Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់ថា សង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមនៅអ៊ីរ៉ង់ អាចចប់ ដំណាលគ្នា

បានផុស

នៅ

ថ្លែងប្រាប់ CNN នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ជុំវិញបញ្ហាជម្លោះសកល, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងថា សង្គ្រាមអ៊ីរ៉ង់ និងសង្គ្រាមអ៊ុយក្រែន អាចចប់ដំណាលគ្នា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងការសាកសួរ ដោយអ្នកសារព័ត៌មាន Kaitlan Collins ដោយចោទជាសំណួរថាតើ សង្គ្រាមមួយណានឹងបញ្ចប់មុន? ប្រធានាធិបតីអាមេរិក ឆ្លើយថា៖ «ប្រហែលជាសង្គ្រាមទាំងពីរនេះ នឹងបញ្ចប់ក្នុងពេលដំណាលគ្នា»។

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំ មិននិយាយលម្អិតនោះទេ អំពីវិធីសាស្រ្តឬប្រតិបត្តិការអ្វី ដែលនឹងត្រូវយកមកប្រើប្រាស់ ដើម្បីពន្លត់ភ្លើងសង្គ្រាមទាំងពីរនេះ។

សម្តីប្រមុខសេតវិមាន កើតឡើងបន្ទាប់ពីលោក ជួបជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខសកល ជាពិសេសសង្គ្រាមនៅអ៊ុយក្រែននិងនៅអ៊ីរ៉ង់ តែម្តង។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងសមភាគីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

បើតាមការឲ្យដឹងពីវិមានក្រឹមឡាំង, ក្នុងជជែកគ្នាជាង ៩០នាទី មេដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាប្រទេសអ៊ុយក្រែន អ៊ីរ៉ង់ និង គម្រោងនានាក្នុងវិស័យសេដ្ឋកិច្ច និងថាមពល។ ក្នុងនោះ ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងមូស្គូ ក៏បង្ហាញសញ្ញាដែរថា លោកអាចនឹងប្រកាស «បទឈប់បាញ់សម្រាប់ទិវាជ័យជម្នះ » ហើយបញ្ជាក់សាជាថ្មីថា គោលដៅដែលបានកំណត់នៅអ៊ុយក្រែន នឹងត្រូវសម្រេចឲ្យបាន។

សូមជម្រាបថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលរុស្ស៊ី បានបើកការវាយលុកចូលអ៊ុយក្រែន ក្នុងអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស»។

សង្គ្រាមនៅអ៊ុយក្រែន (រូប៖ Reuters)

ហេតុផលចម្បង នៃការសម្រេចចិត្តបើកប្រតិបត្តិការរបស់រុស្ស៊ី គឺដោយសារតែ ការពង្រីកខ្លួនរបស់អង្គការណាតូ និងបញ្ហាតំបន់ Donbas ដែលលោកពូទីន អះអាងថា ប្រជាជននៅទីនោះ រងការធ្វើទុក្ខបុកម្នេញខ្លាំងណាស់ ពីសំណាក់អ៊ុយក្រែន។

ចំណែកសង្គ្រាមអាមេរិក-អ៊ីរ៉ង់ បានផ្ទុះឡើងជាផ្លូវការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅតំបន់មជ្ឈិមបូព៌ា។

ដ្បិតតែមិនមានការបង្ហាញច្បាស់លាស់ ប៉ុន្តែអាមេរិកអះអាងថា គោលដៅចម្បងនៃប្រតិបត្តិការ «Epic Fury» របស់ខ្លួន គឺដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ់ង់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម