Connect with us

ព័ត៌មានអន្ដរជាតិ

ដ្រូនអ៊ុយក្រែន វាយប្រហាររថយន្តក្រុងដឹកអ្នកដំណើររុស្ស៊ី ស្លាប់ជនស៊ីវិល ៥នាក់ និងរបួស ២៣នាក់

បានផុស

នៅ

អ៊ុយក្រែន បានបង្កើនការវាយប្រហាររុស្ស៊ី ពីមួយថ្ងៃទៅមួយថ្ងៃ ហើយចុងក្រោយបំផុតនេះ បានបញ្ជូនដ្រូនហោះបំបុករថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បណ្តាលឲ្យជនស៊ីវិល ៥នាក់ បាត់បង់ជីវិត។

(រូប៖ RT)

តាមការផ្សាយរបស់ RT, ការវាយប្រហារនេះ កើតឡើងក្នុងតំបន់ Belgorod នៃទីក្រុង Shebekino ដែលមានចម្ងាយត្រឹមតែ ៦គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនប្រទេសអ៊ុយក្រែន។

អភិបាលតំបន់ស្តីទីលោក Aleksandr Shuvaev ប្រាប់ថា ក្នុងចំណោមមនុស្សស្លាប់ ក៏រួមមានកុមារម្នាក់ផងដែរ ហើយក្រៅពីអ្នកស្លាប់ នៅមាន ២៣នាក់ទៀតត្រូវរបួស ក្នុងនោះ ៣នាក់របួសធ្ងន់។

រុស្ស៊ី ចាត់ទុកការវាយប្រហារនេះ គឺជាអំពើភេរវកម្ម ដោយរបបណាស៊ីសម័យទំនើប ក្នុងទីក្រុងកៀវ ដែលសម្លាប់មិនរើសមុខ ផ្តាច់ជីវិតទាំងជនស៊ីវិលស្លូតត្រង់។

(រូប៖ RT)

រឿងនេះផងដែរ កើតឡើងស្របពេលអ៊ុយក្រែន បើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ ដោយត្រឹមមួយយប់ដល់ព្រឹក មានដ្រូន រហូតដល់ទៅជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ។

តាមសម្តីអភិបាលក្រុងមូស្គូ លោក Sergey Sobyanin, ការវាយប្រហារដោយហ្វូងដ្រូននេះ កើតឡើងពីចន្លោះម៉ោង ៨:៣០នាទីយប់ថ្ងៃអាទិត្យ ទី១៩ ដល់ម៉ោង ៥ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា។ 

ដ្បិតតែមិនបញ្ជាក់ថា តើមានដ្រូនប៉ុន្មានគ្រឿង ហោះធ្លាយចូលទៅវាយប្រហារបានដល់ទីក្រុងមូស្គូ ប៉ុន្តែលោក Sobyanin ប្រាប់ថា ដ្រូនភាគច្រើនត្រូវស្ទាក់ចាប់បាននៅពីចម្ងាយ ខណៈ ៨៥គ្រឿង ត្រូវបាញ់កម្ទេចពេលមកដល់ជិត រដ្ឋធានី។

(រូប៖ Reuters)

កាលពីថ្ងៃសៅរ៍ រុស្ស៊ីក៏ប្រកាសដែរថា ដ្រូនអ៊ុយក្រែន បានសម្លាប់មនុស្ស ៨នាក់ និងជាង ៦០នាក់ទៀតត្រូវរបួស ក្នុងការវាយប្រហារទូទាំងប្រទេស ជាពិសេសបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។

យោងតាមការបញ្ជាក់ពីមន្ត្រីរុស្ស៊ី, ឃ្លាំងទំនិញខ្នាតយក្សចំនួនពីរ របស់ក្រុមហ៊ុនលក់ទំនិញអនឡាញឈានមុខ Wildberries ត្រូវដ្រូនអ៊ុយក្រែន វាយប្រហារ ហើយដ្រូន ក៏ទម្លាក់គ្រាប់លើដេប៉ូស្តុកប្រេងមួយកន្លែង នៅក្នុងទីក្រុង Noginsk ដែលស្ថិតនៅភាគខាងជើងទីក្រុង Elektrostal ផងដែរ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម