Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការអ៊ីរ៉ង់ សម្រេចព្យួរបទ​​បញ្ជារបស់ប្រធានាធិបតី Pezeshkian

បានផុស

នៅ

ស្ថាប័នតុលាការអ៊ីរ៉ង់ កាលពីថ្ងៃ ទី២៦ ខែឧសភា បានសម្រេចព្យួរការងាររបស់ស្ថាប័នប្រធានាធិបតីមួយ ដែលទើបតែបានបញ្ជាឲ្យស្តារការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតឡើងវិញ បន្ទាប់ពីការ​កាត់ផ្តាច់ស្ទើរតែទាំងស្រុងអស់រយៈពេលជិត​៣​ច្រើនខែ ចាប់តាំងពីមានសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល។

ការសម្រេចចិត្ត​​​ឲ្យ​ផ្អាក​​​​បញ្ជា​របស់​ប្រធានាធិបតី​​ បានកើតឡើងចំពេលមានការរំពឹងទុកថា អ៊ីរ៉ង់-អាមេរិក កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ។

ប្រធានាធិបតី លោក Masoud Pezeshkian (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័រ Mizan Online របស់ស្ថាប័នតុលាការអ៊ីរ៉ង់ បានបង្ហោះផ្សាយថា សេចក្តីសម្រេចព្យួរស្ថាប័នប្រធានាធិបតីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមាន «ការដាក់ពាក្យបណ្តឹងតវ៉ា» ទោះបីជាគេនៅមិនទាន់ដឹងច្បាស់ភ្លាមៗថា តើបុគ្គល ឬភាគីណាមួយ​ជាអ្នកដាក់ពាក្យបណ្តឹងទាំងនោះក៏ដោយ។ សេចក្តីសម្រេចនេះ បានកំណត់គោលដៅដោយផ្ទាល់លើ «ទីស្នាក់ការកណ្តាលពិសេសសម្រាប់រៀបចំ និងគ្រប់គ្រងលំហ​បច្ចេកវិទ្យា​​ (Cyberspace) របស់ប្រទេស» ដែលជាស្ថាប័នមួយទើបតែត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ដោយប្រធានាធិបតី​​អ៊ីរ៉ង់​ លោក Masoud Pezeshkian។

អ្នកនាំពាក្យរដ្ឋាភិបាល​អ៊ីរ៉ង់​ លោកស្រី Fatemeh Mohajerani បានឲ្យដឹងថា ស្ថាប័នពិសេសមួយនេះកាលពីថ្ងៃច័ន្ទ បានសម្រេចចិត្ត «ស្តារប្រព័ន្ធអ៊ីនធឺណិតឡើងវិញ» នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍​ថា លោកប្រធានាធិបតី Pezeshkian បានចេញក្រឹត្យអនុវត្តវិធានការបន្ធូរបន្ថយនេះ។ ទោះជាយ៉ាងណាតាមផ្លូវច្បាប់ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូល ដែលជាស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ គឺជាអ្នកមានអំណាចដាច់ខាតចុងក្រោយក្នុងការសម្រេចបើកប្រព័ន្ធអ៊ីនធឺណិតឡើងវិញ មិនមែនស្ថាប័នរបស់ប្រធានាធិបតីឡើយ។

អំឡុងពេលនៃការកាត់ផ្តាច់អ៊ីនធឺណិតនេះ ប្រជាជនអ៊ីរ៉ង់ត្រូវបានកម្រិតឲ្យប្រើប្រាស់បានត្រឹមតែបណ្តាញទំនាក់ទំនងក្នុងស្រុក និងគេហទំព័រទាំងឡាយណាដែលដំណើរការនៅលើប្រព័ន្ធអ៊ីនត្រាណិត (Intranet) ក្នុងប្រទេសប៉ុណ្ណោះ។ នៅក្នុងសប្តាហ៍ថ្មីៗនេះ អ៊ីរ៉ង់បានណែនាំប្រព័ន្ធអ៊ីនធឺណិតកម្រិតខុសៗគ្នាដែលគេហៅថា «Pro Internet» ដែលវាផ្តល់សិទ្ធិចូលប្រើប្រាស់ក្នុងវិសាលភាពទូលំទូលាយជាងមុន ទៅកាន់ក្រុមអ្នកជំនាញ ឬអាជីពមួយចំនួនដែលត្រូវបានជ្រើសរើស ដោយពួកគេត្រូវបង់ថ្លៃសេវាខ្ពស់ជាងមុន។

សូមជម្រាបជូនថា អាជ្ញាធរអ៊ីរ៉ង់បានចាប់ផ្តើមដាក់កំហិតយ៉ាងតឹងរ៉ឹងលើប្រព័ន្ធអ៊ីនធឺណិតជាលើកដំបូង អំឡុងពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងទ្រង់ទ្រាយធំ ដែលបានឈានដល់ចំណុចកំពូលកាលពីដើមខែមករា មុនពេលដែលពួកគេបានបិទការចូលប្រើប្រាស់ទាំងស្រុងម្តងទៀតកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមផ្ទុះសង្គ្រាម។ គិតត្រឹមថ្ងៃទី៥ ខែសីហា ក្រុមឃ្លាំមើលប្រព័ន្ធអ៊ីនធឺណិត NetBlocks បានបញ្ជាក់ថា ការបិទប្រព័ន្ធអ៊ីនធឺណិតដែលត្រូវបានអនុវត្តបន្ទាប់ពីការផ្ទុះសង្គ្រាមនេះ គឺជា ការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតក្នុងកម្រិតថ្នាក់ជាតិដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាននៅក្នុងប្រទេសណាមួយឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រធានាធិបតី អ៊ីរ៉ង់ ចេញបញ្ជាឲ្យបើកប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ ក្រោយបិទខ្ទប់ជិត៩០ថ្ងៃ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម