ព័ត៌មានអន្ដរជាតិ
ដំណើរជីវិត និងការចាប់កំណើតអាជីពនយោបាយលោក ថាក់ស៊ីន
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃកាលពីថ្ងៃទី១៨ ខែកុម្ភៈ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ស្របពេលដែលស្ថានភាពរបស់លោកក៏ស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ ។

ទន្ទឹមនោះ ការសម្រេចលើកលែងទោសលើលោក ថាក់ស៊ីន ក៏ដោយសារតែអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះស្ថិតក្នុងបញ្ជីទណ្ឌិតចំនួន ៩៣០ នាក់ដែលត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមក ហើយនេះគឺជាព្រឹត្តិការណ៍សំខាន់ៗក្នុងឆាកជីវិត និងអាជីពនយោបាយរបស់មហាសេដ្ឋីរូបនេះ ៖
-ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ ៖ លោក ថាក់ស៊ីន កើតក្នុងគ្រួសារមានដើមកំណើតជនជាតិចិនដ៏លេចធ្លោមួយនៅភាគខាងជើង ។
-ឆ្នាំ ១៩៨៧ ៖ បង្កើតក្រុមហ៊ុនទូរគមនាគមន៍ Shin និងក្លាយជាមហាសេដ្ឋីមានជាងគេបំផុតរបស់ប្រទេសថៃ ។
-ឆ្នាំ ១៩៩៤ ៖ ក្លាយជារដ្ឋមន្ត្រីការបរទេសក្នុងជួររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Chuan Leekpai ។
-ឆ្នាំ ១៩៩៥ ៖ កាន់ការជាឧបនាយករដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Banharn Silpa-archa ។
-ឆ្នាំ ១៩៩៦ ៖ មានឋានៈជាឧបនាយករដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Chavalit Yongchaiyudh ។
-ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ ៖ លោក ថាក់ស៊ីន បង្កើតគណបក្សថៃស្រឡាញ់ថៃ (TRT) ។
-ថ្ងៃទី៦ ខែមករា ឆ្នាំ២០០១ ៖ លោក ថាក់ស៊ីន នាំនាវា គណបក្សថៃស្រឡាញ់ថៃ ឈ្នះកៅអីសភាចំនួន ២៤៨ អាសនៈ ។
–ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១ ៖ លោក ថាក់ស៊ីន កាន់តំណែងជានាយករដ្ឋមន្ត្រីទី ២៣ របស់ថៃ ។
–ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៥ ៖ គណបក្សថៃស្រឡាញ់ថៃ ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភាដោយរកបានកៅអី ៣៧៧ ក្នុងចំណោម ៥០០ អាសនៈ ហើយក្លាយជាគណបក្សដំបូងគេបង្កើតរដ្ឋាភិបាលឯកបក្ស ។
–ថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៥ ៖ លោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីជាលើកទីពីរ ។
–ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ៖ លោក ថាក់ស៊ីន ត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារ បន្ទាប់ពីសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យផ្ទុះតវ៉ាអស់រយៈពេលជាច្រើនខែ ហើយអតីតនាយករដ្ឋមន្ត្រីរូបនេះរត់ទៅជ្រកកោនជីវិតនយោបាយនៅបរទេស ។
–ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៧ ៖ គណបក្សថៃស្រឡាញ់ថៃ ត្រូវបានរំលាយចោលតាមដីការបស់តុលាការកំពូល ។
–ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ៖ លោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញ បន្ទាប់ពីគណបក្សអំណាចប្រជាជន ដែលជាការចាប់បដិសន្ធិឡើងវិញរបស់បក្សថៃស្រឡាញ់ថៃ ឈ្នះការបោះឆ្នោត ។
–ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៨ ៖ លោក ថាក់ស៊ីន ហោះទៅប្រទេសអង់គ្លេស ដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយ និងបន្តរស់នៅនិរទេសខ្លួន ។
–ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ៖ លោក ថាក់ស៊ីន ត្រឡប់មកជាន់ទឹកដីថៃសាជាថ្មី ។
–ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ៖ លោក ថាក់ស៊ីន ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រពីការជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំ ។
–ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ៖ លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាពមុនកាលកំណត់ ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានវិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ ខណៈនៅថ្ងៃដដែលនោះ តុលាការកំពូលថៃក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ប៉ុន្តែត្រូវបានព្រះមហាក្សត្រសម្រេចព្រះទ័យលើកលែងទោសមកនៅត្រឹម ១ ឆ្នាំវិញ ហើយក៏បន្តអនុវត្តតាមទោសទណ្ឌ រហូតឈានដល់ការដោះលែងឲ្យមានសេរីភាពនេះតែម្ដង ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ថៃ ជាប់ជាប្រទេសមានកម្រិត IQ លំដាប់ទី ៥ នៅអាស៊ាន និង ៦៤ លើពិភព លោក តែចាញ់ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


