Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​បង្កើ​ន​ការ​ប្រយុទ្ធ​ បដិសេធ​បាន​សន្ទនា​ជាមួយ​ត្រាំ​​ ខណៈសង្គ្រាម​រំកិល​ទៅ​រក​​១០០០ថ្ងៃ

បានផុស

នៅ

ខណៈស​​ង្គ្រាម​អ៊ុយក្រែន​-​រុស្ស៊ី​​​ រំកិល​ទៅ​រករយៈពេល​១០០០​ថ្ងៃ​​នៅ​សប្តាហ៍​ក្រោយ និង​​ជ័យ​ជម្នះ​​របស់​លោក​ ដូណាល់ ត្រាំ​ លើ​​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដោយសារ​​យក​ការ​សន្យាបញ្ចប់​សង្គ្រាម​​​ដ៏រ៉ាំរ៉ៃ​មួយ​នេះ ពេលនេះ​រុស្ស៊ី​​​​បាន​បង្កើន​ការ​ប្រយុទ្ធ​យ៉ាងខ្លាំង​ ព្រម​ទាំង​បដិសេធ​ការ​ជួប​សន្ទនា​ដែលធ្លាប់​បាន​អះអាង​ដោយ​​​ភាគី​អាមេរិក​​។

រូបភាព​បង្ហាញ​ទង់​ជាតិរុស្ស៊ី​និង​ទង់ជាតិ​អ៊ុយក្រែន​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មិន​ត្រឹមតែ​មិន​ទុកចិត្ត​​ រុស្ស៊ី​​មិន​បង្អង់​ដៃ​ក្នុងការ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ មេដឹកនាំ​អឹរ៉ុប​ជាច្រើន​​​​​​ហាក់​មិន​បង្ហាញ​ជំនឿ​លើ​លោក​ ដូណាល់ ត្រាំ ​​​ក្នុងការរក​ដំណោះស្រាយចំពោះ​​​វិបត្តិអ៊ុយក្រែន​ឡើយ​ដោយសារ​តែ​ការ​ទោ​រ​ទន់​ទៅរក​​​ភាគីរុស្ស៊ី​​​​។​

១សប្តាហ៍​​ក្រោយ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិកដែល​​លោក​ ដូណាល់ ត្រាំ ឈ្នះ​ការបោះ​ឆ្នោត​​​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងសម័យ​កាល​សង្គ្រាម​​ដ៏ខ្លាំង​ក្លា​​នៅ​​អ៊ុយក្រែន​​និង​នៅ​​​តំបន់​មជ្ឈិម​បូព៌ា រុស្ស៊ី​​​​បាន​បង្កើន​ការ​វាយ​ប្រហារ​​នៅតំបន់​ភាគខាង​កើត​អ៊ុយក្រែន​។​

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹងថា ​​រុស្ស៊ី​​បង្កើន​ការ​ផ្លោង​​​ដាក់​ទីក្រុង​ Nikopol នៅភាគកណ្តាល​អ៊ុយក្រែន​ ដោយ​សម្លាប់​មនុស្ស​២​នាក់​និង​របួស​៥​នាក់។ ស្ត្រី​ម្នាក់​​​ក៏​ត្រូវ​បានសម្លាប់​​និង​​​១៤​នាក់​រងរបួស​​ក្នុង​ការ​បាញ់​មីស៊ីល​របស់​​រុស្ស៊ី​ត្រូវ​លើ​អគារ​លំនៅឋាន​១​​កន្លែង​នៅ​ តំបន់​ Kryvyi Rih នៅ​​ទីក្រុង​ភាគកណ្តាល​នោះដែរ​។ 

ក្រសួង​ការ​ពារជាតិរុស្ស៊ី បាន​ឱ្យ​ដឹងថា កងកម្លាំង​រុស្ស៊ី​​ក៏​ត្រូវ​បាន​រាយការណ៍​ថា បាន​​​​​​​​ដណ្តើម​កាន់​កាប់​តំ​បន់​លំនៅឋាន​ Kolisnykivka ក្នុង​​​​តំបន់​ខាកៀវស្ថិតនៅ​ភាគខាង​កើត​រុស្ស៊ី​។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែនជាមួយនឹងគ្រាប់ច្រើនជាង ៩៨០០០០គ្រាប់​​សម្រាប់សង្គ្រាម ហើយគ្រោងនឹង​អនុម័ត​​ផ្គត់ផ្គង់​ចំនួន១​លានគ្រាប់នៅចុងឆ្នាំនេះ។

​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​រុស្ស៊ី ឬដែលគេស្គាល់​ថា «វិមាន​ក្រឹមឡាំង» លោក​​ Dmitry Peskov បាន​ចេញ​មុខ​ច្រាន​ចោល​សេចក្តីរាយការណ៍​ដែលថា ​​លោក វ៉្លាឌីមៀ ពូទីន បាន​ជួប​សន្ទនា​ជាមួយ​លោក ដូណាល់ ត្រាំ កាល​ពីថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន ពោល​គឺ​១ថ្ងៃ​ក្រោយ​ដឹង​ថា លោក ដូណាល់ ត្រាំ ជាប់ឆ្នោត​នៅសហរដ្ឋអាមេរិក​។​

​លោក Peskov ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​រុស្ស៊ី TASS ដូច​និយាយថា៖«​គ្មាន​ការ​សន្ទនា​​គ្នា​នោះទេ! នេះ​មិន​ពិត​ទល់​តែសោះ​។ វា​ជារឿង​ប្រឌិត​ទេ»។

សារព័ត៌មាន​លោក​ខាងលិច មាន  Washington Post  នាំ​មុខ​គេ បាន​ផ្សាយ​ថា លោក ដូណាល់ ត្រាំ បានប្រាប់​ទៅ​​លោក​ ពូទីន មិន​ឱ្យ​​បង្កើន​សកម្មភាព​សង្គ្រាម​​នៅ​​អ៊ុយក្រែន។​ តាមសេចក្តីរាយការណ៍​នោះ ការ​ជួប​សន្ទនា​រវាង​​កំពូល​មេដឹកនាំ​ទាំងពីរ ក៏ត្រូវ​បាន​ចូលរួម​ដោយ Elon Musk ដែល​ជា​អ្នក​ជំនួញ​​​ និង​ជាអ្នក​​មាន​ឥទ្ធិពល​​ក្នុង​ការ​ជំរុញ​​ការ​ឈ្នះឆ្នោត​​​របស់​លោក​ ដូណាល់ ត្រាំ។

​លោក Peskov ​បាន​​លើក​ឡើង​ពី​​​​សេចក្តីរាយការណ៍​របស់ Washington Post និង Reuter អំពី​ការ​សន្ទនាទូរស័ព្ទ​នោះ​ថា​ជា​​​​របៀប​ដែល​​​សារ​ព័ត៌មាន​លោក​ខាង​លិច​​ធ្វើ​ឡើង​ សូម្បី​តែ​​​​សារព័ត៌មាន​ដែល​ទទួលបាន​ការ​គោរព​ខ្លាំង​​។

លោក ពូទីន ពេល​ប្រជុំ​ជាមួយ​មេដឹកនាំ​យោធា​កន្លង​មក។

​​ក្នុង​អំឡុង​ពេល​ដែល​​​ព័ត៌មាន​អំពី​លោក​ ដូណាល់ ត្រាំ ដែល​ត្រូវ​រំពឹង​យ៉ាងទូលំទូលាយ​ថា លោក​អាច​រកដំណោះស្រាយ​ដល់​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន សម្ព័ន្ធ​មិត្ត​​របស់​អ៊ុយក្រែន​​នៅ​អឺរ៉ុប​ហាក់​​មិន​ទាន់​ជឿជាក់​​​នៅឡើយ ហើយបន្ត​គាំទ្រ​អ៊ុយក្រែន​លើ​មធ្យោបាយ​ការ​ពារ​ខ្លួន។​

​​​ទាំង​​ប្រធានាធិបតី​​បារាំង Emmanuel Macron និង នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer បាន​​អះអាង​ជាថ្មី​​​​ចំពោះ​ការ​គាំទ្រ​របស់​ពួកគេ​​​សម្រាប់​​ប្រទេស​អ៊ុយក្រែន​​ ខណៈ​មេដឹកនាំ​​អឺរ៉ុប​ជាច្រើន​ទៀត​ រួម​មាន​​​​ មេដឹកនាំ​អាល្លឺម៉ង់​ជាដើម​ក៏បាន​បង្ហាញ​ជំ​ហរ​ដូចគ្នា​នេះ​។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​​អ៊ុយក្រែន​ លោក វ៉ុលឌីមៀ ហ្សេលេនស្គី បាន​អះអាងថា ​កង​កម្លាំ​ងរបស់​លោក បាន​ប្រយុទ្ធ​ជាមួយ​ទ័ព​សត្រូវ​ប្រហែល​៥០០០០នាក់​នៅ​តំបន់​ Kursk ក្នុង​ទឹក​ដីរុស្ស៊ីដែល​កងទ័ពអ៊ុយក្រែន​​​​វាយ​លុកលុយ​ចូល​ចាប់​ពីដើម​ខែ​កញ្ញា​មកនោះ។​

ចំណែក​ Elina Valtonen រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់​ដែល​​ជា​ប្រទេស​ចូលសមាជិក​របស់​អង្គការ​ណាតូ​​នៅ​ក្រោយ​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន បាន​និយាយថា ការ​បង្ខំ​​ដាក់​អ៊ុយក្រែន​​​ឲ្យ​នៅ​អព្យាក្រឹត​នឹង​មិន​​នាំ​មក​នូវដំណោះស្រាយ​សន្តិភាព​​​ចំពោះ​វិបត្តិ​ជាមួយ​រុស្ស៊ីទេ ដោយ​​អះអាង​ថា ទីក្រុងមូស្គូ​មិន​អាច​ទុកចិត្ត​​ចំពោះ​​​​ការ​ប្រកាន់​យក​​​កិច្ច​ព្រមព្រៀង​ដែ​ល​ចុះ​ហត្ថលេខា​នោះទេ​។

ហេតុការ​ណ៍​សង្គ្រាម​នៅ​អ៊ុយក្រែន ​​អាច​​​ត្រូវ​បាន​ចាត់​ទុក​ថា​​ជា​​​កត្តា​​​ស្នូល​តែមួយ​គត់​​ដែល​ធ្វើ​ឲ្យ​លោក​ ដូណាល់ ត្រាំ ​មាន​ឱកាសឈ្នះឆ្នោត​និង​អាច​​​វិល​​ត្រឡប់​ទៅ​​​ដឹកនាំ​រដ្ឋាភិបាល​សហរដ្ឋ​​អាមេរិក​សម្រាប់​អាណត្តិទី​២​របស់​លោក​ឡើង​វិញ​។​

​សារ​នយោបាយ​​​សន្យា​​បញ្ចប់​សង្គ្រាម​​នៅ​​អ៊ុយក្រែន​ ដែល​នឹង​កាត់​​បន្ថយ​​កា​រ​ប្រឈម​​ដោយ​ផ្ទាល់​​​ជាមួ​​​យរុស្ស៊ីដែល​ជា​​មហាអំណាច​​នុយក្លេអ៊ែរ ​បាន​ធ្វើ​ឱ្យ​ ​លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ឆ្នោត​​​ច្រើន​លើសលប់​​ដោយ​មិន​នឹក​ស្មាន​ដល់ ​ក្នុង​ប្រវត្តិ​សាស្រ្ត​​​​​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ជា​ពិសេស​ការ​ឈ្នះ​នៅ​ក្នុង​រដ្ឋ​​ប្រទាញ​ប្រទង់​ (Swing States) ​ទាំង​អស់​​នៅ​​ក្នុង​អាណត្តិ​​ប្រធានា​ធិបតី​ទី​៤៧​នេះ​៕​

ដោយ រ៉ាន់ រើយ​

​លោក​ដូណាល់​ ត្រាំ ជួប​លោក ហ្សេលេនស្គី ក្នុង​ទឹកដី​អាមេរិក​នៅ​មុនបោះឆ្នោត។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម