ព័ត៌មានអន្ដរជាតិ
ស្លូវ៉ាគី ចេញកំហឹង និងការគំរាមជាហូរហែ ក្រោយអ៊ុយក្រែនបិទការដឹកឧស្ម័នរុស្ស៊ីទៅអឺរ៉ុប
បន្ទាប់ពីការដឹកឧស្ម័នរបស់រុស្ស៊ីទៅអឺរ៉ុបឆ្លងកាត់អ៊ុយក្រែន ត្រូវបញ្ឈប់ជាផ្លូវការនៅថ្ងៃទី១ខែមករាឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានបង្ហើរពាក្យគំរាមកំហែងជាច្រើនហូរហែប្រឆាំងនឹងរដ្ឋាភិបាលក្រុងកៀវ។

បើយោងតាមសារព័ត៌មាន European Pravda កាលពីថ្ងៃទី៩ខែមករា លោក Fico បាននិយាយថា ស្លូវ៉ាគី អាច«បញ្ឈប់ជំនួយមនុស្សធម៌ទាំងអស់ដល់អ៊ុយក្រែន សម្រេចចិត្តកាត់បន្ថយឬលុបចោលអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ជនភៀសខ្លួនអ៊ុយក្រែននៅស្លូវ៉ាគី ឬបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនីក្នុងគ្រាអាសន្ន»។
លោកក៏បានសង្កត់ធ្ងន់ថា ក្នុងកម្រិតនយោបាយ ស្លូវ៉ាគីអាចប្រើការវេតូរបស់ខ្លួនទាក់ទងនឹងការសម្រេចចិត្តមួយចំនួនក្នុងសហភាពអឺរ៉ុប។
យ៉ាងណាមិញ លោក Fico បានកត់សម្គាល់ថា ស្លូវ៉ាគីនឹងចាត់វិធានការបែបនេះ បើខ្លួនមិនមានជម្រើសផ្សេងទៀត។
កន្លងមក លោក Fico ធ្លាប់ត្រូវបានលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ចោទប្រកាន់ថាចង់ «ជួយ» លោក Vladimir Putin ដោយបន្តការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី។
ស្លូវ៉ាគី បានពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី ហើយបានលើកឡើងពីក្តីបារម្ភអំពីលទ្ធភាពនៃការបាត់បង់ការផ្គត់ផ្គង់ បន្ទាប់ពីកិច្ចសន្យាសម្រាប់ការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែន ផុតកំណត់នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤។
ត្បិតតែរុស្ស៊ីលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ឧស្ម័នធម្មជាតិរុស្ស៊ីនៅតែបន្តបង្ហូរតាមបណ្តាញបំពង់ប្រេងរបស់អ៊ុយក្រែន ទៅកាន់អឺរ៉ុប ក្រោមកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ។ បំពង់បង្ហូរប្រេងនេះ ត្រូវបានបង្កើតឡើងនៅពេលដែលអ៊ុយក្រែន និងរុស្ស៊ីជាផ្នែកមួយនៃសហភាពសូវៀត។
ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom អាចរកចំណូលពីឧស្ម័នរបស់ខ្លួន ហើយអ៊ុយក្រែនវិញទទួលបានចំណូលនៅលើថ្លៃដឹកជញ្ជូន។
មុនពេលសង្រ្គាម រុស្ស៊ីបានផ្គត់ផ្គង់ជិត ៤០% នៃឧស្ម័នធម្មជាតិរបស់សហភាពអឺរ៉ុប។ ឧស្ម័នទាំងនោះ ត្រូវបានបង្ហូរតាមបណ្ដាញបំពង់ចំនួន៤ ដោយមួយនៅក្រោមសមុទ្របាល់ទិក មួយឆ្លងកាត់បេឡារុសនិងប៉ូឡូញ មួយឆ្លងកាត់អ៊ុយក្រែន និងមួយទៀតនៅក្រោមសមុទ្រខ្មៅឆ្លងកាត់ពីតួកគីទៅកាន់ប៊ុលហ្គារី។
លុះបន្ទាប់ពីសង្គ្រាមបានចាប់ផ្តើម រុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ភាគច្រើនតាមរយៈបំពង់បង្ហូរប្រេងបាល់ទិក និងបេឡារុស-ប៉ូឡូញ ដោយលើកឡើងពីជម្លោះលើតម្រូវការសម្រាប់ការទូទាត់ជាប្រាក់រូប្លិ៍។ បំពង់បង្ហូរប្រេងបាល់ទិក ត្រូវបានបំផ្ទុះនៅក្នុងការវាយប្រហារមួយ។
ការកាត់ផ្តាច់របស់រុស្ស៊ី បណ្តាលឲ្យមានវិបត្តិថាមពលនៅអឺរ៉ុប។ អាល្លឺម៉ង់ បានចំណាយប្រាក់រាប់ពាន់លានអឺរ៉ូ បង្កើតស្ថានីយបណ្តែតទឹក ដើម្បីនាំចូលឧស្ម័នធម្មជាតិរាវដែលដឹកតាមកប៉ាល់ មិនមែនតាមបំពង់បង្ហូរប្រេងទេ។ ចំនួនអ្នកប្រើប្រាស់បានធ្លាក់ចុះនៅពេលតម្លៃបានកើនឡើង។ ដោយឡែក ប្រទេសន័រវែស និងសហរដ្ឋអាមេរិក បានដណ្ដើមក្ដាប់យកចំណែកទីផ្សារឧស្ម័នធម្មជាតិមួយផ្នែកធំជំនួសរុស្ស៊ី ដែលនាំឲ្យប្រទេសទាំង២បានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតនៅលើពិភពលោក៕
ដោយ៖ ឈាង
ចុចអាន៖ ការដឹកឧស្ម័នរបស់រុស្ស៊ីទៅអឺរ៉ុបឆ្លងកាត់អ៊ុយក្រែន ត្រូវបញ្ឈប់ជាផ្លូវការហើយ!
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


