Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមថា នឹងនៅតែបន្តវាយប្រហារ កប៉ាល់ណាក៏ដោយ ឲ្យតែដឹកអាវុធ ទៅអ៊ុយក្រែន

បានផុស

នៅ

នៅចំពោះមុខភាពតានតឹងផ្នែកការទូតរវាងទីក្រុងមូស្គូ និងញូវដែលី ក្រោយការវាយប្រហារលើកប៉ាល់ មួយគ្រឿង នៅកំពង់ផែក្រុង Odesa ស្រាប់តែរុស្ស៊ី គំរាមថា ខ្លួននឹងនៅតែបន្តវាយប្រហារលើកប៉ាល់ទាំងឡាយណា ដែលដឹកសព្វាវុធនិងគ្រាប់រំសេវ មកឲ្យអ៊ុយក្រែន។

(រូប៖ Reuters)

កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ កប៉ាល់ MV Golden Leo ដោតទង់ជាតិ ហ្គីណេប៊ីហ្ស៊ូ ត្រូវរងការវាយប្រហារដោយមីស៊ីលគ្រូសរបស់រុស្ស៊ី ចំនួន ៣គ្រាប់ បណ្តាលឲ្យនាវិកជនជាតិឥណ្ឌា​ ៤នាក់ស្លាប់ ខណៈមនុស្សមួយចំនួនទៀត រួមមានជនជាតិអ៊ុយក្រែន និងស៊ីរី ក៏បាត់បង់ជីវិតដែរ។

ហេតុការណ៍នេះ ធ្វើឲ្យឥណ្ឌា ប្រតិកម្មយ៉ាងខ្លាំងទៅរដ្ឋាភិបាលទីក្រុងមូស្គូ ដោយបានថ្កោលទោស និងកោះហៅភារធារីរបស់រុស្ស៊ី ប្រចាំទីក្រុងញូវដែលី ដើម្បីធ្វើការតវ៉ាជាផ្លូវការ។

(រូប៖ Reuters)

យ៉ាងណា រុស្ស៊ី បញ្ជាក់ថា ខ្លួនកំពុងដោះស្រាយបញ្ហានេះ ជាមួយភាគីឥណ្ឌា ប៉ុន្តែក្នុងខណៈពេលនោះ វិមានក្រឹមឡាំង ក៏ប្រកាសជំហរច្បាស់ៗផងដែរថា ខ្លួនមិនដកដៃឡើយ ពោលគឺនឹងនៅតែបន្តវាយប្រហារលើកប៉ាល់ទាំងឡាយណា ដែលដឹកសព្វាវុធនិងគ្រាប់រំសេវ មកឲ្យអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RT ដែលថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងមិនឈប់កំណត់គោលដៅ វាយប្រហារលើកប៉ាល់ទាំងនេះឡើយ។ អ្វីដែលសំខាន់បំផុតនោះគឺ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងវាយប្រហារ ហើយនឹងនៅតែបន្តវាយប្រហារ លើកប៉ាល់ទាំងឡាយណា ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រាប់រំសេវ អាវុធ និងគ្រឿងសស្ត្រាវុធផ្សេងៗទៀត សម្រាប់បម្រើឲ្យរបបទីក្រុងកៀវ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូប៖ Reuters)

សូមជម្រាបថា  រុស្ស៊ី បានបង្កើនប្រតិបត្តិការយោធា កាន់តែខ្លាំងឡើងៗ ក្នុងកក្កដានេះ ដោយបើកការវាយប្រហារទាំងដ្រូន និងមីស៊ីលសងសឹក ដើម្បីបំផ្លាញគ្រឿងសស្ត្រាវុធយោធា ដែលលោកខាងលិចផ្គត់ផ្គង់ឲ្យអ៊ុយក្រែន និងកម្ទេចរោងចក្រផលិតដ្រូនរបស់ ទីក្រុងកៀវ។

យ៉ាងណា សកម្មភាពនេះ ក៏បង្កជាក្តីកង្វល់ដល់អន្តរជាតិផងដែរ ដែលគេបារម្ភថា វានឹងរំខានខ្លាំង ដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិស៊ីវិល ប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ និងបណ្តាលឲ្យនាវិកអន្តរជាតិរងគ្រោះថ្នាក់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម