Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ប្រាប់​ថា ទ័ព​កូរ៉េ​ខាង​ជើង​នៅ​រុស្ស៊ី​គឺ​ជា «ក្ដី​ព្រួយ​បារម្ភ​ធំ»

បានផុស

នៅ

វត្តមាន​របស់​ទាហាន​កូរ៉េ​ខាង​ជើង​នៅ​លើ​ទឹក​ដី​រុស្ស៊ី គឺ​ជា​ក្ដី​កង្វល់​ដ៏​ធំ​របស់​រដ្ឋាភិបាល​ជប៉ុន។ នេះ​បើ​​យោង​តាម​ការ​លើក​ឡើង​របស់​លោក Yoshimasa Hayashi ប្រធាន​គណៈរដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែ​តុលា​ឆ្នាំ​២០២៤។

លោក Hayashi បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ជប៉ុន កំពុង​ឃ្លាំ​​មើល​ការ​ដាក់​ពង្រាយ​ទាហាន​ដោយ​កូរ៉េ​ខាង​ជើង​ទៅ​កាន់​រុស្ស៊ី ជាមួយ​ក្ដី​បារម្ភ​ជា​ខ្លាំង រួម​ទាំង​​លទ្ធភាព​ដែល​ថា ពួក​គេ​អាច​ចូលរួម​​ក្នុង​ការ​លុកលុយ​របស់​រុស្ស៊ី​ប្រឆាំង​អ៊ុយក្រែន»។

លោក Hayashi បាន​បន្ត​ថា ការ​អភិវឌ្ឍ​ទំនាក់ទំនង​ថ្មី​ចុង​ក្រោយ​នេះ​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​មូស្គូ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​អ៊ុយក្រែន​កាន់​តែ​យ៉ាប់យឺន​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​កើត​មាន​​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដែល​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​សន្ដិសុខ​ក្នុង​តំបន់​ជុំវិញ​ប្រទេស​ជប៉ុន​ផង​ដែរ។ លោក បាន​រៀបរាប់​ទៀត​​ថា៖ «ជប៉ុន​នឹង​បន្ត​ប្រមូល និង​វិភាគ​ព័ត៌មាន​ពាក់ព័ន្ធ និង​បន្ត​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ សម្រាប់​ការ​អនុវត្ត​ពេញលេញ​នៃ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ដែល​ពាក់ព័ន្ធ​ និង​​សម្រេច​បាន​នូវ​សន្ដិភាព​ដ៏​យូរ​អង្វែង និង​ត្រឹមត្រូវ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឲ្យ​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​​​ទៅ​បាន»។

មន្ត្រី​ជាន់​ខ្ពស់​ជប៉ុន​រូប​នេះ បាន​​ប​ញ្ជាក់​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន គឺ​ជា​សកម្មភាព​ដ៏​ឃោរឃៅ ដែល​អង្រួន​មូលដ្ឋាន​នៃ​សណ្ដាប់​ធ្នាប់​​អន្តរជាតិ។

សូម​បញ្ជាក់​ថា ភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ទាហាន​កូរ៉េ​ខាង​ជើង​ប្រមាណ​ ៣ ០០០​នាក់​កំពុង​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​រុស្ស៊ី​សម្រាប់​ការ​ហ្វឹកហាត់ ដែល​ទំនង​ជា​ត្រូវ​ដាក់​ពង្រាយ​ទៅ​កាន់​ជួរមុខ​​ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន​ឆាប់ៗ​នេះ។ កូរ៉េ​ខាង​ត្បូង បាន​បន្ថែម​ថា កូរ៉េ​ខាង​ជើង​អាច​​បញ្ជូន​ទ័ព​រាប់​ពាន់​នាក់ជា​បន្ត​បន្ទាប់​ទៀត​​​ទៅ​ឲ្យ​ក្រុង​មូស្គូ​រហូត​ដល់​ខែ​ធ្នូ​ខាង​មុខ៕

ដោយ៖ ឈាង

ចុចអាន៖ លោក ពូទីន មិន​បដិសេធ​របាយការណ៍​អាមេរិក​អំពី​ការ​បញ្ជូន​ទ័ព​កូរ៉េ​ខាង​ជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម