រដ្ឋាភិបាលទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោនបានកំពុងគ្រប់គ្រងលើក្រុមចរចាអ៊ុយក្រែនដោយមានគោលបំណងអូសបន្លាយជម្លោះ ហើយគោលនយោបាយនេះនាំឲ្យមានការផ្អាកកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងកៀវ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃអង្គារ៍។
ថ្លែងក្នុងកម្មវិធីម៉ារ៉ាតុងអប់រំ New Horizons លោក Lavrov បានលើកឡើងថា ៖«អ៊ុយក្រែនបានធ្វើការសម្រេចផ្ទាល់ខ្លួនហើយនៅទីក្រុងអ៊ីស្តង់ប៊ុល នៅពេលដែលមានគោលការណ៍មួយចំនួនអាចទទួលយកបានសម្រាប់ការឈានដល់កិច្ចព្រមព្រៀងអំឡុយពេលការចរចាជាមួយរុស្ស៊ី»។ ទោះបីជាយ៉ាងណា យោងតាមលោករដ្ឋមន្ត្រី គំនិតទាំងនោះមិនត្រូវបានគាំទ្រដោយប្រទេសលោកខាងលិចឡើយ។
នាយករដ្ឋមន្ត្រីអង់គ្លេស Johnson និងប្រធានាធិបតីអាមេរិក ចូ បៃដិន
«យើងខ្ញុំមានព័ត៌មានដែលចេញតាមបណ្តាញជាច្រើនដែលទីក្រុងវ៉ាស៊ីនតោន និងជាពិសេស ទីក្រុងឡុងដ៍បានដឹកនាំអ្នកចរចាអ៊ុយក្រែន និងគ្រប់គ្រងសេរីភាពរបស់ពួកគេ។ ពួកគេចង់អូយបន្លាយជម្លោះ ហើយវាហាក់ដូចជា ពួកគេមើលឃើញថា ជម្លោះកាន់តែយូរ កាន់តែធ្វើឲ្យខូចខាតទាហានរុស្ស៊ី»។ លោក Lavrov មានប្រសាសន៍។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីមានការងឿឆ្ងល់ថា ៖«ការផ្ទេកិច្ចសន្ទនាទៅកម្រិតនៃទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងឡុងដ៍ នឹងអាចមានការផ្លាស់ប្តូរអ្វីមួយក្នុងលក្ខខណ្ឌនៃវឌ្ឍនភាព។ ផ្ទុយទៅវិញ ទាំងទីក្រុងឡុងដ៍ វ៉ាស៊ីនតោន និងទាំងប្រទេសលោកខាងលិចទាំងមូលមិនបានដាក់សំណើណាមួយឡើយ»។
ពិតណាស់ ប្រទេសលោកខាងលិចបានទទួលស្គាល់ថា អ៊ុយក្រែនអាចចំណាយបាននៅក្នុងសង្គ្រាមកូនកាត់ជាមួយរុស្ស៊ី។ លោក Lavrov បានអះអាងដោយយោងទៅលើការលើកឡើងរបស់មន្ត្រីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងអាមេរិកដែលបាននិយាយជាច្រើនមកហើយថា រុស្ស៊ីមិនគួរត្រូវបានអនុញ្ញាតឲ្យឈ្នះសង្គ្រាមនៅប្រទេសអ៊ុយក្រែនឡើយ។
លោក Lavrov បានលើកឡើងថា ៖«ពួកគេបានប្រកាសសង្គ្រាមយ៉ាងច្បាស់ណាស់។ ហើយមិនមែនទាល់តែសោះរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែជាសង្គ្រាមរវាងប្រទេសលោកខាងលិច និងរុស្ស៊ី»។
កាលពីព្រឹកថ្ងៃអង្គារ៍ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយថា កិច្ចសន្ទនាការទូតរវាងទីក្រុងមូស្គូ និងកៀវត្រូវបានផ្អាកទាំងស្រុង បន្ទាប់ពីទីក្រុងកៀវបានដកការចរចាដោយគ្មានការផ្តល់ការឆ្លើយតបអ្វីសោះទៅនឹងសំណើចុងក្រោយបំផុតរបស់រុស្ស៊ី។
ក្រោយមក ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak បានបញ្ជាក់ថា ៖«បន្ទាប់ពីកិច្ចចរចានៅទីក្រុងអ៉ិស្តង់ប៊ុលកាលពីខែមីនា មិនមានការប្រែប្រួល និងវឌ្ឍនភាពទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT