ្មី ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពយូរអង្វែង។

លោកបាននិយាយថា «យើងយល់ស្របថា ការកសាងឡើងវិញរបស់​ហ្គាហ្សា ទាមទារ​ឲ្យ​វាគ្មានយោធា ហើយកងកម្លាំងប៉ូលិសស៊ីវិលស្មោះត្រង់ថ្មីត្រូវបានបង្កើតឡើង ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជន»។

ប្រធានាធិបតីអាមេរិកក៏បានប្រកាសថា ដំណើរការសាងសង់ឡើងវិញ នឹងប្រមូលផ្តុំម្ចាស់ជំនួយអន្តរជាតិ អ្នកជំនាញផ្នែកសំណង់ និងរដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញក្នុងអំឡុងពេល​ប្រមាណ​ពីរឆ្នាំនៃសង្រ្គាម។

តំបន់​ហ្គាហ្សា​ (រូបថត៖ Reuters)

បទ​ឈប់​បាញ់​កើត​ឡើង​​បន្ទាប់​ពី​ជម្លោះ​ដ៏​សាហាវ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មជ្ឈិមបូព៌ា​ទំនើប។ ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០២៣ ការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីនជាង ៦៧ ៨០០​នាក់ ដោយ​ភាគ​ច្រើន​ជា​ស្ត្រី និងកុមារ។ នេះ​បើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានហៅបទឈប់បាញ់នេះថាជា ជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកសន្តិភាពរយៈពេលវែង បើទោះបីជាសំណួរសំខាន់ៗនៅតែមានទាក់ទងនឹងអភិបាលកិច្ចនាពេលអនាគតរបស់ហ្គាហ្សា ការផ្តល់មូលនិធិកសាងឡើងវិញ និងការទប់ស្កាត់អរិភាពជាថ្មីក៏ដោយ។

ការអត្ថាធិប្បាយរបស់លោក ត្រាំ នៅក្នុងប្រទេសអេហ្ស៊ីប បង្ហាញពីការយល់ព្រមដ៏ខ្លាំងក្លាបំផុតរបស់សហរដ្ឋអាមេរិក​លើ​ក្របខណ្ឌសន្តិភាពដ៏ទូលំទូលាយមួយ សម្រាប់តំបន់ហ្គាហ្សា ដែលជាសញ្ញាបង្ហាញពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដើរតួនាទីស្នូល​ក្នុងការកសាងឡើងវិញក្រោយសង្គ្រាម និងកិច្ចខិតខំប្រឹងប្រែងស្ថិរភាពក្នុងតំបន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម