Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ព្រមាន​«បាញ់​ប្រហារ» បើ​អ៊ីរ៉ង់​នៅតែ​បន្តសម្លាប់​បាតុករ

បានផុស

នៅ

ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់ចំណុចកំពូល​ជា​ថ្មី​ម្ដង​ទៀត​កាលពីថ្ងៃសុក្រ​ទី​៩ខែ​មករា​ឆ្នាំ​២០២៦​ ខណៈដែល​លោក​ប្រធានាធិបតី​​ ដូណាល់ ត្រាំ បានព្រមាន​របបដឹកនាំអ៊ីរ៉ង់​ខ្លាំងៗ​ថា អាមេរិកនឹង«ចាប់ផ្តើមបាញ់ប្រហារ» បើកងកម្លាំងរដ្ឋាភិបាល​អ៊ីរ៉ង់​នៅតែបន្តបាញ់សម្លាប់ក្រុមបាតុករ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Independent។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះ បានធ្វើឡើងក្នុងអំឡុងពេលថ្ងៃទី​១៣ នៃបាតុកម្មនៅទូទាំងប្រទេស ដែលបច្ចុប្បន្នបានរីករាលដាលដល់ទីក្រុងជាង​១០០។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោកត្រាំ បានថ្លែងថា លោកបាន«ដាក់អ៊ីរ៉ង់ឲ្យស្ថិតក្រោមការតាមដាន» ដោយបញ្ជាក់ថា អាមេរិកនឹងវាយប្រហារប្រទេសនេះ«យ៉ាងចាស់ដៃ» បើថ្នាក់ដឹកនាំនៃសាធារណរដ្ឋអ៊ីស្លាមបង្កើនការបង្ក្រាបលើជនស៊ីវិលដែលគ្មានអាវុធ។

ជាការឆ្លើយតប មេដឹកនាំកំពូលលោក Ayatollah Ali Khamenei បានចោទប្រកាន់​អាមេរិក និងអ៊ីស្រាអែលថាជាអ្នករៀបចំផែនការនៅពីក្រោយភាពវឹកវរនេះ ដោយហៅក្រុមបាតុករថាជា «ក្រុមបំផ្លិចបំផ្លាញ» និង «ភ្នាក់ងារភេរវកម្ម»។ ថ្លែងតាមទូរទស្សន៍រដ្ឋ លោក Khamenei បានប្តេជ្ញាថា សាធារណរដ្ឋអ៊ីស្លាមនឹងមិនថយក្រោយឡើយ ទោះបីជាមានសេចក្តីរាយការណ៍អំពីការដួលរលំនៃសេដ្ឋកិច្ច និងរូបិយប័ណ្ណជាតិ (Rial) ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រគឺ ១,៤លាន Rial ក្នុង១ដុល្លារក៏ដោយ។ បាតុកកម្ម​ដែលដំបូងឡើយបានចាប់ផ្តើមឡើងដោយសារអតិផរណា ៤០% និងវិបត្តិសេដ្ឋកិច្ច បានប្រែក្លាយទៅជាការប្រឈមមុខយ៉ាងខ្លាំងក្លាចំពោះប្រព័ន្ធគ្រប់គ្រងបែបសាសនា ដោយបាតុករនៅក្នុងខេត្តទាំង៣១ ទាមទារឲ្យមានការផ្លាស់ប្តូររបបដឹកនាំ។

លោក Ayatollah Ali Khamenei (រូបថត៖ Reuters)

ស្របពេលដែលវោហារសាស្ត្រនយោបាយកំពុងឡើងកម្ដៅ រដ្ឋាភិបាលអ៊ីរ៉ង់បានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទូរសព្ទស្ទើរតែទាំងស្រុង ដែលធ្វើឲ្យប្រជាជនដាច់ទំនាក់ទំនងពីពិភពខាងក្រៅ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថា បាតុករយ៉ាងហោចណាស់ ៦២នាក់ និងមន្ត្រីសន្តិសុខមួយចំនួនត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាចាប់តាំងពីចុងខែធ្នូមក ហើយមនុស្សជាង ២២០០នាក់ត្រូវបានចាប់ខ្លួន។ យ៉ាង​ណា​មិញ បើតាម​របាយការណ៍ចុង​ក្រោយ​ទទួល​បាន​ដោយ​ទស្សនាវដ្ដី​ TIMES របស់​អាមេរិក តួ​លេខ​អ្នក​ស្លាប់​​មាន​ជាង ២០០​នាក់​ឯណោះ​ គិត​ត្រឹម​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​រដ្ឋាភិបាលអ៊ីរ៉ង់​បានបង្កើនការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះបាតុកម្មនៅទូទាំងប្រទេស។ ភាពខុសគ្នានៃទិន្នន័យនេះត្រូវបានគេជឿថាបណ្តាលមកពីការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទូរសព្ទ ដែលធ្វើឲ្យការផ្ទៀងផ្ទាត់ឯករាជ្យមានការលំបាក។

មេដឹកនាំអន្តរជាតិ រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer និងតំណាងមកពីប្រទេសបារាំង និងអាល្លឺម៉ង់ បានជំរុញឲ្យទីក្រុងតេហេរ៉ង់អនុវត្តការអត់ធ្មត់ និងការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ចំពេលមានការព្រួយបារម្ភអំពីការបង្ក្រាបទ្រង់ទ្រាយធំដែលអាចនឹងកើតមានក្នុងពេលឆាប់ៗខាងមុខ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម