Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភាអាល្លឺម៉ង់ជាជនជាតិស្បែកខ្មៅ ចុះចេញពីតំណែង ព្រោះទ្រាំលែងបាននឹងការរើសអើងពណ៌សម្បុរ

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ក្នុងសប្តាហ៍នេះ, ជនជាតិស្បែកខ្មៅដើមកំណើតអាហ្រ្វិកដំបូងគេ ដែលជាប់ឆ្នោតនៅសភាជាន់ទាបរបស់ប្រទេសអាល្លឺម៉ង់ ពេលនេះបានសម្រេចចិត្ត ចុះចេញពីតំណែងហើយ ក្រោយទ្រាំលែងបានពីការរើសអើងពណ៌សម្បុរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ iStock)

ជាមួយនឹងសេចក្តីប្រកាសលាលែងនេះ លោក Karamba Diaby អាយុ៦២ឆ្នាំ បានបញ្ជាក់ច្បាស់ៗថា គាត់នឹងមិនឈរឈ្មោះជាបេក្ខជនអាណត្តិថ្មី ក្នុងការបោះឆ្នោតសហព័ន្ធឆ្នាំ២០២៥ទេ។

ការ​សម្រេច​ចិត្ត​ចុះ​ចេញ​ពី​តំណែង​របស់​គាត់ ​កើត​ឡើងត្រឹម​ប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ ​បន្ទាប់​ពីគាត់ដាច់ចិត្តទម្លាយសារ​ជា​ច្រើន​ដែលផ្ញើមកតិះដៀលនិងវាយប្រហារគាត់ដោយភាពស្អប់ខ្ពើម។

លោក Karamba Diaby (រូបថត៖ Alamy)

សូមបញ្ជាក់ថា លោក Diaby គឺជា​គីមីវិទូ ​កើត​នៅប្រទេស​សេណេហ្គាល់ ហើយលោកបាន​ក្លាយ​ជា​អ្នក​នយោបាយ ចូលរួមក្នុង​គណបក្ស​សង្គម​ប្រជាធិបតេយ្យ (SPD) ជាមួយគោលជំហរ​ថា គាត់​ចង់​ជំរុញទឹកចិត្តកាន់តែខ្លាំង ឲ្យ​យុវជនច្រើនឡើងៗ ​ចូលប្រឡូក​ឆាក​នយោបាយ។

ក្នុងឆ្នាំ១៩៨៥ គាត់បានទទួលអាហារូបករណ៍ ដូច្នេះត្រូវផ្លាស់ទៅសិក្សានៅប្រទេសអាល្លឺម៉ង់ខាងកើត ហើយនៅទីនោះ គាត់ក៏ក្លាយជាអ្នកគីមីវិទូ និងទទួលបានសញ្ជាតិអាល្លឺម៉ង់តែម្តង។

(រុបថត៖ EPA)

លុះដល់ឆ្នាំ២០១៣ គាត់ក៏បានចូលសភា ខណៈអំឡុងពេលគាត់ប្រឡូកក្នុងឆាកនយោបាយ គាត់និងបុគ្គលិក បានទទួលសារស្អប់ខ្ពើមជាច្រើន រួមទាំងពាក្យជេរប្រមាថជាតិសាសន៍ និងការគំរាមកំហែងដល់អាយុជីវិតផងដែរ ហើយការិយាល័យរបស់គាត់ ត្រូវរងការវាយប្រហារដោយគ្រាប់កាំភ្លើង និងការលួចដុតថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ លោក Diaby អះអាងថា ពាក្យប្រមាថពណ៌សម្បុរ ការរើសអើងជាតិសាសន៍ និងការគំរាមសម្លាប់ មិនមែនជាហេតុផលចម្បង ចំពោះការសម្រេចចិត្តរបស់គាត់ទេ ផ្ទុយទៅវិញ អារម្មណ៍មិនពេញចិត្តនិងបញ្ហាសង្គមអាល្លឺម៉ង់ ក៏ជាកត្តាដែលនាំឲ្យគាត់ ឈប់ប្រឡូកក្នុងឆាកនយោបាយដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាល្លឺម៉ង់ កំពុងរៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម