ព័ត៌មានអន្ដរជាតិ
ក្រោយបទឈប់បាញ់អនុវត្ត ហ្គាហ្សាទទួលបានជំនួយច្រើនជាង ២ ៤០០ឡានក្នុងរយៈពេល៣ថ្ងៃ
កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២៥ រថយន្តជំនួយមនុស្សធម៌ជិត ៩០០គ្រឿងបានចូលក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលវាគឺជាថ្ងៃទី៣ នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ នេះនាំឲ្យចំនួនសរុបនៃឡានដឹកទំនិញចូលហ្គាហ្សាក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ មានដល់ជាង ២ ៤០០គ្រឿង។

ប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា ដែលបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងអំឡុងពេលនៃជម្លោះរយៈពេល១៥ខែមកទល់ពេលនេះ មិនទាន់បានជួបប្រទះបញ្ហាច្បាប់ និងសណ្តាប់ធ្នាប់ធំដុំអ្វីនោះទេ។
លោក Muhannad Hadi មន្ត្រីជាន់ខ្ពស់ផ្នែកជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្គាហ្សា និងតំបន់ West Bank បានរាយការណ៍ពីឧប្បត្តិហេតុតិចតួចប៉ុណ្ណោះនៃការលួចឆក់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មិនដូចកាលពីមុននោះឡើយ។ លោកបានកត់សម្គាល់ថា ទាំងនេះមិនមែនជាករណីឧក្រិដ្ឋកម្មទេ តួយ៉ាងដូចជា កុមារប៉ុនប៉ងយកកន្ត្រកអាហារ ឬមនុស្សព្យាយាមលួចទឹកដប។ លោកបានសម្តែងក្តីសង្ឃឹមថា ឧបទ្ទវហេតុទាំងនេះនឹងថយចុះនៅពេលដែលការផ្គត់ផ្គង់ជំនួយកើនឡើង ហើយប្រជាជនដឹងថាមានជំនួយគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានរាយការណ៍ថា រថយន្តជំនួយចំនួន ៨៩៧គ្រឿងបានចូលដល់តំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ ដែលជាការធ្លាក់ចុះបន្តិចពីចំនួន ៩១៥គ្រឿងកាលពីថ្ងៃមុន ប៉ុន្តែនៅតែលើសគោលដៅនៃរថយន្តចំនួន ៦០០គ្រឿងដែលត្រូវបានអនុញ្ញាតដោយកិច្ចព្រមព្រៀងបទឈប់បាញ់។ នេះរួមបញ្ចូលទាំងរថយន្តដឹកទំនិញសំខាន់ៗដូចជា អាហារ ប្រេង និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ។
បទឈប់បាញ់ចែងថា យ៉ាងហោចណាស់រថយន្តដឹកទំនិញចំនួន ៦០០គ្រឿង រួមទាំងប្រេងឥន្ធនៈចំនួន ៥០គ្រឿង គួរតែត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃសម្រាប់រយៈពេលប្រាំមួយសប្តាហ៍។ ពាក់កណ្តាលនៃរថយន្តដឹកទំនិញទាំងនេះ ត្រូវបានកំណត់សម្រាប់តំបន់ភាគខាងជើង ដែលគ្រោះទុរ្ភិក្សនឹងអាចកើតមានដោយសារតែជម្លោះ និងការបិទផ្លូវដែលកំពុងបន្ត។
ទោះបីជាមានការបញ្ជូនជំនួយជាបន្តបន្ទាប់ក៏ដោយ លោក Hadi បានព្រមានថា ប្រតិបត្តិការមនុស្សធម៌នៅតែបន្តប្រឈមមុខនឹងបញ្ហាសំខាន់ៗ ដូចជា ការបំផ្លិចបំផ្លាញបណ្តាញផ្លូវរបស់ហ្គាហ្សា ដែលបង្កឲ្យមានបញ្ហាដល់ការដឹកជញ្ជូនជំនួយ និងការរឹតបន្តឹងលើការផ្លាស់ទីរបស់ប្រជាជនហ្គាហ្សា។ អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគាំទ្របន្តដើម្បីដោះស្រាយតម្រូវការមនុស្សធម៌សំខាន់ៗ រួមមានជំនួយស្បៀងអាហារ ការបើកហាងនំប៉័ង ការផ្តល់ការថែទាំសុខភាព ការផ្គត់ផ្គង់ថ្នាំដល់ខាងមន្ទីរពេទ្យ ការជួសជុលបណ្តាញទឹក និងការសាងសង់ជម្រកឡើងវិញ។ ប្រតិបត្តិការនេះក៏មានគោលបំណងបង្រួបបង្រួមគ្រួសារដែលបែកបាក់គ្នាដោយជម្លោះផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


