Connect with us

ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញ រិះគន់កប់ៗមាត់ថា «អាល្លឺម៉ង់គឺជាខ្ញុំកញ្ជះរបស់អាមេរិក»  

បានផុស

នៅ

ដោយបង្ហាញការមិនពេញចិត្តចំពោះភាពអសកម្មនិងស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮរបស់អាល្លឺម៉ង់ ចំពោះទង្វើដ៏គឃ្លើនរបស់មេដឹកនាំអាមេរិក, អេស្ប៉ាញបានរិះគន់ទីក្រុងបែរឡាំងកប់ៗមាត់ ដល់ថ្នាក់ហៅប្រទេសអាល្លឺម៉ង់ថាជា៖ «ខ្ញុំកញ្ជះរបស់អាមេរិក» ទៀតផង។

អធិការបតីអាល្លឺម៉ង់ Friedrich Merz ជាមួយលោក ដូណាល់ ត្រាំ (រូប៖ Reuters)

ប្រាប់ទៅសារព័ត៌មាន Politico កាលពីថ្ងៃអង្គារទី១០ខែមីនាឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកស្រី Yolanda Diaz និយាយថា៖ អាល្លឺម៉ង់ បានក្លាយទៅជាខ្ញុំកញ្ជះរបស់អាមេរិកទៅហើយ ក្រោមការដឹកនាំរបស់អធិការបតី Friedrich Merz។ សកម្មភាពរបស់ Merz បង្ហាញថា លោកគឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុបដទៃទៀត ដែលគ្មានគំនិតថាតើត្រូវគ្រប់គ្រងពេលវេលានៃប្រវត្តិសាស្ត្រដែលយើងកំពុងរស់នៅនេះដោយរបៀបណានោះទេ។

ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកស្រី Yolanda Diaz (រូប៖ Reuters)

លោកស្រីបន្តថា៖ «អ្វីដែលអឺរ៉ុបត្រូវការនៅថ្ងៃនេះ គឺភាពជាអ្នកដឹកនាំ មិនមែនខ្ញុំកញ្ជះដែលចាំតែគោរពប្រតិបត្តិលោកត្រាំ នោះឡើយ។ មេដឹកនាំ EU ណាក៏ដោយ គួរតែចេញមុខនិយាយឲ្យច្បាស់ដើម្បីការពារច្បាប់អន្តរជាតិ។ សកម្មភាពរបស់លោកអធិការបតីរូបនេះ បង្ហាញឲ្យឃើញតែម្យ៉ាងគត់ថា អាល្លឺម៉ង់កំពុងស្ថិតក្នុង ស្ថានភាពទន់ខ្សោយបំផុតផ្នែកសេដ្ឋកិច្ច»។

ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Merz មិនមាត់មិនក រឿងដែលលោក ត្រាំ គំរាមកាត់ផ្តាច់រាល់ការធ្វើពាណិជ្ជកម្មជាមួយអេស្ប៉ាញ ក្នុងអំឡុងពេលជំនួបនៅសេតវិមាន។

អធិការបតីអាល្លឺម៉ង់ Friedrich Merz (រូប៖ Reuters)

ទំនាក់ទំនងរវាងអេស្ប៉ាញជាមួយអាល្លឺម៉ង់ កំពុងស្ថិតក្នុងភាពតានខ្លាំងបំផុត ក្រោយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ថ្លែងថា ប្រទេសលោកនឹងមិន រួមគំនិតក្នុងរឿងដែលអាក្រក់សម្រាប់ពិភពលោក ជុំវិញសំណើរបស់អាមេរិក ប្រើមូលដ្ឋានទ័ពដើម្បីវាយប្រហារអ៊ីរ៉ង់។

រឿងនេះហើយ ធ្វើឲ្យលោក Merz ក្តៅស្លឹកត្រចៀក និងវាយបកថា វាមិនមែនជាពេលត្រូវមកអង្គុយប្រដៅមិត្តភក្តិ និងសម្ព័ន្ធមិត្តអាមេរិក នោះទេ ហើយបែរជាទម្លាក់កំហុសទៅលើអ៊ីរ៉ង់ ចំពោះជម្លោះដែលកើតឡើងនៅមជ្ឈិមបូព៌ា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម