Connect with us

ព័ត៌មានអន្ដរជាតិ

រឿងវាយ អ៊ីរ៉ង់! ត្រាំ ប្រាប់ថា ណេតាន់យ៉ាហ៊ូ ចាំតែធ្វើទេ ឲ្យតែលោកហាមាត់

បានផុស

នៅ

នៅចុងខែកុម្ភៈឆ្នាំនេះ អាមេរិកនិង អ៊ីស្រាអែល បានចាប់ដៃគ្នា បើកការវាយប្រហារទ្រង់ទ្រាយធំ មិនធ្លាប់មានលើប្រទេសអ៊ីរ៉ង់ ក្រោមលេសបំផ្លាញកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេហេរ៉ង់។

លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ (រូប៖ Reuters)

យ៉ាងណា ទោះការប្រយុទ្ធគ្នា ប្រែជាថមថយដោយសារមានបទឈប់បាញ់ ក៏ពិតមែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន តែងគំរាមជាប់ជានិច្ចថា សង្គ្រាមអាចផ្ទុះឡើងវិញគ្រប់ពេល បើអ៊ីរ៉ង់ មិនព្រមចូលមកកាន់តុ ​ចរចា ដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពទេនោះ ដល់ថ្នាក់ឥឡូវ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បោះពាក្យថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ចាំតែធ្វើសកម្មភាពទេ ឲ្យតែលោកហាមាត់។  

តាមការផ្សាយរបស់ Times of Israel, ប្រធានាធិបតីអាមេរិក ប្រាប់ទៅក្រុមអ្នកសារព័ត៌មាន អំពីការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ ទី២១​ ខែឧសភា ឆ្នាំ២០២៦ ដោយលោកត្រាំ ប្រាប់ថា៖ «ណេតាន់យ៉ាហ៊ូ គឺជាមនុស្សល្អខ្លាំងណាស់ គាត់នឹងធ្វើតាមគ្រប់យ៉ាង នូវអ្វីដែលខ្ញុំចង់ឲ្យគាត់ធ្វើ ហើយគាត់គឺជាមនុស្សដ៏អស្ចារ្យម្នាក់។ សូមកុំភ្លេចថា គាត់ធ្លាប់ជានាយករដ្ឋមន្ត្រី ក្នុងសម័យសង្គ្រាម»។

លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ (រូប៖ Reuters)

កិច្ចសន្ទនាតាមទូរស័ព្ទនេះ កើតឡើងបន្ទាប់ពី ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ​បង្ហើប​ឲ្យដឹង​ថា លោកស្ទើរតែបញ្ជាឲ្យមានការវាយប្រហារ លើប្រទេសអ៊ីរ៉ង់ឡើងវិញទៅហើយ ពោលគឺ ខ្វះតែមួយម៉ោងទៀតប៉ុណ្ណោះ តែ​ត្រូវពន្យារពេលវិញ ព្រោះ​មានការស្នើសុំពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ក្នុងតំបន់។

ដ្បិតមាន​ការ​ពន្យារ​ពេលក៏ដោយ តែប្រធានាធិបតីអាមេរិក​បញ្ជាក់​ថា លោក​​ទុកពេលឲ្យត្រឹមតែ ២ ទៅ ៣ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ីរ៉ង់នៅតែមិនព្រមព្រៀងគ្នា ក្នុងលក្ខខណ្ឌដែលអាចទទួលយកបាន នោះអាមេរិក អាចនឹងផ្តល់ «ការវាយប្រហារធំមួយទៀត» ដើម្បីទប់ស្កាត់ មិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ។

លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ (រូប៖ Reuters)

យ៉ាងណា ទីក្រុងតេហរ៉ង់ឯណោះ ក៏មិនញញើតដែរ ដោយនៅតែបោះពាក្យសម្តី​ និងសម្លុតបកទៅវិញដូចគ្នា។ ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi​ គំរាមទីក្រុងវ៉ាស៊ីនតោនថា នឹងមានរឿងភ្ញាក់ផ្អើលជាងមុន កើតឡើង បើអាមេរិក ចាប់ផ្តើមសង្គ្រាម សាជាថ្មី។

សូមជម្រាបជាថ្មី សង្គ្រាមអ៊ីរ៉ង់ ផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារ ផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល ​នាពេលនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម