Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ទំនប់ទឹក ផ្តាច់ជីវិតមនុស្ស ៣៥នាក់ នៅកេនយ៉ា

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃចន្ទទី២៩ខែមេសា មនុស្សចំនួន៣៥នាក់ ត្រូវបាត់បង់ជីវិត ខណៈរាប់សិបនាក់ទៀតរកមិនទាន់ឃើញ ក្នុងហេតុការណ៍បាក់ទំនប់ទឹកនៅតំបន់ Nakuru ភាគខាងត្បូងប្រទេសកេនយ៉ា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មានថ្ងៃមកនេះ ប្រទេសកេនយ៉ា បានរងគ្រោះដោយសារតែភ្លៀងធ្លាក់ឥតឈប់ បង្កជាទឹកជំនន់ភ្លាមៗ ហើយព្រោះតែទឹកឡើងលើសកម្រិត ទើបធ្វើឲ្យទំនប់ទប់លែងជាប់ បាក់កម្ទេចផ្ទះសម្បែងរបស់ប្រជាជនតែម្តង។

ក្រោយហេតុការណ៍ ក្រុមជួយសង្គ្រោះបានជីកកកាយតាមដីភក់ និងកម្ទេចកម្ទី ក្នុងក្តីសង្ឃឹមរកឃើញអ្នកនៅរស់រានមានជីវិត ប៉ុន្តែអភិបាលប្រចាំតំបន់ បានព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើងលើសនេះច្រើនទៀត។

(រូបថត៖ NTV Kenya)

ហេតុការណ៍នេះកើតឡើង ស្របពេលទឹកជំនន់​ បានជន់លិចតំបន់ដ៏ធំនៃប្រទេសកេនយ៉ា ដោយសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និងបង្ខំឲ្យអ្នកស្រុករាប់ពាន់នាក់ ចាកចេញពីផ្ទះសម្បែងចាប់តាំងពីខែមីនាមក។

នៅថ្ងៃចន្ទ សមាគមកាកបាទក្រហមកេនយ៉ាប្រកាសថា មនុស្សមួយចំនួនត្រូវបញ្ជូនទៅមណ្ឌលសុខភាពនៅតំបន់ Mai Mahiu ដោយសារតែទឹកជំនន់ភ្លាមៗ បង្កផលប៉ះពាល់ដល់ភូមិ Kamuchiri។

(រូបថត៖ NTV Kenya)

សូមបញ្ជាក់ ប្រទេសកេនយ៉ា តែងជួបប្រទះភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីពាក់កណ្តាលខែមីនាទៅ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតីកាលពីសប្តាហ៍មុន បានបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ។

លោក Jagan Chapagain អគ្គលេខាធិការនិងជានាយកប្រតិបត្តិសហព័ន្ធកាកបាទក្រហមអន្តរជាតិ បាននិយាយនៅលើបណ្តាញសង្គម X ថា ប្រទេសកេនយ៉ា កំពុងប្រឈមមុខនឹងវិបត្តិទឹកជំនន់កាន់តែអាក្រក់ទៅៗ ដោយសារឥទ្ធិពល El Niño។ 

ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ បាតុភូតនេះ បានបង្កឲ្យមានទឹកជំនន់ដ៏សាហាវ ដែលផ្តាច់ជីវិតមនុស្សជាងមួយរយនាក់ និងបង្កការខូចខាតយ៉ាងធំធេង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាក់ទំនប់ទឹកក្រុមហ៊ុនអានកូក្បាលឆាយ ហូរទឹកស្អាតអស់ជាង៣លានម៉ែត្រគូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម