Connect with us

ព័ត៌មានអន្ដរជាតិ

ទោះជាប់ពន្ធនាគារ តែអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រើសំឡេង AI ដើម្បីកៀរគរ អ្នកបោះឆ្នោត

បានផុស

នៅ

បញ្ញាសិប្បនិមិត្ត (AI) បានអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតចេញពីពន្ធនាគារ ដោយគេយកសំឡេងក្លូនរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ ទៅធ្វើសុន្ទរកថាកៀរគរគាំទ្រជំនួសមុខឲ្យគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan (រូបថត៖ The​ Intercept)

លោក Khan បានជាប់ពន្ធនាគារតាំងពីខែសីហាមកម្ល៉េះ ហើយកំពុងត្រូវបានកាត់ទោសពីបទទម្លាយឯកសារសម្ងាត់ ប៉ុន្តែគាត់ថា នេះជាការចោទប្រកាន់មិនពិត ដើម្បីបញ្ឈប់គាត់មិនឲ្យចូលរួមក្នុងការបោះឆ្នោតទូទៅ ដែលនឹងរៀបចំឡើងក្នុងខែកុម្ភៈឆ្នាំ២០២៤។

ទោះបីជាយ៉ាងណាក៏ដោយ គណបក្ស Pakistan Tehreek-e-Insaf (PTI) របស់គាត់ បានប្រើ AI ដើម្បីបង្កើតសាររយៈពេល៤នាទីពីបុរសអាយុ៧១ឆ្នាំរូបនេះ ដើម្បីថ្លែងទៅអ្នកគាំទ្រលើបណ្តាញអ៊ិនធើណិត។

ខ្លឹមសារនៃសុន្ទរកថាសរសេរដោយដៃ ត្រូវបានអនុញ្ញាតដោយពន្ធនាគារ ហើយរៀបរៀងនិងឆ្លងការត្រួតពិនិត្យដោយមេធាវី រួចផលិតចេញជាសំឡេងដោយប្រើឧបករណ៍ពីក្រុមហ៊ុន AI ElevenLabs។

សំឡេង​ដែល​ធ្វើ​ត្រាប់​តាម​លោក Khan ​និយាយ​ថា​ “​បងប្អូន​ជនរួមជាតិ​ប៉ាគីស្ថាន ​ជា​ដំបូង​ខ្ញុំ​សូម​សរសើរដល់​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​សម្រាប់​ការ​ប៉ុនប៉ង​ជា​ប្រវត្តិសាស្ត្រ​នេះ។ ប្រហែលជាអ្នកទាំងអស់គ្នាឆ្ងល់ហើយថាតើ ខ្ញុំកំពុងជាប់ពន្ធនាគារដោយរបៀបណា? ថ្ងៃនេះ ការប្តេជ្ញាចិត្តរបស់ខ្ញុំសម្រាប់សេរីភាពពិតប្រាកដ គឺរឹងមាំខ្លាំងណាស់។ គណបក្សរបស់យើង មិនត្រូវបានអនុញ្ញាតឲ្យរៀបចំការជួបជុំជាសាធារណៈទេ។ ប្រជាជនរបស់យើងត្រូវបានចាប់ពង្រត់ ហើយគ្រួសាររបស់ពួកគេកំពុងត្រូវបានគេយាយី”។

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan (រូបថត៖ EPA)

សំឡេងនេះ ត្រូវបានចាក់ផ្សាយនៅលើ Facebook, X និង YouTube ហើយមានភ្ជាប់ជាមួយវី ដេអូនិងរូបភាពប្រវត្តិសាស្ត្ររបស់លោក Khan ទៀតផង ដោយទាក់ទាញការទស្សនារាប់លានដង។

PTI គឺជាគណបក្សនយោបាយដំបូងគេនៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងទូលំទូលាយ ពោលគឺប្រើប្រាស់កម្មវិធីនានា ដើម្បីទាក់ទាញមនុស្សវ័យក្មេង ដែលជួយគណបក្សឲ្យឡើងកាន់អំណាចកាលពី៥ឆ្នាំមុន។

សូមបញ្ជាក់ជាថ្មី លោក Imran ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយកាលពីថ្ងៃទី៥ខែសីហា។ លោកមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាច្រើន ហើយការកាត់ក្តីមួយចំនួនគឺធ្វើឡើងក្នុងពន្ធនាគារបិទទ្វារ ដែលអ្នកជំនាញផ្នែកច្បាប់និយាយថា ជាការរំលោភសិទ្ធិក្នុងដំណើរការនីតិវិធីដោយយុត្តិធម៌៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Gulf Times

ចុចអាន៖ តុលាការកំពូល ប៉ាគីស្ថាន សម្រេចថា ការចាប់ខ្លួនលោក Imran Khan គឺខុសច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម