Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខការទូតអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នានៅ ម៉ានីល ផ្តោតសំខាន់លើបញ្ហា សង្គ្រាមអ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងសមភាគីរុស្ស៊ី Sergey Lavrov បានជួបពិភាក្សាគ្នា នៅប្រទេសហ្វីលីពីន ខណៈប្រធានបទសំខាន់ ត្រូវបានគេទម្លាយឲ្យដឹងថា គឺ «សង្គ្រាមនៅអ៊ុយក្រែន»។

ប្រមុខការទូតអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នានៅទីក្រុង ម៉ានីល (រូប៖ Reuters)

តាមការផ្សាយរបស់ RT, ជំនួបនេះធ្វើឡើង ខាងក្រៅកិច្ចប្រជុំកំពូលនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ហើយនេះ គឺជាជំនួបទល់មុខគ្នាលើកដំបូង រវាងអ្នកការទូតកំពូលទាំងពីរ បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក។

ទន្ទឹមនោះ គេហទំព័រ Union-Bulletin បានចេញផ្សាយ ដោយដកស្រង់សម្តី Rubio ដែលនិយាយថា លោកទទួលស្គាល់! កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក្នុងការនាំយកសន្តិភាពមកឲ្យជម្លោះនេះ ពិតជាពិបាក និងមានឧបសគ្គបន្តិច។ យ៉ាងណា លោកអះអាងថា សហរដ្ឋអាមេរិក នៅតែបើកចិត្ត ស្ម័គ្រខ្លួនធ្វើជាអ្នកសម្របសម្រួល ពន្លត់ភ្លើងសង្គ្រាមនេះជានិច្ច។

ប្រមុខការទូតអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នានៅទីក្រុង ម៉ានីល (រូប៖ Reuters)

ដ្បិតសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជាប្រធានគោលក៏ពិតមែន ប៉ុន្តែលោក Rubio និង Lavrov ក៏ឆ្លៀតជជែកគ្នាផងដែរ អំពីបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលអាមេរិក ចាប់ដៃអ៊ីស្រាអែល ច្បាំងជាមួយអ៊ីរ៉ង់ និងទំនាក់ទំនងទ្វេភាគី ទីក្រុងវ៉ាស៊ីនតោន-មូស្គូ។

សូមជម្រាបថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី ៥ហើយ ខណៈអាមេរិក បានព្យាយាមសុំចូលខ្លួន ដោះស្រាយម្តងជាពីរដង។

ប្រមុខការទូតអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នានៅទីក្រុង ម៉ានីល (រូប៖ Reuters)

ទោះបែបនេះ ការខិតខំរបស់អាមេរិក មិនបានផលឡើយ ព្រោះតែទាំងទីក្រុងមូស្គូ និងកៀវ សុទ្ធតែបង្ហាញគោលជំហរផ្ទុយគ្នា ជុំវិញការដោះស្រាយជម្លោះនេះ។

យ៉ាងណា អតីតសមាជិកព្រឹទ្ធសភាអាមេរិក មួយរូបធ្លាប់លើកឡើងថា ប្រទេសតែមួយគត់ អាចមានលទ្ធភាពពន្លត់ភ្លើងសង្គ្រាមនេះបាន នោះគឺ «ចិន»។

លោក Lindsey Graham លើកឡើង​ថា ទីក្រុងប៉េកាំង អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការដាក់សម្ពាធលើប្រទេសរុស្ស៊ី ដើម្បីឲ្យឈានទៅរកការចរចាសន្តិភាព និងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម