Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ចប់តំណែងមន្ត្រីក្រសួងយុត្តិធម៌ច្រើនរូប ដែលចូលដៃស៊ើបអង្កេតលោក ត្រាំ

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃអង្គារទី២៨ខែមករាឆ្នាំ២០២៥ ក្រសួងយុត្តិធម៌អាមេរិក បានបញ្ចប់តំណែងមន្ត្រីច្រើនរូប​ ដែលចូលដៃក្នុងការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មសហព័ន្ធលើលោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតតែគេមិនដឹងច្បាស់ថាតើមន្ត្រីទាំងអស់នោះមានប៉ុន្មានរូបក៏ដោយ ប៉ុន្តែប្រភពខាងលើបញ្ជាក់ថា មិនក្រោម១០រូបទេ ហើយនៅក្នុងលិខិតបញ្ចប់តំណែងនោះ អគ្គរដ្ឋអាជ្ញាស្តីទីអាមេរិកលោក James McHenry បានសរសេរថា លោកមិនជឿឡើយថា ពួកគេជាមនុស្សអាចទុកចិត្តបានទៀត ក្នុងការបម្រើការងារដោយស្មោះត្រង់ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដោយសារតែពួកគេចូលដៃចូលជើង ក្នុងការកាត់ទោសប្រធានាធិបតីរូបនេះរួចទៅហើយ។

យ៉ាងណា គេដឹងថា ក្នុងនោះមានមន្ត្រីលេចធ្លោមួយរូបគឺរដ្ឋអាជ្ញាពិសេស Jack Smith ដែលធ្វើការក្នុងសម័យលោក ចូ បៃដិន។ លោក Smith គឺជាអ្នកដឹកនាំការកាត់ទោសសហព័ន្ធចំនួនពីរករណី ប្រឆាំងលោក ត្រាំ ដោយមួយករណី លើការចោទប្រកាន់ថាលោក ត្រាំ មានកាន់កាប់ឯកសារសម្ងាត់ ក្រោយអស់តំណែងជាប្រធានាធិបតីអាណត្តិដំបូង និងមួយករណីទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក ត្រាំ ដែលថា លទ្ធផលបោះឆ្នោតឆ្នាំ២០២០ ត្រូវបានគេលួចបន្លំ។

លោក  Jack Smith (រូបថត៖ Getty)

រឿងនេះកើតឡើងចំថ្ងៃតែមួយដែលមេធាវីស្តីទីរបស់លោក ត្រាំ ប្រចាំរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី លោក Ed Martin ចេញអនុស្សរណៈមួយ ដោយប្រកាសអំពី «គម្រោងពិសេស» ដើម្បីពិនិត្យមើលឡើងវិញនូវការកាត់ទោសរបស់ក្រសួងយុត្តិធម៌ករណីកុបកម្មនៅវិមានកាពីតូលកាលពីថ្ងៃទី៦ខែមករា។

លោក Martin បានណែនាំរដ្ឋអាជ្ញា ឲ្យផ្តល់ព័ត៌មាននិងព័ស្តុតាងទាំងអស់ ដែលគេយកទៅប្រើប្រាស់ដើម្បីដាក់ការចោទប្រកាន់លើក្រុមកុបករដូចជាឯកសារ អ៊ីមែល លិខិត និងព័ត៌មានផ្សេងទៀត។

រឿងនេះក៏ត្រូវបានគេមើលឃើញផងដែរថា ជាការប្រើធម៌ក្តៅរបស់លោក ត្រាំ លើក្រសួងយុត្តិធម៌ ចាប់តាំងពីការវិលត្រឡប់មកអង្គុយកៅអីសេតវិមានវិញ កាលពីសប្តាហ៍មុន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម