Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះរោងចក្រដែកថែប​នៅ​ចិន ស្លាប់​២ របួស​៨៤​នាក់

បានផុស

នៅ

ការផ្ទុះយ៉ាងខ្លាំងក្លាមួយនៅរោងចក្រដែកថែបរបស់រដ្ឋ ក្នុងតំបន់ម៉ុងហ្គោលីភាគខាងជើងប្រទេសចិន កាលពីរសៀលថ្ងៃអាទិត្យ​ទី​១៨​ខែ​មករា​ឆ្នាំ​២០២៦​ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់​២នាក់ស្លាប់ និង៨៤នាក់ផ្សេងទៀតរងរបួស។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ BBC ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល​៣រសៀល (ម៉ោងក្នុងស្រុក) នៅទីតាំងក្រុមហ៊ុនដែកថែប Baogang United ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងតំបន់។ កម្លាំងនៃការផ្ទុះនេះមានសន្ទុះខ្លាំងរហូតដល់បង្ក​ឲ្យ​មានការរញ្ជួយដីដល់តំបន់ជុំវិញ និងបានភាយផ្សែងខ្មៅយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើអាកាស។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មនុស្សចំនួន​៥នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ ខណៈដែលប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្តធ្វើឡើង។ ក្នុងចំណោមជនរងគ្រោះរាប់សិបនាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មាន៥នាក់ត្រូវបានរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមពីកន្លែងកើតហេតុ បានបង្ហាញ​ឲ្យ​ឃើញពីការខូចខាតរចនាសម្ព័ន្ធយ៉ាងខ្លាំង ដោយមានកម្ទេចកម្ទីពីពិដានដែលបាក់ធ្លាក់ និងបំពង់ដែកដែលដាច់រាយប៉ាយពេញបរិវេណរោងចក្រ។ មន្ត្រីជំនាញបានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការ ដើម្បីស្វែងរកមូលហេតុដែលបង្ក​ឲ្យ​មានគ្រោះមហន្តរាយនេះ។

ព្រឹត្តិការណ៍នេះគឺជាគ្រោះថ្នាក់ឧស្សាហកម្មចុងក្រោយបង្អស់ ដែលបានបង្ក​ឲ្យ​មានការព្រួយបារម្ភជាថ្មីអំពីស្តង់ដារសុវត្ថិភាពក្នុងវិស័យផលិតកម្ម និងការជីកយករ៉ែរបស់ប្រទេសចិន។ មហា​យក្ស​អាស៊ី​មួយ​នេះ​ធ្លាប់មានប្រវត្តិជួបប្រទះនូវសោកនាដកម្មស្រដៀងគ្នានេះជាច្រើន រួមមានការផ្ទុះនៅកំពង់ផែក្រុងធានជីន (Tianjin) កាលពីឆ្នាំ​២០១៥ ដែលបានសម្លាប់មនុស្ស​១៧៣​នាក់ និងការផ្ទុះរោងចក្រគីមីនៅខេត្តសានទុង (Shandong) កាលពីខែឧសភាឆ្នាំមុន។ ក្រុមហ៊ុន Baogang United គឺជាទ្រព្យសម្បត្តិរដ្ឋដ៏សំខាន់ក្នុងឧស្សាហកម្មដែកថែបរបស់ចិន ហើយផលប៉ះពាល់នៃការផ្អាកផលិតកម្មក្នុងតំបន់ កំពុងត្រូវបានគេវាយតម្លៃ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម