Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​បដិសេធ​ការ​អះអាង​របស់​លោក ត្រាំ ដែល​ថាលោក​ម៉ូឌី​ឈប់​ទិញ​​ប្រេង​របស់​រុស្ស៊ី

បានផុស

នៅ

ក្រសួងការបរទេសឥណ្ឌាបាន​ប្រកាស​ថា ខ្លួនមិនមានកំណត់ត្រានៃការសន្ទនារវាងនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នោះ​ទេ ហើយក៏​មិន​បាន​ដឹង​ឮ​អំពី​រឿង​ដែល​ថា លោក ម៉ូឌី បានយល់ព្រមបញ្ឈប់ការទិញប្រេងពីរុស្ស៊ី​ដែរ។

លោក ណារិនដ្រា ម៉ូឌី និងលោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bloomberg នា​ថ្ងៃ​ទី​១៧​ខែ​តុលា​ឆ្នាំ​២០២៥ អ្នកនាំពាក្យក្រសួង​ការបរទេស​លោក Randhir Jaiswal បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង​ញ៉ូវដេលី​​ថា «តាម​ការ​ដឹងរបស់យើង ខ្ញុំមិនដឹងពីការសន្ទនាណាមួយរវាងនាយករដ្ឋមន្ត្រី ម៉ូឌី និងប្រធានាធិបតី ត្រាំ កាលពីម្សិលមិញទេ»។

ការ​បញ្ជាក់​នេះ ​បាន​កើត​ឡើង​បន្ទាប់​ពី​លោក ត្រាំ បាន​និយាយ​​​ថា លោក ម៉ូឌី បាន​​សន្យា​ជាមួយ​គាត់​​ថា ប្រទេស​ឥណ្ឌា​នឹង​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី ជា​ទង្វើ​ដែល​អាមេរិក​បាន​ជំរុញ​ចាប់​តាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ២០២២។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញ៉ូវដេលីមានភាពតានតឹងចាប់តាំងពីលោក ត្រាំ បានដាក់ពន្ធ​៥០%​លើការនាំចេញរបស់ឥណ្ឌា ដោយហៅវាថាជាការដាក់ទណ្ឌកម្មសម្រាប់ការបន្តពាណិជ្ជកម្មថាមពលរបស់ឥណ្ឌាជាមួយទីក្រុងមូស្គូ។

ខណៈពេលដែលមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា «ការពិភាក្សាប្រកបដោយផលិតភាព» លើបញ្ហាថាមពលបានកើតឡើង ពួកគេមិនបានបញ្ជាក់​ថា​មាន​ការជជែក​ដោយផ្ទាល់ណាមួយរវាង​លោក ត្រាំ និង​លោក ម៉ូឌី នោះទេ។

ប្រទេស​ឥណ្ឌា​បាន​រក្សា​ថា ការ​សម្រេច​ចិត្ត​ថាមពល​របស់​ខ្លួន​គឺ​ផ្អែក​លើ​ផលប្រយោជន៍​ជាតិ និង​លទ្ធភាព​ដែល​អាច​ទទួល​បាន​។ «ផលប្រយោជន៍អ្នកប្រើប្រាស់នៅតែជាអាទិភាពកំពូល» នេះ​ជា​ការ​លើក​ឡើង​របស់​លោក Jaiswal ដោយ​​កត់សម្គាល់ថា ឥណ្ឌា​ក៏​​កំពុង​ស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យថាមពល​ផង​ដែរ។

នាយកប្រតិបត្តិប្រេងរដ្ឋរបស់ឥណ្ឌាបានបញ្ជាក់​ថា ពួកគេមានការភ្ញាក់ផ្អើលចំពោះការអត្ថាធិប្បាយរបស់លោក ត្រាំ ដោយបន្ថែមថា ពួកគេមិនបានទទួលការណែនាំជាផ្លូវការដើម្បីកាត់បន្ថយការនាំចូលពីរុស្ស៊ី​ទេ។

រុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់ប្រេងកំពូលរបស់ឥណ្ឌា ដែលមានចំនួនប្រហែល ១ភាគ៣​​នៃការនាំចូលសរុបនៅក្នុងខែកញ្ញា បើទោះបីជាការនាំចេញមានការថយចុះបន្តិចក៏ដោយ។ លោក Alexander Novak ឧបនាយករដ្ឋមន្រ្ដីរបស់ទីក្រុងមូស្គូ បាននិយាយថា លោកមានទំនុកចិត្តថា ឥណ្ឌានឹងបន្តទិញប្រេងឆៅពីរុស្សី ព្រោះវានៅតែមាន«សេដ្ឋកិច្ចឋិតថេរ»។

ការ​លើក​ឡើង​ផ្ទុយ​គ្នា​នេះ​ គឺ​ជា​​ករណី​មួយ​ទៀត​ដែល​ក្រុង​ញ៉ូវដេលី​បាន​ជំទាស់​នឹង​សេចក្តី​ថ្លែងការណ៍​របស់​លោក ត្រាំ។ កាលពីដើមឆ្នាំនេះ ប្រទេសឥណ្ឌាបានបដិសេធការអះអាងរបស់លោក ត្រាំ ដែលថា លោកបានប្រើឥទ្ធិពលពាណិជ្ជកម្ម ដើម្បី​សម្រប​សម្រួល​បទឈប់បាញ់រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម