Connect with us

ព័ត៌មានអន្ដរជាតិ

​រដ្ឋមួយ​របស់​អាល្លឺម៉ង់ បើកភ្លើងខៀវឲ្យគម្រោង​វិនិយោគ​​​​ថាមពល​​នុយក្លេអ៊ែររួមគ្នា រវាងបារាំង និងរុស្ស៊ី​ បន្ត​ដំណើរ​

បានផុស

នៅ

អាជ្ញាធរអាល្លឺម៉ង់ បានប្រកាសផ្ដល់ការអនុម័តដល់គម្រោងនុយក្លេអ៊ែររួមគ្នារវាងបារាំង និងរុស្ស៊ី ដែលជាគម្រោងដ៏ចម្រូងចម្រាសមួយ ខណៈក្រុមអ្នករិះគន់ព្រួយបារម្ភថា អាចនឹងបើកផ្លូវឲ្យទីក្រុងមូស្គូធ្វើសកម្មភាពចារកម្ម។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបណ្តាក់ទុនរួមគ្នា ដែលរៀបចំឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបារាំង Framatome និងទីភ្នាក់ងារថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom នេះ មានគោលបំណងផលិតក្បាលឥន្ធនៈ សម្រាប់ប្រើប្រាស់ក្នុងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ ដែលរចនាឡើងដោយរុស្ស៊ី។ គម្រោងនេះ នឹងត្រូវឈរជើងនៅឯរោងចក្រដំឡើងក្បាលឥន្ធនៈរបស់ក្រុមហ៊ុន Framatome ក្នុងទីក្រុង Lingen នៃរដ្ឋ Lower Saxony។

ក្រសួងបរិស្ថានប្រចាំរដ្ឋ Lower Saxony បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២២ ខែកក្កដា ថា ខ្លួនបាន «សម្រេចចិត្តអនុម័ត» លើគម្រោងមួយនេះរួចហើយ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន france24

ទោះជាយ៉ាងណា លោក Roderich Kiesewetter សមាជិកដ៏លេចធ្លោម្នាក់ មកពីគណបក្ស​និយម​​កណ្តាល (CDU) របស់​អធិការ​បតី​អាល្លឺម៉ង់​ Friedrich Merz បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធ គួរតែចូលជ្រៀត​ជ្រែកដើម្បីទប់ស្កាត់គម្រោងនៅទីក្រុង Lingen នេះ មិនឲ្យដំណើរការទៅមុខរួច​។ លោក Kiesewetter បានប្រាប់គេហទំព័រ Politico ថា ការសម្រេចចិត្តរបស់រដ្ឋ Lower Saxony គឺ មានគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងត្រូវតែលុបចោលវិញ។

យ៉ាងណាមិញ នាបច្ចុប្បន្ននេះ អាល្លឺម៉ង់ គឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី ហើយប្រទេសនេះកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ចំពោះសញ្ញានៃ «សង្គ្រាម​ចម្រុះ» ដែលដឹកនាំដោយទីក្រុងម៉ូស្គូ។ ជាក់ស្ដែង អាល្លឺម៉ង់ខ្លួនឯង ក៏បានបិទម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរចុងក្រោយបង្អស់របស់ខ្លួន រួចរាល់ហើយ កាលពីឆ្នាំ២០២៣ កន្លងទៅ។

មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបមិនទាន់ដាក់ទណ្ឌកម្មលើទីភ្នាក់ងារថាមពលនុយក្លេអ៊ែររុស្ស៊ី Rosatom ទេ ដោយសារប្រទេសអឺរ៉ុបខាងកើតមួយចំនួននៅតែពឹងផ្អែកលើការផ្គត់ផ្គង់ក្បាលឥន្ធនៈពីរុស្ស៊ី ដើម្បីរក្សាស្ថិរភាពថាមពល។ ដោយឡែក ចំពោះគម្រោងសហការគ្នារវាងក្រុមហ៊ុនបារាំង Framatome និង Rosatom នៅរោងចក្រ Lingen ក្នុងប្រទេសអាល្លឺម៉ង់ បានបង្កក្តីបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខ និងហានិភ័យនៃសង្គ្រាមព័ត៌មានពីសំណាក់រុស្ស៊ី នៅក្នុងតំបន់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម