Connect with us

ព័ត៌មានអន្ដរជាតិ

មណ្ឌលមួយនៅខេត្ត Phichit! សន្លឹកឆ្នោតសរុប រាប់ទៅឃើញ លើសចំនួនអ្នកបោះឆ្នោត ដល់ទៅជិត ៣ម៉ឺនសន្លឹក

បានផុស

នៅ

បញ្ហាកើតឡើងមិនចេះចប់មិនចេះហើយក្រោយការបោះឆ្នោតនៅប្រទេសថៃ ខណៈពេលនេះករណីមួយទៀតត្រូវបានរកឃើញក្នុងខេត្ត Phichit ដោយសន្លឹកឆ្នោតសរុប រាប់ទៅឃើញថា លើសពីចំនួនអ្នកទៅបោះឆ្នោតរហូតដល់ទៅជិត ៣ម៉ឺនសន្លឹកឯណោះ។

(រូបថត៖ Khaosod)

ជុំវិញបញ្ហានេះ លោក Krairin Thangthong បេក្ខជនសមាជិកសភាខេត្ត Phichit មណ្ឌល ១ មកពី បក្សប្រជាជន បានដាក់ញត្តិទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តរួចហើយ ដើម្បីសុំការពន្យល់អំពីភាពមិនប្រក្រតី។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី១០ខែកុម្ភៈឆ្នាំ២០២៦ ក្នុងបណ្តឹងនោះ លោក Krairin ​បានបញ្ជាក់ច្បាស់ៗថា អ្នកមកបោះឆ្នោតមានចំនួន ១០០ ៨៣០ នាក់ ប៉ុន្តែសសំឡេងឆ្នោតដែលរាប់បាន គឺមានរហូតដល់ ១៣០ ១៧៥ សន្លឹកឯណោះ ពោលគឺលើសជិត ៣ ម៉ឺនសំឡេង។

ពាក់ព័ន្ធរឿងនេះ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ក៏បានទទួលស្គាល់នូវកំហុសផងដែរ ប៉ុន្តែណែនាំឲ្យបេក្ខជនដាក់ពាក្យបណ្តឹងផ្លូវការជាថ្មី ដោយបញ្ជាក់ថា ពួកគេគ្មានសិទ្ធិបើកហិបឆ្នោតឡើយ។

(រូបភាព៖ Facebook)

លោក Amorn Ratchatangkul ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ប្រចាំខេត្ត Phichit និយាយថា ទាក់ទិនសំណើសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញដោយបេក្ខជនសមាជិកសភាបក្សប្រជាជន មណ្ឌល ១, បេក្ខជនរូបនោះត្រូវតែដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរជាថ្មី។ ការស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញ មិនអាចធ្វើឡើងដោយផ្ទាល់មាត់បានទេ គឺត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ពីហេតុផល ហើយគណៈកម្មាធិការបោះឆ្នោតខេត្ត នឹងបញ្ជូនពាក្យបណ្តឹងនោះទៅកាន់គណៈកម្មាធិការបោះឆ្នោតមជ្ឈិមនៅទីក្រុងបាងកក ដើម្បីពិនិត្យពិចារណា។

នេះគឺជាបញ្ហាមួយទៀតដែលញាំញីប្រទេសថៃ ក្រោយការបោះឆ្នោត ខណៈករណីមិននឹកស្មានដល់មួយទៀតកើតឡើងនៅខេត្ត ខនកែន ជុំវិញការដាក់លទ្ធផលខុសសម្រាប់គណបក្សភូមិចៃថៃ លុះដល់មានការតវ៉ា ទើបកែប្រែវិញ។ 

(រូបភាព៖ Thaiger)

លោក Chatchawan Apirakmanmong បេក្ខជនសមាជិកសភាប្រចាំមណ្ឌល ៣ ខេត្ត ខនកែន មកពីគណបក្សប្រជាជន បានបង្ហោះរូបភាពនៃលទ្ធផលបោះឆ្នោតក្នុងមណ្ឌលនោះ ដែលក្នុងរូបភាព បង្ហាញពីការប្រៀបធៀបលទ្ធផលនៅវេលាម៉ោង ២ រំលងអធ្រាត្រ និងម៉ោង ៧ ព្រឹក។

គេឃើញថា នៅម៉ោង ២ រំលងអធ្រាត្រ បេក្ខជនខាងគណបក្សភូមិចៃថៃ ទទួលបានសម្លេងឆ្នោតច្រើនហួសដល់ ៩ ៨៩០ សំឡេងទាំងដែលតួលេខអ្នកចេញទៅបោះឆ្នោតមិនទាន់រាប់ច្បាស់។ យ៉ាងណា បន្ទាប់ពីមានការតវ៉ា នៅម៉ោង៧ព្រឹក មន្ត្រីរាប់សន្លឹកឆ្នោតក៏បានកែតួលេខវិញ ដោយលុបលេខ 0 ចោល នៅសល់ត្រឹម ៩៨៩ សំឡេង។

មិនត្រឹមប៉ុណ្ណឹង សូម្បីនៅខេត្តឈុនបុរី និងមហាសារ៉ាខាម ក៏កើតមានភាពមិនប្រក្រតី ជាច្រើនផងដែរ ពាក់ព័ន្ធការរាប់សន្លឹកឆ្នោត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម