Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកឆ្លង Omicron ភាគច្រើននៅអាមេរិក គឺជាអ្នកចាក់វ៉ាក់សាំងគ្រប់ដូស

បានផុស

នៅ

ភាគច្រើននៃករណីវីរុសបំប្លែងខ្លួន Omicron ចំនួន៤៣ករណី ដែលត្រូវបានរកឃើញនៅសហរដ្ឋអាមេរិកគិតត្រឹមពេលនេះ គឺកើតលើអ្នកចាក់វ៉ាក់សាំងពេញលេញ ហើយមួយភាគបីនៃករណីទាំងនោះ គឺជាអ្នកទទួលបានដូសជំរុញ។ នេះបើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកដែលចេញផ្សាយកាលពីថ្ងៃសុក្រ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយថា ក្នុងចំណោមករណីទាំង៤៣ ក្នុងនោះមានមនុស្ស៣៤នាក់បានចាក់វ៉ាក់សាំងពេញលេញ។ ១៤នាក់ក្នុងនោះ ក៏បានទទួលវ៉ាក់សាំងដូសជំរុញផងដែរ។

ថ្វីបើចំនួនមានតិចក៏ដោយ ប៉ុន្តែរឿងនេះបានបន្ថែមការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន អាចផ្តល់ការការពារតិចជាងមុន ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី។

គិតត្រឹមពេលនេះ វីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តនៅក្នុងរដ្ឋប្រហែល២២ បន្ទាប់ពីលេចចេញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង និងហុងកុងកាលពីចុងខែវិច្ឆិកា។

ក្នុងចំណោមករណី Omicron មាន២៥នាក់ជាមនុស្សដែលមានអាយុពី១៨ទៅ៣៩ឆ្នាំ និង១៤នាក់បានធ្វើដំណើរទៅក្រៅប្រទេស។ មនុស្ស៦នាក់ ធ្លាប់បានឆ្លងវីរុសកូវីដកាលពីមុន។

របាយការណ៍បាននិយាយថា ភាគច្រើននៃអ្នកជំងឺមានរោគសញ្ញាស្រាលៗដូចជា ក្អក តឹងច្រមុះ និងអស់កម្លាំង ហើយមានមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរយៈពេលពីរថ្ងៃ។ រោគសញ្ញាផ្សេងទៀតដែលមិនសូវជាញឹកញាប់ រួមទាំងចង្អោរ ឬក្អួត ដង្ហើមខ្លី ឬពិបាកដកដង្ហើម រាគ និងបាត់បង់រសជាតិ ឬក្លិន។

គួរបញ្ជាក់ថា ករណី Omicron ដំបូងគេរបស់សហរដ្ឋអាមេរិក ត្រូវបានរកឃើញនៅថ្ងៃទី១ ខែធ្នូក្នុងខ្លួនមនុស្សចាក់វ៉ាក់សាំងពេញលេញ ដែលបានធ្វើដំណើរទៅអាហ្វ្រិកខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ទីបំផុត សិង្ហបុរី មានអ្នកឆ្លង Omicron ក្នុងសហគមន៍ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម