Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់មូលហេតុមិនទាន់បើកការវាយលុកទៅ រុស្ស៊ី វិញ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា ការវាយលុករបស់កងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី នឹងត្រូវរង់ចាំរហូតដល់រដូវក្ដៅក្នុងខែមិថុនា ដោយសារតែបច្ចុប្បន្ន​រដ្ឋាភិបាលទីក្រុងកៀវនៅ​ខ្វះខាត​អាវុធ និង​គ្រាប់​រំសេវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក The Hill, លោក Shmyhal បានលើកឡើងថា “ដើម្បីឈានទៅដល់ការវាយលុកទ្រង់ទ្រាយធំ មនុស្សម្នាក់ត្រូវតែមានអ្វីក្នុងដៃ ១០០ ភាគរយ ហើយប្រសិនបើមានភាគរយលើសនេះ វានឹងកាន់តែល្អប្រសើរ” ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា “ប៉ុន្តែទោះជាយ៉ាងណា ជំហានដំបូង យើងត្រូវការកាំភ្លើងធំ ក៏ដូចជាគ្រាប់រំសេវបន្ថែមជាមុនសិន ហើយយើងក៏ត្រូវការមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយបន្ថែមទៀតផងដែរ ជាពិសេសយើងត្រូវការរថក្រោះ និងយន្តហោះចម្បាំង” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ធ្លាប់បានបង្ហាញកាលពីខែមុនថា រថក្រោះដែលផ្តល់ដោយប្រទេសអាល្លឺម៉ង់ និងដៃគូផ្សេងទៀត នឹងត្រូវដាក់ពង្រាយទៅកាន់សមរភូមិនៅប្រហែលខែឧសភា ។

រដ្ឋាភិបាល​អាល្លឺម៉ង់​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​ធំ​បំផុត​របស់​អ៊ុយក្រែនប្រចាំនៅ​សហភាព​អឺរ៉ុប ​អំឡុង​ពេល​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បានចំណាយប្រាក់ចំនួន ២.២ ពាន់លានដុល្លារលើជំនួយយោធាដល់ទីក្រុងកៀវកាលពីឆ្នាំមុន ។

ទន្ទឹមនោះ អាល្លឺម៉ង់ក៏នឹងផ្ដល់ប្រាក់បន្ថែមចំនួន ២.៤ ពាន់លានដុល្លារទៀតនៅឆ្នាំ ២០២៣ នេះ ខណៈរដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានសន្យារួចហើយថា នឹងផ្គត់ផ្គង់រថក្រោះប្រយុទ្ធខ្លារខិន Leopard 2 ចំនួន ១៨ គ្រឿង និងរថពាសដែកធុន Marder ចំនួន ៤០ គ្រឿងដល់ទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម