Connect with us

ព័ត៌មានអន្ដរជាតិ

WHO៖ កុំទាន់ចាក់វ៉ាក់សាំងកូវីដ ដូសទី ៣

បានផុស

នៅ

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ្នកមាន មិនគួរបញ្ជាទិញវ៉ាក់សាំងកូវីដបន្ថែម ហើយកុំទាន់ចាក់ឲ្យប្រជាជនដែលទទួលបានវ៉ាក់សាំងរួចហើយអី ខណៈប្រទេសផ្សេងទៀតមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយ។

WHO says countries should not order Covid-19 boosters while others still  need vaccines

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថា ការស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជាថ្មីម្តងទៀត ខណៈវីរុសបំប្លែងខ្លួន Delta កំពុងវាយលុកពិភពលោក ហើយប្រទេសជាច្រើនមិនទាន់ទទួលបាន វ៉ាក់សាំងគ្រប់គ្រាន់ដើម្បីការពារបុគ្គលិកសុខាភិបាលរបស់ពួកគេនៅឡើយទេ។

លោក Tedros បានប្រាប់សន្និសីទកាសែតថា “វីរុសបំប្លែងខ្លួន Delta កំពុងវាយប្រហារនៅជុំវិញពិភពលោក ក្នុងល្បឿនមួយដ៏លឿនបំផុត ដោយជំរុញឲ្យមានការកើនឡើងនូវករណីឆ្លង និងស្លាប់”។ លោកកត់សម្គាល់ថា វីរុសឆ្លងសាហាវ ដែលគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាមួយនេះ បច្ចុប្បន្នត្រូវបានគេរកឃើញ នៅក្នុងប្រទេសជាង១០០ហើយ។

លោក Tedros លើកឡើងថា “គម្លាតជាសកលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ គឺមិនស្មើគ្នាទេ។ ប្រទេសនិងតំបន់មួយចំនួន ពិតជាកំពុងបញ្ជាទិញវ៉ាក់សាំងបន្ថែមរាប់លានដូស មុនពេលប្រ​ទេសផ្សេងទៀត មានការផ្គត់ផ្គង់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាលនិងងាយរងគ្រោះបំផុត”។

លោកបានចង្អុលទៅក្រុមហ៊ុន Pfizer និង Moderna ថាជាក្រុមហ៊ុនដែលមានបំណង ផ្តល់វ៉ាក់សាំងបន្ថែមទៀតដល់ប្រទេស ដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់រួចទៅហើយ។ លោក Tedros និយាយថា ពួកគេគួរតែបង្វែរវ៉ាក់សាំងរបស់ពួកគេទៅឲ្យកម្មវិធី COVAX វិញ។

ស្របពេលជាមួយគ្នានោះដែរ ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បាននិយាយថា រហូតមកដល់ពេលនេះ ស្ថាប័នសុខភាពពិភពលោកមួយនេះ មិនទាន់រកឃើញភស្តុតាងដែលបង្ហាញថា ការចាក់វ៉ាក់សាំងបន្ថែមដូស គឺមានភាពចាំបាច់សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញហើយនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ WHO ៖ អ្នកស្លាប់ដោយកូវីដនៅលើលោកកើនឡើងជាថ្មីម្តងទៀត ក្រោយធ្លាក់ចុះ ១០ សប្ដាហ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម