Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី អ៊ីស្រាអែល ជឿលើ​ដំណោះស្រាយ​តាមរយៈការទូតជាមួយអ៊ីរ៉ង់ ប៉ុន្តែគាំទ្រ​អាមេរិក​​វាយប្រហារ​

បានផុស

នៅ

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បាននិយាយថា លោកនៅតែជឿជាក់ចំពោះដំណោះស្រាយតាមផ្លូវការទូត ​ថា​ជាផ្លូវដ៏ល្អបំផុតដើម្បីដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ ខណៈពេលដែលលោកបានស្វាគមន៍ការ​វាយប្រហារ​របស់​អាមេរិកលើ​អ៊ីរ៉ង់​ថាជាការឆ្លើយតបដ៏ «ម៉ឺងម៉ាត់ និងច្បាស់លាស់»។

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog (រូបភាព៖Al Arabiya English)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មាន Al Arabiya English នៅ​ទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃទី១៦ ខែកក្កដា លោក Herzog បានលើកឡើងថា លោកមិនមានការភ្ញាក់ផ្អើលទេ ចំពោះការវិវត្តន៍ចុងក្រោយនេះ ដោយលោកបានវាយតម្លៃថា អ៊ីរ៉ង់មានប្រវត្តិដ៏វែងឆ្ងាយក្នុងការរំលោភលើកិច្ចព្រមព្រៀងនានា និងធ្វើសកម្មភាពតាមរយៈអ្នកតំណាងក្នុងតំបន់។

លោកបានគូសបញ្ចាក់ថា «ខ្ញុំជឿជាក់លើដំណោះស្រាយការទូតចំពោះជម្លោះនេះ។ ខ្ញុំគិតថានេះគឺជាអ្វីដែលត្រូវតែធ្វើពិតប្រាកដ ហើយខ្ញុំក៏ដឹងច្បាស់ថា នេះគឺជាជំហរដ៏ច្បាស់លាស់របស់អ៊ីស្រាអែល។ ហេតុដូចនេះ ខ្ញុំរីករាយដែលការឆ្លើយតបរបស់អាមេរិកមានភាពម៉ឺងម៉ាត់ និងច្បាស់លាស់ ដើម្បីឲ្យគ្រប់គ្នាបានយល់ ជាពិសេសជនជាតិអ៊ីរ៉ង់ ថាពួកគេមិនអាចមកលេងសើចនៅទីនេះបានឡើយ» ដោយលោកបានបន្ថែមថា ទីក្រុងតេហេរ៉ង់ត្រូវតែវិលមករកគន្លងត្រឹមត្រូវវិញ ប្រសិនបើចង់ស្វែងរកផ្លូវចេញពីជម្លោះនេះ។

នៅពេលត្រូវបានសួរថា តើសង្គ្រាមជាមួយអ៊ីរ៉ង់គឺជាបរាជ័យជាយុទ្ធសាស្ត្រដែរឬទេ លោក Herzog បានបដិសេធមិនធ្វើការសន្និដ្ឋាននោះឡើយ ដោយលោកលើកឡើងថា កិច្ចប្រឹងប្រែងផ្នែកការទូតនៅតែអាចចាប់ផ្តើមឡើងវិញបាន។

ប្រធានាធិបតីអ៊ីស្រាអែល បានបញ្ជាក់ថា រូបលោកមិនបានស្ថិតនៅក្នុងបន្ទប់ចរចា ហើយអ៊ីស្រាអែលក៏មិនបានចូលរួមក្នុងការចរចានោះដែរ ដូច្នេះក៏មិនចង់ធ្វើការវិនិច្ឆ័យឲ្យដាច់អហង្ការនោះឡើយ ខណៈពេលដែលកិច្ចប្រឹងប្រែងដើម្បីវិលត្រឡប់ទៅរកការចរចាកំពុងបន្តធ្វើឡើង។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងនាពេលអនាគត ត្រូវតែធានាឲ្យបាននូវការរារាំងអ៊ីរ៉ង់មិនឲ្យទទួលបានសមត្ថភាពនុយក្លេអ៊ែរ និងមិនអាចគំរាមកំហែងដល់សហគមន៍អន្តរជាតិបានឡើយ។

លោក Herzog ក៏បានលើកឡើងជាចុងក្រោយថា ការបិទច្រកសមុទ្រ Hormuz ណាមួយ នឹងស្មើនឹងការគំរាមកំហែង និងជាការជម្រិតទារប្រាក់ពីសហគមន៍អន្តរជាតិ។

សូមជម្រាបដែរថា កាលពីខែមិថុនា អាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នាទីក្រុងអ៊ីស្លាម៉ាបាត» តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្អាកអរិភាពយោធាជាបណ្តោះអាសន្ន។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះបានដួលរលំទៅវិញភ្លាមៗ ដោយសារអ៊ីរ៉ង់ចោទអាមេរិកថា មិនបានធ្វើតាមការសន្យា (មិនលើកលែងទណ្ឌកម្មសេដ្ឋកិច្ចឲ្យខ្លួន) ចំណែកអាមេរិកចោទអ៊ីរ៉ង់ថា នៅតែបន្តគាំទ្រក្រុមប្រដាប់អាវុធតំណាង ឲ្យវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​​​ក្នុងជម្លោះ​ដ៏កក្រើក​ជាមួយអាមេរិក លោក Ghalibaf ថា គ្មាន​ហេតុផល​អនុវត្ត MoU បើគ្មានផលចំណេញ​សម្រាប់​អ៊ីរ៉ង់​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម