Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី អ៊ីរ៉ង់ ចេញបញ្ជាឲ្យបើកប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ ក្រោយបិទខ្ទប់ជិត៩០ថ្ងៃ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃចន្ទទី២៥ ខែឧសភា ដោយផ្អែកលើការដកស្រង់សម្តីរបស់មន្ត្រីម្នាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញបញ្ជាឲ្យបើកចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ ក្រោមកាលៈទេសៈដែលប្រទេសនេះបានកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងស្ទើរតែទាំងស្រុងអស់រយៈពេលជិត ៩០ ថ្ងៃ ក្រោយការផ្ទុះឡើងនៃសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក រួមទាំងអ៊ីស្រាអែល។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះបានយោងតាមការបញ្ជាក់ពីប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃក្រសួងទូរគមនាគមន៍របស់ប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេអំពីយន្តការច្បាស់លាស់ ក៏ដូចជាពេលវេលាជាក់លាក់ដែលអ៊ីរ៉ង់នឹងត្រូវភ្ជាប់ទៅកាន់បណ្តាញសកលឡើងវិញ បន្ទាប់ពីការសម្រេចចិត្តនេះ។

យោងតាមអង្គការឃ្លាំមើលប្រព័ន្ធអ៊ីនធឺណិត NetBlocks ភ្នាក់ងារនេះបានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ភាគច្រើនមិនអាចចូលប្រើប្រាស់បណ្តាញអ៊ីនធឺណិតពិភពលោក អស់រយៈពេល ៨៧ ថ្ងៃមកហើយ ដោយមានតែប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលអាចប្រើប្រាស់បណ្តាញ VPN កម្រិតខ្ពស់ដែលមានតម្លៃថ្លៃ ដើម្បីគេចចេញពីការរឹតបន្តឹងទាំងនោះ។

ដំបូងឡើយ អាជ្ញាធរបានដាក់ចេញនូវវិធានការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចាប់តាំងពីថ្ងៃទី ៨ ខែមករា ដើម្បីឆ្លើយតបទៅនឹងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស ដោយការភ្ជាប់ទំនាក់ទំនងបានចាប់ផ្តើមវិលត្រឡប់មក រកភាពប្រក្រតីវិញបន្តិចម្តងៗនៅក្នុងខែកុម្ភៈ។ ប៉ុន្តែ បន្ទាប់មក បណ្តាញអ៊ីនធឺណិតត្រូវបានរឹតបន្តឹង និងកាត់ផ្តាច់ជាថ្មីម្តងទៀត ក្រោយការចាប់ផ្តើមនៃការវាយប្រហារតាមអាកាសពីសំណាក់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

ជាធម្មតា ការចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតសកលនៅក្នុងប្រទេសអ៊ីរ៉ង់ តែងតែរងការរឹតបន្តឹងយ៉ាងខ្លាំង តាមរយៈការត្រួតពិនិត្យ និងបិទគេហទំព័រជាច្រើន ខណៈដែលអាជ្ញាធរកំពុងបង្កើនការពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិតផ្ទៃក្នុង ដើម្បីផ្តល់សេវាកម្មតភ្ជាប់ដោយមិនបាច់ពឹងផ្អែកលើបណ្តាញពិភពលោក ជាពិសេសសម្រាប់សាលារៀន ដែលបច្ចុប្បន្នកំពុងសិក្សាតាមកម្មវិធីសិក្សាបណ្តាញអនឡាញ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក រូប៊ីយ៉ូ ចោទក្រុម ហេសបូឡា ថា ព្យាយាម​រុញ​លីបង់ចូលក្នុង «ភាពវឹកវរ» ក្នុងដំណាក់​កាល​ចរចា​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម