ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ កំពុងលួចចរចាស្ងាត់ៗជាមួយរុស្ស៊ីឲ្យបញ្ជូនមីស៊ីលដល់ក្រុមហ៊ូធី
ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី កំពុងចរចាដោយសម្ងាត់ពាក់ព័ន្ធនឹងការបញ្ជូនមីស៊ីលប្រឆាំងនាវារបស់ក្រុងមូស្គូឲ្យទៅកាន់ក្រុមសកម្មប្រយុទ្ធហ៊ូធីនៅប្រទេសយេម៉ែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ខែកញ្ញា។

ប្រភពចំនួន៧ ដែលបង្ហើបប្រាប់ Reuters បាននិយាយថា រុស្ស៊ីមិនទាន់សម្រេចចិត្តទេក្នុងការបញ្ជូនមីស៊ីល Yakhont ដែលត្រូវបានគេស្គាល់ថា P-800 Oniks ខណៈអ្នកជំនាញបាននិយាយថានឹងអនុញ្ញាតឲ្យក្រុមហ៊ូធីវាយប្រហារគោលដៅនាវាពាណិជ្ជកម្មនៅសមុទ្រក្រហមបានត្រឹមត្រូវជាងមុន និងបង្កើនការគំរាមកំហែងដល់នាវាចម្បាំងសហរដ្ឋអាមេរិក និងអឺរ៉ុប។
កាលពីខែកក្កដា កាសែត Wall Street Journal ក៏ធ្លាប់បានរាយការណ៍ផងដែរថា រុស្ស៊ីកំពុងពិចារណាបញ្ជូនមីស៊ីលប្រភេទនេះឲ្យទៅហ៊ូធី។ យ៉ាងណា កាលណោះ តួនាទីរបស់អ៊ីរ៉ង់ជាអន្តរការីមិនត្រូវបានគេរាយការណ៍នោះឡើយ។
ក្រុមហ៊ូធី បានចាប់ផ្តើមការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលម្តងហើយម្តងទៀតលើកប៉ាល់នៅក្នុងបណ្តាញដឹកជញ្ជូនសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ដើម្បីបង្ហាញការគាំទ្រដល់ក្រុមហាម៉ាសក្នុងសង្រ្គាមតំបន់ហ្គាហ្សាជាមួយអ៊ីស្រាអែល។
ពួកគេបានពន្លិចនាវាយ៉ាងហោចណាស់២គ្រឿង ហើយរឹបអូសបាន១គ្រឿងផ្សេងទៀត ដែលរំខានដល់ពាណិជ្ជកម្មដែនសមុទ្រពិភពលោក ដោយបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនត្រូវបង្វែរទំនិញ ហើយជំរុញឲ្យមានការឡើងថ្លៃនៃធានារ៉ាប់រងសម្រាប់កប៉ាល់ដែលធ្វើដំណើរតាមសមុទ្រក្រហម។
ជាចំណាត់ការ សហរដ្ឋអាមេរិក និងអង់គ្លេសបានវាយលុកទីតាំងមួយចំនួនរបស់ក្រុមហ៊ូធី ប៉ុន្តែបានបរាជ័យក្នុងការបញ្ឈប់ការវាយប្រហាររបស់ក្រុមនេះ។
មន្ត្រីក្នុងតំបន់២រូបដែលដឹងពីកិច្ចចរចាសម្ងាត់រវាងអ៊ីរ៉ង់និងរុស្ស៊ី បាននិយាយថា ក្រុមហ៊ូធី និងរុស្ស៊ីបានជួបគ្នាក្នុងទីក្រុងតេហេរ៉ង់យ៉ាងហោចណាស់២ដងក្នុងឆ្នាំ២០២៤នេះ ហើយថា ការពិភាក្សាដើម្បីផ្តល់មីស៊ីលរាប់សិបគ្រាប់ដែលមានរយៈចម្ងាយប្រហែល៣០០គីឡូម៉ែត្រ កំពុងបន្តធ្វើជាមួយអ៊ីរ៉ង់បន្ថែមទៀតក្នុងកិច្ចប្រជុំនារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
កន្លងមក រុស្ស៊ីបានផ្គត់ផ្គង់មីស៊ីល Yakhont ដល់ក្រុមហេសបូឡាដែលមានការគាំទ្រដោយអ៊ីរ៉ង់ដូចក្រុមហ៊ូធីអ៊ីចឹងដែរ។
ប្រភព១ផ្សេងទៀត បានប្រាប់ Reuters ថា ការចរចាបានចាប់ផ្តើមតាំងពីពេលប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi មិនទាន់ស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភាមកម៉្លេះ។
ចំណែកឯប្រភពចារកម្មលោកខាងលិច បាននិយាយថា៖ «រុស្ស៊ីកំពុងចរចាជាមួយក្រុមហ៊ូធី សម្រាប់ការបញ្ជូនមីស៊ីល Yakhont ល្បឿនលឿនប្រឆាំងនឹងនាវា។ អ៊ីរ៉ង់កំពុងធ្វើជាអន្តរការីលើកិច្ចពិភាក្សានេះ ប៉ុន្តែមិនចង់មានហត្ថលេខារបស់ពួកគេលើវានោះទេ»។
ទាំងបេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ ដោយឡែក លោក Mohamed Abdel-Salam អ្នកនាំពាក្យផ្លូវការសម្រាប់ក្រុមហ៊ូធីនៅយេម៉ែន បានឆ្លើយថា៖ «យើងមិនដឹងពីអ្វីដែលអ្នកបាននិយាយនោះឡើយ»។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់ បានរៀបរាប់ថា វិធានការណាមួយដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមហ៊ូធី នឹងធ្វើឲ្យមានការ «បំផ្លាញផលប្រយោជន៍រួមរបស់អន្តរជាតិចំពោះសេរីភាពនៃការធ្វើនាវាចរណ៍សកល និងស្ថិរភាពនៅសមុទ្រក្រហម និងតំបន់មជ្ឈិមបូព៌ាទាំងមូល»៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


