ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ពង្រឹងការរឹតបន្តឹងតាមព្រំដែន ព្រោះមានអ្នករត់ចោលស្រុកច្រើនពេក
ព្រោះតែកន្លងមកធ្លាប់មានអ្នករត់ចោលស្រុកជាច្រើនហូរហែ រដ្ឋាភិបាលកូរ៉េខាងជើងបានរឹតបន្តឹងការឃ្លាំមើល និងពង្រឹងវិន័យបន្ថែមទៀតលើក្រុមកម្មករសំណង់ ដែលកំពុងធ្វើការក្នុងតំបន់ជួបគ្រោះទឹកជំនន់កាលពីពេលថ្មីៗនៅតាមបន្ទាត់ព្រំដែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Daily NK នៅថ្ងៃទី២០ខែសីហា។

Daily NK ចុះផ្សាយថា នៅក្នុងទីក្រុង Sinuiju ខេត្ត North Pyongan ក្រុមអ្នកត្រួតពិនិត្យរបស់រដ្ឋាភិបាលបានហៅវត្តមានកម្មករចំនួន៥ដងនៅក្នុង១ថ្ងៃ។ ពេលព្រឹកមុនចាប់ផ្ដើមការងារតាមផ្នែកនីមួយៗ ក្រុមត្រួតពិនិត្យប្រមូលវត្តមានជុំគ្នាម្ដងនៅម៉ោង៨ព្រឹក បន្ទាប់មកនៅម៉ោង១០ព្រឹក ពួកគេដើរស្រង់វត្តមានមួយសាទៀត ដើម្បីចង់ដឹងថាក្រុមកម្មករស្ថិតនៅកន្លែងធ្វើការរៀងៗខ្លួនរបស់ពួកគេដែរឬក៏អត់។ លុះដល់ម៉ោង២រសៀលមុនចាប់ផ្ដើមការងារបន្តក្រោយសម្រាកពេលថ្ងៃត្រង់រួច កម្មករត្រូវជុំគ្នាម្ដងទៀតសម្រាប់ការស្រង់វត្តមាន។ នៅម៉ោង៧យប់ក្រោយចប់ការងារ ក៏មានការស្រង់វត្តមានផងដែរ។ ការប្រមូលវត្តមានចុងក្រោយគឺនៅម៉ោង១០យប់ មុនបិទភ្លើងចូលសម្រាក។
ក្រៅតែពីការយកវត្តមាន ក្រុមត្រួតពិនិត្យក៏បានឆ្លៀតពេល៣០នាទីរាល់ថ្ងៃ ឃោសនាដល់ក្រុមកម្មករឲ្យចេះយកចិត្តទុកដាក់នឹងការងារ ហើយត្រូវចេះតបស្នងគុណរដ្ឋាភិបាលដែលឲ្យពួកគេធ្វើការងារដ៏សំខាន់បែបនេះ។
ការរឹតបន្តឹងនេះ ធ្វើឡើងដើម្បីទប់ស្កាត់ប្រជាពលរដ្ឋកូរ៉េខាងជើងកុំឲ្យបន្តរត់ចោលស្រុក ក្រោយទទួលរងឥទ្ធិពលនៃវប្បធម៌ពីបរទេស ជាពិសេសគឺកូរ៉េខាងត្បូង។ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ធ្លាប់បានប្រកាសកាលពីចុងខែកក្កដាថា ក្រុងសេអ៊ូលបានទទួលយកជនភៀសខ្លួនពីកូរ៉េខាងជើងមិនតិចជាង ៣៤ ០០០នាក់នោះឡើយ ហើយលំហូរនៃអ្នករត់ចោលស្រុកនៅតែបន្តកើនឡើងថែមទៀត ចំពេលដែលនៅក្នុងប្រទេសកូរ៉េខាងជើងកំពុងមានបញ្ហាខ្វះខាតស្បៀងអាហាររ៉ាំរ៉ៃ និងការគាបសង្កត់នយោបាយដ៏ធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា អ្នករត់ចោលស្រុកភាគច្រើន បានចាកចេញពីកូរ៉េខាងជើង បន្ទាប់ពីកើតមានគ្រោះទុរ្ភិក្សដ៏សាហាវនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ នៅពេលមកដល់កូរ៉េខាងត្បូង អ្នករត់ចោលស្រុកកូរ៉េខាងជើងត្រូវបានផ្តល់សញ្ជាតិ ផ្ទះសម្បែង ប្រាក់ផ្លាស់ប្តូរទីលំនៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទោះជាបែបនេះក្ដី ហេតុតែមានប្រវត្តិមកពីប្រទេសដែលផ្ដាច់ការ ក្រីក្រ និងសង្គមនិយម ជនរត់ចោលស្រុកជាច្រើនបានជួបប្រទះនឹងបញ្ហារើសអើង និងភាពលំបាកធ្ងន់ធ្ងរ ក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនៅក្នុងប្រទេសមូលធននិយម និងមានការប្រកួតប្រជែងខ្លាំង។
មួយវិញទៀត បច្ចុប្បន្នរាល់ព័ត៌មានលម្អិតទាក់ទិននឹងការរត់ចោលស្រុករបស់កូរ៉េខាងជើង រមែងចាយពេលរាប់ខែទម្រាំត្រូវបានទម្លាយឲ្យសាធារណជនបានដឹងឮ នេះក៏ព្រោះតែជនរត់ចោលស្រុកទាំងនោះត្រូវតម្រូវឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីអាជ្ញាធរ ព្រមទាំងត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធ និងសង្គមកូរ៉េខាងត្បូងជាមុនសិន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ