Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា ខ្វះ​តែមួយម៉ោងទេ ត្រូវវាយ​អ៊ីរ៉ង់ តែ​មាន​អន្តរាគមន៍​ទាន់​ពី​សម្ព័ន្ធមិត្ត

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហើប​ឱ្យដឹង​ថា លោកស្ទើរតែបញ្ជាឱ្យមានការវាយប្រហារលើប្រទេសអ៊ីរ៉ង់ឡើងវិញទៅហើយ ពោលគឺ ខ្វះតែមួយម៉ោងទៀតប៉ុណ្ណោះ តែ​ត្រូវពន្យារពេលវិញ ព្រោះ​មានការស្នើសុំពីបណ្តាប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន TRT World នា​ថ្ងៃ​ទី​២០​ ខែ​ឧសភា ឆ្នាំ​២០២៦។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះមាន​ការ​ពន្យារ​ពេល​បែប​នេះ​ក្ដី លោក ត្រាំ បាន​បញ្ជាក់​ថា លោក​​ទុកពេលឱ្យត្រឹមតែ ២ ទៅ ៣ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ីរ៉ង់នៅតែមិនព្រមព្រៀងគ្នា ក្នុងលក្ខខណ្ឌដែលអាចទទួលយកបានទេនោះ អាមេរិកអាចនឹងផ្តល់ «ការវាយប្រហារធំមួយទៀត» ដើម្បីទប់ស្កាត់មិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ។

ស្របពេលជាមួយគ្នានេះ ខាងភាគីអ៊ីរ៉ង់ឯណោះវិញ ក៏បានបើកកកាយពីព័ត៌មានលម្អិតនៃសំណើថ្មីចំនួន ១៤ចំណុច ដែលខ្លួនបានដាក់ជូនអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានបញ្ជាក់ថា សំណើថ្មីនេះ គឺសង្កត់ធ្ងន់លើសិទ្ធិរបស់ខ្លួន ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់ប្រើប្រាស់ក្នុងផ្លូវសន្តិភាព។ ក្រៅពីនេះ អ៊ីរ៉ង់បានទាមទារឱ្យមានការបញ្ចប់ជម្លោះ នៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅ​ប្រទេស​លីបង់ ឱ្យអាមេរិកដកការបិទខ្ទប់ផ្លូវទឹក ព្រមទាំងសងការខូចខាត ដែលកើតឡើងដោយសារសង្គ្រាម កាលពីចុង​ខែកុម្ភៈ ដើម្បីយកថវិកាមកស្តារប្រទេសឡើងវិញ ថែមទាំង​ទាមទារ​ឱ្យ​ដកទ័ពអាមេរិកចេញពីតំបន់ជុំវិញទីក្រុងតេហេរ៉ង់ទៀតផង។

ដ្បិត​​លក្ខខណ្ឌរបស់អ៊ីរ៉ង់មើលទៅហាក់ដូចជាតឹងរ៉ឹង ហើយលោក ត្រាំ ធ្លាប់បានបដិសេធថា មិនអាចទទួលយកបានក៏ដោយ ក៏​អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់អ្នកសារព័ត៌មានបែបលួងលោមវិញថា កិច្ចចរចារវាងប្រទេសទាំងពីរ មានការវិវត្តទៅមុខបានច្រើនហើយ ហើយលោកជឿថា មិនមានខាងណា ចង់ឃើញការផ្ទុះអាវុធដាក់គ្នាឡើងវិញនោះទេ។

គួររំលឹកផងដែរថា ភាពតានតឹងនេះ បានឈានដល់ចំណុចប្រកាសអាសន្ន បន្ទាប់ពីអាមេរិក បានដាក់ទណ្ឌកម្មបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ កាលពីពាក់កណ្តាលខែមេសា ដែលធ្វើឱ្យអ៊ីរ៉ង់ឆ្លើយតបវិញ ដោយការបិទច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូស (Hormuz)។ នៅពេលនេះ ពិភពលោកកំពុងអ៊ុតមើលយ៉ាងអន្ទះសារថា តើកិច្ចព្រមព្រៀងសន្តិភាព អាចនឹងលេចរូបរាងឡើងនៅក្នុងសប្តាហ៍នេះ ឬមួយក៏តំបន់មជ្ឈិមបូព៌ា ត្រូវធ្លាក់ក្នុងសង្គ្រាមដ៏ធំមួយទៀត តាមបញ្ជារបស់លោក ត្រាំ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម