Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹត្តិការណ៍ពិភពលោកល្បីបំផុតប្រចាំឆ្នាំ២០២១

បានផុស

នៅ

ក្នុងរយៈពេល១២ខែកន្លងមកនេះ មានរឿងរ៉ាវធំៗជាច្រើនបានកើតឡើង រាប់ចាប់តាំងពីការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងបន្ត។

កម្ពុជាថ្មី សូមសង្ខេបព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២១៖

ប្រធានាធិបតី​ ហៃទី​ ត្រូវ​បាន​គេ​ធ្វើឃាត

នៅខែកក្កដា បុរសមួយក្រុមបានសម្រុកចូលវិមានប្រធានាធិបតីក្នុងប្រទេសហៃទី និងធ្វើឃាតលោកប្រធានាធិបតី Jovenel Moise។

ប៉ុន្មានខែមុនពេលគាត់ស្លាប់ លោក Moise បានចាប់ផ្តើមចងក្រងបញ្ជីអ្នកជំនួញ និងឥស្សរជននយោបាយហៃទីដ៏មានឥទ្ធិពល ដែលជាប់ពាក់ព័ន្ធក្នុងបណ្តាញជួញដូរគ្រឿងញៀន។

លោកប្រធានាធិបតី​ បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ប្រឆាំង​គ្រឿងញៀន និង​អ្នករត់ពន្ធ​អាវុធ។ មន្ត្រី​ខ្លះ​គិតថា ​គាត់​ត្រូវ​គេ​សម្លាប់ដោយសារតែរឿងនេះ។

អំពើហិង្សា អ៊ីស្រាអែល-ហ្គាហ្សា

ជម្លោះ​នៅ​មជ្ឈិមបូព៌ា​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្តង​ទៀត ហើយ​ក្លាយ​ជា​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​មួយ​រវាង​ ហ្គាហ្សានិង​អ៊ីស្រាអែល។

កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារយោធាទ្រង់ទ្រាយធំ លើជ្រោយហ្គាហ្សា ដែលអូសបន្លាយពេល១១ថ្ងៃ។ ក្នុងអំឡុងពេលនោះ ពួកគេបានធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំរាប់ពាន់លើកទៅលើតំបន់ឡោមព័ទ្ធតូចមួយ ដែលមានប្រជាជន២ លាននាក់រស់នៅ។

ការវាយប្រហារនោះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន២៥៤នាក់ បំផ្លាញលំនៅដ្ឋានរាប់ពាន់ខ្នង និងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ។

រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

​យោធា​មីយ៉ាន់ម៉ា​ បាន​ដណ្តើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​លោកស្រី​ អ៊ុងសាន ស៊ូជី។

ការតវ៉ាទ្រង់ទ្រាយធំ កំពុងកើតឡើងនៅទូទាំងប្រទេស ខណៈកងកម្លាំងសន្តិសុខបានបង្រ្កាបដោយបើកការបាញ់ប្រហារទៅលើបាតុករគ្មានអាវុធ ដោយសម្លាប់មនុស្សជាង ១,៣០០នាក់ និងចាប់ខ្លួនជាង ១០០ នាក់។

ក្នុងរយៈពេលប៉ុន្មានខែចាប់តាំងពីរដ្ឋប្រហារមក មេដឹកនាំស៊ីវិលរបស់ប្រទេសនេះ បានប្រឈមមុខនឹងការចោទប្រកាន់នៅក្នុងតុលាការសម្ងាត់។

សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

នៅពេលដែលសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនឈានចូលដល់ឆ្នាំទី៨ មនុស្សជាច្រើនមានការភ័យខ្លាចថា ទីក្រុងមូស្គូអាចនឹងកំពុងរៀបចំការវាយលុកយោធាទ្រង់ទ្រាយធំ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សម្ព័ន្ធមិត្តអាមេរិក អឺរ៉ុប និងអង្គការណាតូ ក៏ដូចជាមន្ត្រីអ៊ុយក្រែន បានព្រមានថា រុស្ស៊ីបានប្រមូលផ្តុំកម្លាំងយោធា និងឧបករណ៍សំខាន់ៗនៅជិតព្រំដែនរបស់ខ្លួនជាប់អ៊ុយក្រែន។

ការ​រាតត្បាតនៃជំងឺកូវីដ១៩ជាសកល

ឆ្នាំថ្មីបាននាំមកជាមួយនូវក្តីសង្ឃឹមដ៏អស្ចារ្យ សម្រាប់ការបញ្ចប់នៃជំងឺរាតត្បាតកូវីដ១៩ ដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំធេង ប៉ុន្តែមេរោគនៅតែបន្តបំប្លែងខ្លួន ដោយបានសម្លាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។

វីរុសបំប្លែងខ្លួន ដែលតា ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយវានាំឲ្យមានរលកទីពីរនៃករណីកូវីដដ៏ធំនៅក្នុងប្រទេសនានា និងទូទាំងពិភពលោក។

ហើយថ្មីៗនេះ អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងបានរកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ អូមីក្រុង និងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសជាច្រើន។

អាមេរិក ដកទ័ពចេញពីប្រទេស អាហ្វហ្គានីស្ថាន

យន្តហោះយោធាអាមេរិកចុងក្រោយ បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលសម្គាល់ជាការបញ្ចប់សង្រ្គាមដ៏យូរបំផុតរបស់ខ្លួន។

ក្រុមតាលីបង់ បានវាយលុកពាសពេញប្រទេសនេះ ដោយដណ្តើមបានទីក្រុងធំៗទាំងអស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ខណៈសន្តិសុខអាហ្វហ្គានីស្ថានដែលទទួលការបណ្តុះបណ្តាល និងបំពាក់បំប៉នដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរលាយបាត់អស់។

ប្រជាជនអស់សង្ឃឹម បាននាំគ្នារត់ចេញពីប្រទេស ខណៈក្រុមបះបោរបានដណ្តើមអំណាចមកវិញ៕

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ ជម្លោះធំៗក្នុងឆ្នាំ២០២០ដែលសឹងតែផ្ទុះសង្គ្រាមលោកលើកទី៣ទៅហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម