ព័ត៌មានអន្ដរជាតិ
លោក Netanyahu បង្ហើបប្រាប់ពីចំនួនអ្នកចម្បាំងក្រុមហាម៉ាសស្លាប់ក្នុងភ្លើងសង្គ្រាមរយៈពេល ៥ ខែ
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានថ្លែងកាលពីថ្ងៃអាទិត្យថា កម្លាំងទ័ពអ៊ីស្រាអែលបានសម្លាប់អ្នកចម្បាំងរបស់ក្រុមហាម៉ាសយ៉ោងហោចណាស់ ១៣,០០០ នាក់ ក្នុងភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយលោកថែមទាំងប្ដេជ្ញានឹងបន្តប្រតិបត្តិការវាយលុករុលចូលទៅប៉ែកខាងត្បូងនៃតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះផងដែរ ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ។

យោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបានឲ្យដឹងថា ក្នុងភ្លើងសង្គ្រាមឆេះរោលរាលរយៈពេល ៥ ខែមកនេះ ពលរដ្ឋប៉ាឡេស្ទីនជិត ៣១,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ពោលចាប់តាំងពីផ្ទុះការវាយឆ្មក់របស់ក្រុមហាម៉ាសចូលមកក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយនៅពេលនោះបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ និងចាប់ឈ្លើយសឹកចំនួន ២៥៣ នាក់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាមិនបានបញ្ជាក់លម្អិតពីចំនួនជាក់ច្បាស់ណាមួយនៃការស្លាប់បាតបង់ជីវិតរវាងអ្នកចម្បាំងរបស់ក្រុមហាម៉ាស និងជនស៊ីវិលនោះឡើយ ពោលខាងក្រសួងគ្រាន់តែបញ្ជាក់ថា ៧២ ភាគរយនៃអ្នកឃ្លាតរូបកាយទាំងនោះគឺជា ស្ត្រី និងកុមារ ។

ចំណែកខាងក្រុមហាម៉ាសវិញក៏បានចេញមកទាត់ចោលទាក់ទិននឹងការអះអាងរបស់អ៊ីស្រាអែលពីចំនួនអ្នកស្លាប់នៃក្រុមអ្នកចម្បាំងរបស់ខ្លួនផងដែរ ហើយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះថែមទាំងបោះពាក្យសម្ដីទៅវិញថា នេះគ្រាន់តែជាការចិញ្ចឹមចិត្តប្រកាសជ័យជម្នះក្លែងក្លាយតែប៉ុណ្ណោះ ។
ជាការឆ្លើយតបលោក Netanyahu បានប្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Axel Springer ដែលជាក្រុមហ៊ុនមេរបស់កាសែត Politico, កាសែត Bild និងទូរទស្សន៍ Welt TV ថា “អ៊ីស្រាអែលនឹងពង្រីកប្រតិបត្តិការវាយសង្គ្រប់របស់ខ្លួន ជាពិសេសរុលចូលទៅទីក្រុង Rafah ប៉ែកខាងត្បូងតំបន់ហ្គាហ្សា ហើយនេះគឺជាក្បួនយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការកម្ចាត់ក្រុមហាម៉ាសឲ្យរលាយសាបសូន្យ” ។
គួរបញ្ជាក់ថា ទាំងសហរដ្ឋអាមេរិក និងមិត្តបរទេសរបស់អ៊ីស្រាអែលបានជំរុញឲ្យលោក Netanyahu កុំបើកប្រតិបត្តិការវាយលុកក្នុងទ្រង់ទ្រាយណាមួយចូលទៅក្នុងទីក្រុង Rafah ឲ្យសោះ ដោយសារតែជាងពាក់កណ្ដាលនៃពលរដ្ឋហ្គាហ្សាប្រមាណ ២.៣ លាននាក់កំពុងជ្រកកោននៅក្នុងទីក្រុងជាប់ព្រំដែនអេហ្ស៊ីបមួយនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


